ក្រុមអត្តពលិកកីឡាការិនីបាល់បោះរទេះជនពិការកម្ពុជា – ជប៉ុន ជួបផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកដើម្បីភាពរីកចម្រើន

ភ្នំពេញ ៖ ក្រុមអត្តពលិកកីឡាការិនីបាល់បោះរទេះជនពិការកម្ពុជាបាន ចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ «JENESYS» នៅប្រទេសជប៉ុន ក្នុងគោលបំណងពង្រឹងនិងពង្រីកភាពយោគយល់គ្នារវាងប្រទេសទាំងពីរ ក្រុមអត្តពលិកកីឡាការិនីរបស់កម្ពុជាដែលមានសមាជិក ១៥នាក់ បានចូលរួមវគ្គហាត់សមរួមគ្នាជាមួយក្រុម Kyushu Dolphin ដែលជាក្រុមកីឡាការិនីបាល់បោះរទេះជនពិការរបស់ជប៉ុនផ្តោះប្តូរយុទ្ធសាស្រ្តថ្មីៗក្នុងការលេងជាក្រុម និងរៀនសូត្រពីគ្នាទៅវិញទៅមក។

ជាមួយគ្នានេះ អ្នកស្រី សៀង សុខចាន់ ដែលជាប្រធានក្រុម បានថ្លែងអំណរគុណចំពោះកម្មវិធី JENESYS ដោយរៀបរាប់ថា “យើងខ្ញុំសូមថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីម្ចាស់ផ្ទះជប៉ុន និងបទពិសោធន៍ផ្លាស់ប្តូរវប្បធម៌រវាងគ្នា។ យើងសង្ឃឹមថានឹងនាំមកវិញនូវអ្វីដែលយើងបានរៀនដល់ក្រុមរបស់យើងនៅកម្ពុជា និងកែលម្អការអនុវត្តក្រុមរបស់យើង។”

ក្រុមកីឡាការិនីកម្ពុជាក៏មានឱកាសទទួលបានបទពិសោធន៍ថ្មីអំពីវប្បធម៌ជប៉ុន ការចុះទស្សនាកន្លែងនានាដូចជា សារមន្ទីរអូឡាំពិកជប៉ុន ប្រាសាទ និងភោជនីយដ្ឋានបែបប្រពៃណីជប៉ុន ព្រមទាំងបានចូលរួមក្នុងពិធីលៀងតែបែបប្រពៃណីជប៉ុនផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ ប្រធានសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា បានមានប្រសាសន៍ថា “យើងជឿជាក់ថា កីឡាមានថាមពលក្នុងការបង្រួបបង្រួមមនុស្ស និងលើកកម្ពស់បរិយាប ន្ន និងមោទកភាពជាតិ។ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា ខ្ញុំជឿជាក់ថា ក្រុមជម្រើសកម្ពុជានឹងធ្វើបានល្អក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នាពេលខាងមុខនេះ។”

កម្មវិធី JENESYS គឺជាកម្មវិធីមួយដែលត្រូវបានផ្ដួចផ្ដើមដោយរដ្ឋាភិបាលជប៉ុនក្នុងគោលបំណងលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងទំនាក់ទំនងរវាងពលរដ្ឋជប៉ុនជាមួយនឹងបណ្ដាប្រទេសដែលចូលរួម។ គូសបញ្ជាក់ថា ក្រុមកីឡាការិនីបាល់បោះរទេះជនពិការកម្ពុជាត្រូវបានទទួលស្វាគមន៍ដោយ ឯកឧត្តម Ueno Atsushi ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីជូនដំណើរដែលប្រព្រឹត្តនៅស្ថានទូតជប៉ុន។ ក្រុមកីឡាការិនីកម្ពុជា បានសម្តែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះស្ថានទូតជប៉ុនក្នុងការគាំទ្រការស្តារនីតិសម្បទា និងសង្គមរបស់ប្រទេសកម្ពុជា។

ជាមួយនឹងការគាំទ្រពីគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម និងមូលនិធិព្រីនស៍ ក្រុមជម្រើសជាតិរបស់កម្ពុជា បាននិងកំពុងរៀបចំខ្លួនសម្រាប់ព្រឹត្តិការណ៍ ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសកម្ពុជាក្នុងឆ្នាំនេះ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner