ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី ជិត ២ពាន់នាក់ នៅ OCIC

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាកច្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីសរុបជិត ២ពាន់នាក់ នៅព្រឹកថ្ងៃចន្ទទី០៦ ខែមីនា ឆ្នាំ២០២៣ ។

លោកបណ្ឌិត ណុប នរិន្ទ នាយកវិទ្យាស្ថានខ្មែរជំនាន់ថ្មី បានឱ្យដឹងថា សិស្ស និស្សិតដែលទទួលសញ្ញាបត្រនេះ រួមមានសិស្សវិជ្ជាជីវៈ និង និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី សរុបចំនួន ១,៧២៨នាក់ នារី ៦៨៤នាក់។ សិស្ស និស្សិតទាំងនេះ បានបញ្ចប់ការសិក្សា ក្នុងឆ្នាំសិក្សា២០១៨-២០១៩, ឆ្នាំសិក្សា២០២០-២០២១, និង ឆ្នាំសិក្សា២០២១-២០២២។ ក្នុងនោះមាននិស្សិតអាហារូបករណ៍សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតចំនួន ១៥៣នាក់ផងដែរ។

លោកបណ្ឌិត ណុប នរិន្ទ បានឱ្យដឹងថា វិទ្យាស្ថានខ្មែរជំនាន់ថ្មី បានបំពេញបេសក កម្មយ៉ាងសកម្ម ក្នុងការចូលរួមចំណែកកសាងធនធានមនុស្ស តាមរយៈការបណ្តុះ បណ្តាលសិស្សវិជ្ជាជីវៈ និងនិស្សិតកម្រិតបរិញ្ញាបត្ររង កម្រិតបរិញ្ញាបត្រ កម្រិត បរិញ្ញាបត្រជាន់ខ្ពស់ ទៅតាមផែនការយុទ្ធសាស្ត្ររបស់ខ្លួន ស្របតាមគោលនយោ បាយ និងផែនការយុទ្ធសាស្ត្ររបស់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាកម្មវិធីនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយសមត្ថភាព និង គុណភាព ក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និង ទស្សនវិស័យអភិវឌ្ឍន៍កម្ពុជាឱ្យទៅជាប្រទេសមានប្រាក់ចំណូល មធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។

បច្ចុប្បន្ន វិទ្យាស្ថានខ្មែរជំនាន់ថ្មី មានគណៈគ្រប់គ្រង បុគ្គលិក លោកគ្រូ អ្នកគ្រូ និងសាស្ត្រាចារ្យ ចំនួន ៣០៨នាក់ នារី ៩១នាក់, សិស្សវិជ្ជាជីវៈ និងនិស្សិតកំពុងសិក្សា ចំនួន ១,៦៥០នាក់ នារី ៧២៨នាក់។ ចំពោះលទ្ធផលនៃការបណ្ដុះបណ្ដាល គិតចាប់ពីឆ្នាំសិក្សា២០០២-២០០៣ ដល់ឆ្នាំសិក្សា២០២១-២០២២ កន្លងមកនេះ សិស្សវិជ្ជាជីវៈ និង និស្សិតកម្រិតបរិញ្ញាបត្ររង កម្រិតបរិញ្ញាបត្រ កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ បានបញ្ចប់ការសិក្សាសរុបចំនួន ២០,៣៩៩នាក់ នារី ៨,៨៩១ នាក់។ ក្នុងនោះគិតទាំងសិស្សវិជ្ជាជីវៈ និង និស្សិតជ័យលាភី ដែលត្រូវទទួលវិញ្ញាបនបត្រ និង សញ្ញាបត្រនាឱកាសនេះផងដែរ។

យោងតាមលទ្ធផលស្ទង់មតិបានបង្ហាញថា សិស្សវិជ្ជាជីវៈ និង និស្សិតជ័យលាភីនេះ អ្នកមានការងារធ្វើស្មើនឹង ៩៧.០៥ % ក្នុងនោះថ្នាក់វិជ្ជាជីវៈស្មើ ១០០%, ថ្នាក់បរិញ្ញាបត្ររង ស្មើ ៩៦.៦៤ %, ថ្នាក់បរិញ្ញាបត្រ ស្មើ ៩១.៩៣ % និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ស្មើ ១០០% ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner