សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនចុះហត្ថលេខាលើកលែងទោសដល់អ្នកនយោបាយដែលមានទោសព្រហ្មទណ្ឌឡើយ និងស្នើសុំឱ្យបរទេសទាំងឡាយ គោរពសេចក្តីថ្លៃថ្នូរបស់ប្រជាជនកម្ពុជាផង
ភ្នំពេញ៖ ក្នុងពិធីអបអរសាទរទិវានារី អន្តរជាតិ ៨ មីនា ខួបលើកទី១១២ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សម្តចឈប់ចុះហត្ថលេខាស្នើសុំការលើកលែងទោសដល់អ្នកនយោបាយដែលមានទោសព្រហ្មទណ្ឌនោះឡើយ។
សម្តេចតេជោ បានបញ្ជាក់ថា ប្រសិនបើសម្តេចមានការយោគយល់ចំពោះអ្នកនយោបាយដែលមានទោសព្រហ្មទណ្ឌ គឺមានតម្លៃស្មើតិរិច្ឆាន ដោយសារពួកគេមួយចំនួននោះ បានប្រព្រឹត្តអំពើប្រមាថមើលងាយជូរជាតិ ហួសពីសត្វតិរិច្ឆានទៅទៀត ។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានស្នើសុំឱ្យបរទេសទាំងឡាយ ត្រូវគោរពសេចក្តីថ្លៃថ្នូរបស់ប្រជាជនកម្ពុជាផង។ សម្តេច បានបញ្ជាក់ទៅកាន់បណ្ដាតំណាងស្ថានទូត និងបរទេសមួយចំនួនថា នាអំឡុងពេលដែលគ្រួសារសម្ដេចតេជោ និងភរិយាសម្ដេច កំពុងសម្រក់ទឹកភ្នែកដោយការបាត់បង់ប្អូនស្រី បែរជាមានជនអាក្រក់នៅក្រៅប្រទេសមួយចំនួន មកប្រមាថដល់ភរិយា និងគ្រួសារសម្ដេចទៅវិញ។
សម្តេចតេជោ ហ៊ុន សែន ក៏បានចោទសួរទៅទូតទាំងអស់ថា តើរឿងនេះអស់លោកបរទេសអាចទទួលយកបានទេ?
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ចំពោះការប្រមាថមើលងាយទៅលើសូម្បីតែអ្នកដែលបានស្លាប់ទៅហើយនោះ គឺការអនុវត្តច្បាប់ ត្រូវតែមានចំពោះជនទាំងនោះ ហើយសុំបរទេសទាំងឡាយ កុំចោទថា សម្តេចគឺជាជនផ្តាច់ការ ពីព្រោះរឿងនេះ មិនអាចទទួលយកបានជាដាច់ខាត៕
អត្ថបទ៖ វណ្ណាលុក, រូបភាព វ៉េង លឹមហួត និង សួង ពិសិដ្ឋ