ឯកឧត្តម នេត្រ ភក្ត្រា ៖ ប្រជាពលរដ្ឋត្រូវចូលរួមការពារសុខសន្តិភាព ដើម្បីកម្ពុជាបន្តការអភិវឌ្ឍប្រទេសឱ្យរីកចម្រើនរុងរឿង

ខេត្តកំពត ៖ «យើងទាំងអស់គ្នាជាប្រជាពលរដ្ឋត្រូវចូលរួមការពារសុខសន្តិភាព ដើម្បីកម្ពុជាបន្តការអភិវឌ្ឍប្រទេសឱ្យរីកចម្រើនរុងរឿងសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលប្រែក្លាយកម្ពុជាពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាបទៅប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០»។ នេះគឺជាការគូសបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន សមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពត និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋាន ក្រុងបូកគោ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងឱកាសចូលរួមជាអធិបតីវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋនៅ ក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពតនៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថាសុខសន្តិភាពដែលកម្ពុជាមានបច្ចុប្បន្ននេះរកបានដោយមកលំបាក, ថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានយកជីវិតធ្វើជាដើមទុនដើម្បីសង្គ្រោះជាតិនិងប្រជាជនចេញពីរបបខ្មែរក្រហម បញ្ចប់សង្គ្រាមស៊ីវិលនិងនាំយកសុខសន្តិភាព ពេញលេញក្រោមការអនុវត្តនយោបាយឈ្នះឈ្នះដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។ កត្តាសុខសន្តិភាពនេះហើយដែលអនុញ្ញាតឱ្យកម្ពុជាអាចអភិវឌ្ឍប្រទេសរីកចម្រើនលើគ្រប់វិស័យ បង្កើតការងារ ផ្តល់ចំណូល និងមានកំណើនសេដ្ឋកិច្ច ជីវភាពប្រជាពលរដ្ឋមានការរីកចម្រើន។ ឯកឧត្តមមានប្រសាសន៍ ថា៖«យើងទាំងអស់គ្នាចាំបាច់ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីការពារឱ្យបាននូវសុខសន្តិភាពនេះ ឱ្យខាងតែបាន និងប្រឆាំងដាច់ខាតចំពោះការប៉ុនប៉ងណាមួយរបស់ក្រុមជនអគតិនិងបរទេសក្នុងការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា ការធ្វើបដិវត្តន៍ពណ៌បំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជាមាននេះឡើយ»។

តាមរយៈវេទិកាសាធារណៈ ក្នុងវេទិកានេះដែរ ក្រុមការងារបានដោះស្រាយនូវសំណើនិងសំណូមពររបស់ប្រជាពលរដ្ឋមូលដ្ឋានបានជាច្រើនករណី។ បងប្អូនប្រជាពលរដ្ឋសង្កាត់ព្រែកត្នោតបានបង្ហាញការពេញចិត្តចំពោះការអនុវត្ត គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារនិងថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសឱ្យរីកចម្រើន និងបង្ហាញពីការគាំទ្ររាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងជាពិសេសគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាល ទី៧ និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់អនាគត។ ប្រជាពលរដ្ឋក៏បានគោរពថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលបានដាក់ចុះនយោបាយវ៉ាក់សាំងសង្គ្រោះប្រជាពលរដ្ឋពីរណ្តៅមរណៈនៃជំងឺឆ្លងកូវីដ១៩ និងបានដាក់ចុះនូវគោលនយោបាយគាំពារសង្គមចំពោះប្រជាពលរដ្ឋ ដែលងាយរងគ្រោះពីវិបត្តិនៃជំងឺកូវីដ១៩ និងវិបត្តិអតិផរណា និងការដោះស្រាយបញ្ហាផ្សេងៗទៀតដែលបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន សមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពត និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានក្រុងបូកគោ បានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋដែលបានផ្តល់នូវគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ចំពោះគណបក្សប្រជាជនកម្ពុជា និងតែងតែបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាគ្រប់ពេលបោះឆ្នោតដើម្បីផ្តល់លទ្ធភាពឱ្យគណបក្សប្រជាជនកម្ពុជាបន្ត ការបម្រើប្រជាពលរដ្ឋ។

ឯកឧត្តមបានគូសបញ្ជាក់ថាមានតែរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះដែលបានថែរក្សាការពារបាននូវសុខសន្តិភាព នាំមកនូវការអភិវឌ្ឍ នាំមកនូវការវិនិយោគទុន ទាំងជាតិនិងអន្តរជាតិមកវិនិយោគនៅកម្ពុជា និងបានកសាងហេដ្ឋរចនាសម្ព័ន្ធសម្បូណ៌បែបសម្រាប់សង្គមជាតិ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner