អភិបាលខេត្តសៀមរាប គ្រោងបង្កើតឱ្យមានទីកន្លែងសម្រាប់ ថែទាំកុមារ របស់មន្ត្រីសាលាខេត្ត
សៀមរាប៖ អភិបាលខេត្តសៀមរាបឯកឧត្តម ទៀ សីហា បានលើកឡើងថា រដ្ឋបាលខេត្តគ្រោងបង្កើតឱ្យមានទីកន្លែងសម្រាប់ថែទាំកុមាររបស់មន្ត្រីសាលាខេត្ត និងរួមទាំងទីកន្លែងអាហារសម្រាប់មន្ត្រីដែលមានទីលំនៅ ឆ្ងាយផង ដែរ។ការថ្លែងបែបនេះនាឱកាសអបអរសាទរខួបលើកទី១១២ ទិវា អន្តរជាតិ នារី ៨ មីនា ២០២៣ ក្រោមមូលបទ «រួមគ្នារក្សាសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» នាសាលាខេត្តសៀមរាប កាលថ្ងៃទី៦ ខែមីនា ដោយមានអ្នកចូលរួមប្រមាណ ១០០នាក់។
ឯកឧត្តម ទៀ សីហា លើកឡើងនាឱកាសនោះថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងគាំទ្រ ជំរុញឱ្យមានការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន ដើម្បីវឌ្ឍនភាពសង្គមឆ្ពោះទៅការលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្រ្តី ក៏ដូចជាសុខុមាលភាពសង្គម ដោយធ្វើការទប់ស្កាត់ និង កាត់បន្ថយអហិង្សា ព្រមទាំងដោះស្រាយជម្លោះនានាដោយសន្តិវិធី។
ឯកឧត្តមបានបន្ថែមថា ស្រ្តីជាឆ្អឹងខ្នង នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការងារ បញ្ជ្រាបយេនឌ័រ ជាកិច្ចការអន្តរវិស័យក្នុងការធានាចីរភាពនៃសន្តិភាព និង អភិវឌ្ឍដូចមានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាពក្នុងការកសាងមូលដ្ឋាន ឆ្ពោះ ទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសដែលមានចំណូល មធ្យមកម្រិតខ្ពស់ និងនៅឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់ ។
ឯកឧត្តមអភិបាលខេត្តក៏បានរំលេចឱ្យឃើញផងដែរថា បើគ្មានសន្តិភាព យើងមិនអាចធ្វើការជួបជុំគ្នា និងមិនមានការអភិវឌ្ឍលើគ្រប់វិស័យដូច សព្វថ្ងៃ នេះដែរ ហើយសិទ្ធិ និងតម្លៃនៃសន្តិភាពធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍ រហូតមកដល់បច្ចុប្បន្ន ដើមី្បជួយសម្រួលនូវទុក្ខលំបាករបស់ បងប្អូននារី ជាមន្ត្រី បុគ្គលិក កម្មករនៅសាលាខេត្តសៀមរាប។ នៅពេលខាងមុខនេះ យើងនឹងបង្កើតឱ្យមាន ទីកន្លែងសម្រាប់ថែទាំកុមាររបស់មន្ត្រីសាលាខេត្ត និងទីកន្លែងអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយៗទៀតផង។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក សឹង សែនករុណា បានឱ្យដឹងថា ការរៀបចំបង្កើតឱ្យមានកន្លែងសម្រាប់ថែទាំទារក ឬកុមារ ដែលត្រូវជាកូនរបស់មន្ត្រីរាជការ គឺវាជារឿងដែលល្អ ដែលថ្នាក់ដឹកនាំ មាន ការគិតគូរចំពោះបញ្ហាទាំងនេះ។
លោកបន្តថា ការធ្វើនេះក៏មិនមែនតែសម្រាប់ខេត្តសៀមរាបមួយនោះទេ ថ្នាក់ដឹកនាំខេត្តផ្សេងក៏ត្រូវតែគិតគូរបញ្ហានេះដែរ ដើម្បីជាការសម្រួល និងជួយទៅដល់បុគ្គលិក ឬក៏មន្ត្រីរាជការដែលជាស្ដ្រីមានកូនតូចៗ នឹងបានទាំងធ្វើការនៅកន្លែងស្ថាប័នផង និងព្រមទាំងបានថែរក្សាកូនៗ របស់ពួកគាត់ផងដែរ។
លោក សឹង សែនករុណា បានបញ្ជាក់ថា ក្រៅពីបង្កើតកន្លែងសម្រាប់ ថែទាំទាំងនេះហើយ ក្នុងនោះក៏គួរតែទុកពេលវេលាឱ្យ ពួកគាត់អាច មានពេលបំបៅកូន និងរួមទាំងមានអ្នកជួយមើលថែទាំកូនៗរបស់ ពួកគាត់បន្ថែមទៀត នៅពេលដែលពួកគាត់ត្រូវត្រឡប់ទៅធ្វើការ វិញផងដែរ។
លោក សឹង សែនករុណា លើកឡើងថា ជាទូទៅខ្ញុំមានការពេញ ចិត្ត ចំពោះការរៀបចំបែបហ្នឹង ដែលខាងអង្គការសង្គមស៊ីវិលយើង មួយ ចំនួនក៏បានគិតគូររៀបចំដែរ។ អ៊ីចឹងវាជាការរួមចំណែកក្នុង ការលើក ស្ទួយសិទ្ធិស្ដ្រី ដើម្បីជាការសម្រាលបន្ទុករបស់ពួកគាត់ដែរ ទាំងគាត់ បានឱកាសបម្រើការងារស្ថាប័ន និងទាំងបានប្រយោជន៍ទាំងអស់គ្នា។ មួយវិញទៀត ខ្ញុំគិតថា ក៏មិនគួរតែធ្វើនៅក្នុងខេត្តសៀមរាប ឬពាក់ព័ន្ធត្រឹម រដ្ឋបាលខេត្តនេះដែរ តែត្រូវធ្វើសម្រាប់ទាំងអស់គ្នា។
យោងតាមការអង្កេតសុខភាព និងប្រជាសាស្ត្រ បានឱ្យដឹងថា ឆ្នាំ២០១០ កម្ពុជាធ្លាប់ជាប្រទេសដែលមានអត្រានៃការបំបៅកូនដោយទឹកដោះម្តាយខ្ពស់រហូតដល់៧៤ភាគរយ នៃទារកក្រោមអាយុ៦ខែ បានបៅទឹកដោះម្តាយ ប៉ុន្តែ៤ឆ្នាំក្រោយមក នៅឆ្នាំ២០១៤ អត្រានេះធ្លាក់ចុះមកត្រឹម ៦៥ភាគរយ និងនៅតែបន្តការធ្លាក់ចុះនៅ៥១ភាគរយ នៅឆ្នាំ២០២២៕
ដោយ៖ជា សុខនី