ក្រសួងមហាផ្ទៃ និងក្រសួងនគរបាលវៀតណាម បន្តកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំដោយផ្តោតទៅលើការបណ្តុះបបណ្តាលកងកម្លាំងនគរបាលនៃប្រទេសទាំងពីរ
ភ្នំពេញ ៖ នារសៀលថ្ងៃអាទិត្យ ១៤កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជួបសំណេះសំណាលជាមួយសិក្ខាកាមកំពុងសិក្សាតាមបណ្ដាគ្រឹះស្ថានបណ្ដុះបណ្ដាលនៅភូមិភាគខាងជើង នៃសាធារណរដ្ឋសង្គមនិយមវៀតណាមនៅមហាវិទ្យាល័យបង្ការ និងពន្លត់អគ្គិភ័យ។
មុនអញ្ជើញជួបសំណេះសំណាលជាមួយសិក្ខាកាមនគរបាលកម្ពុជា សម្ដេចក្រឡាហោម ស ខេង ព្រមទាំងគណៈប្រតិភូ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនៃគ្រឹះស្ថានបណ្ដុះបណ្ដាលនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីស្ដាប់របាយការណ៍ទូទៅ ពិសេសលើការងារអប់រំ និងបណ្ដុះបណ្ដាលនគរបាលកម្ពុជា ព្រមទាំងស្វែងយល់អំពីបទពិសោធថ្មីៗបន្ថែមទៀតពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាលកងកម្លាំងនគរបាលនៃប្រទេសទាំងពីរ ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជូនសិក្ខាកាមអំពីសារៈសំខាន់ស្នូលនៃដំណើរទស្សនកិច្ចរបស់សម្ដេច និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ មកកាន់សាធារណរដ្ឋសង្គមនិយមវៀតណាមនាពេលនេះ។ សម្ដេចបញ្ជាក់ថា ក្រសួងមហាផ្ទៃ និងក្រសួងនគរបាលវៀតណាម តែងរៀបចំកិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំជារៀងរាល់ឆ្នាំ ។
សម្ដេចក្រឡាហោម ស ខេង ក៏បានកោតសរសើរ និងលើកទឹកចិត្តខ្ពស់ចំពោះសិក្ខាកាមនគរបាលជាតិកម្ពុជាទាំងអស់ដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រទាំងទ្រឹស្ដី និងអនុវត្តការហ្វឹកហាត់ជាក់ស្ដែងលើមុខជំនាញដែលសាលា និងសាស្ត្រាចារ្យវៀតណាមបានអប់រំ និងបណ្ដុះបណ្ដាល។
សម្ដេចមានប្រសាសន៍ថា ការខិតខំប្រឹងប្រែងសិក្សារៀនសូត្រត្រូវតែបន្តគ្មានទីបញ្ចប់ និងថាក្រៅពីសាលារៀននោះ កន្លែងបំពេញភារកិច្ចទាំងនៅការិយាល័យ និងមូលដ្ឋានក៏ជាសាលារៀនដែរ។
សម្ដេចក៏បានផ្ដល់អនុសាសន៍ណែនាំសិក្ខាកាមទាំងអស់បង្កើនការគោរពវិន័យសាលាឱ្យបានត្រឹមត្រូវ ហើយជាមួយគ្នានេះត្រូវបន្តរក្សាភាពអត់ធ្មត់ តស៊ូ និងព្យាយាមសិក្សារៀនសូត្រឱ្យបានពូកែ និងស្ទាត់ជំនាញ ទាំងទ្រឹះស្ដី និងការហ្វឹកហាត់ជាក់ស្ដែង។ សម្ដេចបានបង្ហាញក្ដីសង្ឃឹមថាសិក្ខាកាមទាំងអស់នឹងក្លាយជាធនធានមនុស្សដ៏មានសក្ដានុពលក្នុងជួរកងកម្លាំងនគរបាលជាតិ បន្ទាប់ពីបញ្ចប់ការសិក្សាដោយជោគជ័យនៅប្រទេសវៀតណាម។
សម្ដេចក្រឡាហោម ស ខេង ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងក្នុងនាមក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណរដ្ឋាភិបាល និងក្រសួងនគរបាលវៀតណាម ព្រមទាំងសាស្ត្រាចារ្យ និងគ្រូនគរបាលនៃប្រទេសវៀតណាម ដែលបានផ្ដល់ការគាំទ្រសម្រាប់កិច្ចសហប្រតិបត្តិការ និងបណ្ដុះបណ្ដាលនគរបាលជាតិកម្ពុជាទាំងនាពេលកន្លងមក នាពេលនេះ និងគម្រោងកិច្ចសហប្រតិបត្តិការនាពេលអនាគត ។
សូមបញ្ជាក់ថាមុខជំនាញដែលសិក្ខាកាមនគរបាលកម្ពុជាកំពុងសិក្សាតាមបណ្ដាគ្រឹះស្ថានបណ្ដុះបណ្ដាលនៅភូមិភាគខាងជើង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម រួមមានផ្នែកសន្តិសុខ ផ្នែកបច្ចេកវិទ្យាព័ត៌មាន ផ្នែកបច្ចេកទេសអេឡិចត្រូនិក ផ្នែកបង្កានិងពន្លត់អគ្គិភ័យ ផ្នែកពន្ធនាគារ និងផ្នែកបច្ចេកវិទ្យានិងទូរគមនាគមន៍។ សិក្ខាកាមសរុបមានចំនួន ៧៦នាក់ ។ សម្ដេចក៏បានផ្ដល់អំណោយលើកទឹកចិត្តមួយចំនួនជូនសិក្ខាកាមផងដែរ ៕ ដោយ-រ៉ាវុធ