ឯកឧត្តម ហ៊ីង ប៊ុនហៀង៖ ស្រី្តកម្ពុជាជាកម្លាំងចលកររួមចំណែក នៃកំណើនសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ប្រទេសជាតិ

ខេត្តកណ្តាល៖ ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានថ្លែងថា ស្រី្តកម្ពុជាជាកម្លាំងចលកររួមចំណែក នៃកំណើនសេដ្ឋកិច្ច ស្រ្តីមានកាលានុវត្តភាពក្នុងការអនុវត្តសិទ្ធិអភិវឌ្ឍន៍ចំណេះដឹងជំនាញ បច្ចេកទេស ដែលជាមូលដ្ឋានគ្រឹៈក្នុងការចូលរួមប្រកួតប្រជែង ប្រកបដោយសក្ដានុពលនៅក្នុងទីផ្សារសេដ្ឋកិច្ចជាតិនិងក្នុងតំបន់ហើយរួមចំណែក យ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រនិងងាយរងគ្រោះ។

ឯកឧត្ដម បានថ្លែងដូចនេះខណៈ អញ្ជើញរួមគ្នា ជាមួយស្រ្តីស្រុកកណ្ដាលស្ទឹង ១៨ឃុំ និងស្រ្តីបញ្ជាការដ្ឋានអង្គរក្ស ជាង ១ពាន់នាក់ ក្នុងឱកាសអបអសាទរខួបលើកទី១១២ ទិវានារីអន្តរជាតិ ៨មីនា ក្រោមប្រធានបទ ” ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល ” រសៀលថ្ងៃទី៦មិនានៅទីបញ្ជាការដ្ឋានអង្គរក្សក្រុងតាខ្មៅខេត្តកណ្ដាល។

ឯកឧត្តម ហ៊ីង ប៊ុនហៀង បានបន្តថា ស្រ្តីជាឆ្អឹងខ្នងនៃការ អភិវឌ្ឍសេដ្ឋកិច្ចសង្គម ចំពោះការងារបញ្រ្ជាបយេនឌ័រ ដែលជាកិច្ចការអន្តរវិស័យ ក្នុងការធានាបាននូវចីរភាព នៃសុខសន្តិភាព និងពន្លៀនល្បឿននៃកិច្ចអភិវឌ្ឍន៍ជាតិជាពិសេសក្នុងយុគសម័យឌីជីថល និងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។

ឯកឧត្ដមបានបញ្ជាក់ថា រាជរដ្ឋាភិបាលបាននឹងកំពុងផ្ដោតការដោះស្រាយគំលាតយេនឌ័រក្នុងវិស័យឌីជីថល ជាពិសេសបង្កើនការចូលរួមរបស់ស្រ្តីក្នុងវិស័យឌីជីថល ការប្រើប្រាស់បច្ចេកវិទ្យាដោយប្រសិទ្ធភាព ការអប់រំនិងចំណេះដឹង និងជំនាញផ្នែកវិទ្យាសាស្រ្តបច្ចេកវិទ្យា វិស្វកម្ម សិល្បៈ ការច្នៃប្រឌិត និងគណិតវិទ្យា ។ កត្តាសំខាន់គឺការពារសន្តិភាព ថែរក្សាសន្តិភាពឱ្យបានគង់វង្ស ហើយស្រ្តីក៏មានតួនាទីចូលរួមថែរក្សាសន្តិភាពការពារសន្តិភាពដែលមាននាពេលសព្វថ្ងៃនេះ។ សន្តិភាពមានតម្លៃណាស់ដើម្បីជំរុញនូវការអភិវឌ្ឍប្រទេសជាតិជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋកូនចៅជំនាន់ក្រោយៗ ខ្លួនឯង គ្រួសារនិងសង្គមជាតិ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ហ៊ីង ប៊ុនហៀងនិងលោកជំទាវ បានជូនវត្ថុអនុស្សាវរីយ៍ម្នាក់ទទួលបានសារុង១ អាវ១ និង ថវិកា ៥ម៉ឺនរៀលសម្រាប់អ្នកចូលរួមជាង ១ពាន់នាក់ ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner