សមិទ្ធផលដែលកម្ពុជាមាននាពេលបច្ចុប្បន្ន កើតចេញពីការយកជីវិតធ្វើជាដើមទុនរបស់ សម្តេចតេជោ ហ៊ុន សែន ដើម្បីប្ដូរយកជីវិតប្រជាជនកម្ពុជារាប់លាននាក់ ពីរបប ប៉ុល ពត

ភ្នំពេញ៖ ថ្លែងក្នុងពិធីបុណ្យកាន់អង្គ និងឆ្លងសមិទ្ធផលនានា នៅវត្តពោធិសុវណ្ណារាម ហៅវត្តត្រពាំងល្ពៅ ស្ថិតនៅភូមិត្រពាំងល្ពៅ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម នាថ្ងៃទី៤មីនា ឯកឧត្តម មុត ខៀវ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាន និងជាតំណាងឯកឧត្តម ហ៊ុន ម៉ានិត មានប្រសាសន៍ថា សមិទ្ធផលទាំងអស់ ដែលកម្ពុជាមានក្នុងពេលបច្ចុប្បន្ននេះ គឺកើតចេញពីការដែល សម្តេចតេជោ ហ៊ុន សែន បានយកជីវិតធ្វើជាដើមទុន ដើម្បីប្ដូរយកជីវិតប្រជាជនកម្ពុជារាប់លាននាក់ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នោះគឺជាព្រឹត្តការណ៍ប្រវត្តិសាស្ត្រមួយដែលប្រជាជនកម្ពុជាយើងទាំងអស់ ត្រូវតែចងចាំ គឺនៅថ្ងៃចន្ទ ទី២០ ខែមិថុនា ឆ្នាំ១៩៧៧ វេលាម៉ោង ២១យប់ សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ជា សហការីចំនួនបួនរូប បានភៀសខ្លួនចូលទៅប្រទេសវៀតណាម ដោយឆ្លងកាត់ចំការមីនដ៏គ្រោះថ្នាក់បំផុត និងឆ្លងកាត់ព្រំដែនដោយមិនខ្លាចការបាត់បង់ជីវិត ដើម្បីបង្កើតចលនាតស៊ូរំដោះជាតិ។ បន្ទាប់មកបានបង្កើតឡើងនូវរណសិរ្សសាមគ្គី សង្គ្រោះជាតិនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ និងបានវាយរំដោះប្រទេសជាតិ ចេញពីរបបខ្មែរក្រហមនៅថ្ងៃ ៧ មករា ១៩៧៩ នេះជាសច្ចភាពប្រវត្តិសាស្ត្រមួយ ដែលមិនអាចបំភ្លេចបាននោះទេ ។

ឯកឧត្តមមានប្រសាសន៍បន្តថា ការយកជីវិតធ្វើជាដើមទុនដ៏គ្រោះថ្នាក់បំផុត ក្នុងឋានៈជានាយករដ្ឋមន្តី គឺការធ្វើដំណើរចូលទៅក្នុងតំបន់ខ្មែរក្រហម ដើម្បីធ្វើសមាហរណកម្មកម្លាំងខ្មែរក្រហមមកក្នុងរាជរដ្ឋាភិបាល ព្រឹត្តការណ៍នេះ ក៏ត្រូវបានចារទុកនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលជាទិវានៃនយោបាយ ឈ្នះ ឈ្នះ ហើយឆ្នាំនេះក៏ជាខួបទី ២៥ ឆ្នាំ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ។ យើងអាចនិយាយបានថា បើគ្មានសម្តេចតេជោ ហ៊ុន សែន គឺគ្មានសុខសន្តិភាព និងការអភិវឌ្ឍនោះទេ ។

ជាមួយគ្នានោះ ឯកឧត្តមជំនួយការផ្ទាល់ បានក្រឿនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តចូលរួមអនុវត្តន៍ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត នូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្តិភាព ដើម្បីរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដែលជាកត្តាគន្លឹៈដែលផ្តល់ភាពអនុគ្រោះដល់ដំណើរការនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវិស័យផ្សេងៗទៀត ឲ្យកាន់តែមានការរីកចម្រើនស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណគ្រប់ដំណាក់កាលរបស់រាជរដ្ឋាភិបាលកម្ពុជា ។

ឯកឧត្តមបន្តថា ទោះបីយើងមានសន្តិភាព ស្ថិរភាពយ៉ាងរឹងមាំ ប៉ុន្តែសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បញ្ហាសុខមាលភាពរបស់ប្រជាពលរដ្ឋ និងការផ្តល់សេវាចាំបាច់នានា នៅតែជាបញ្ហាអាទិភាពដែលត្រូវយកចិត្តទុកដាក់ជាប្រចាំ ដើម្បីធានាឲ្យជនគ្រប់រូប និងសង្គមទាំងមូល មានសុវត្តិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា ចាប់តាំងពីពេលបច្ចុប្បន្នរហូតនេះ រហូតដល់ថ្ងៃបោះឆ្នោតសកលជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។

បើតាមលោក សំ ពិសិដ្ឋ អភិបាលស្រុកចំការលើ, វត្តពោធិសុវណ្ណារាម ហៅវត្តត្រពាំងល្ពៅ គឺជាទីអារាមមួយដែលបានកសាងឡើងកាលពីឆ្នាំ១៩៨១ រហូតមកដល់បច្ចុចប្បន្ននេះ ឆ្លងកាត់ព្រះគ្រូចៅអធិការចំនួន៦ព្រះអង្គរួចមកហើយ។ ព្រះវិហារវត្តពោធិសុវណ្ណារាម ហៅវត្តត្រពាំងល្ពៅ ធ្លាប់ត្រូវបានសម្តេចតេជោ អញ្ជើញបុណ្យបញ្ចុះខណ្ឌសីមា កាលពីអំឡុងឆ្នាំ២០០៣។

ឯកឧត្តម មុត ខៀវ បានឧបត្ថម្ភថវិកាផ្ទាល់ និងបានពី ២២លាន២សែន៦ម៉ឺនរៀល ក្នុងនោះបានមកពីសប្បុរសជនក្នុង និងក្រៅប្រទេស ។ជាមួយគ្នានេះ ឯកឧត្តមបានប្រគេនបច្ច័យផ្ទាល់ និងបានមកពីការចូលរួមពីឯកឧត្តម ហ៊ុន ម៉ានិត និងលោកជំទាវ សប្បរសជននានា ប្រមាណ ១ម៉ឺនដុល្លា ដើម្បីជួយកសាងសមិទ្ធផលនានា ក្នុងវត្តពោធិសុវណ្ណារាម ហៅវត្តត្រពាំងល្ពៅ ស្ថិតនៅភូមិត្រពាំងល្ពៅ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាមផងដែរ ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner