ប្រធាន គ.ជ.ប ដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចលើឯកសារមួយចំនួនពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧

ភ្នំពេញ៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដឹកនាំកិច្ចប្រជុំ នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ដើម្បីពិនិត្យ និងសម្រេចលើឯកសារមួយចំនួនពាក់ព័ន្ធ នឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ដែលទើបបង្កើតថ្មី និងឯកសារពាក់ព័ន្ធនឹងការប្រឡងជ្រើសរើសសមាសភាពគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប)។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើឯកសារម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានសម្រេចកែសម្រួលខ្លឹមសារលើឯកសារមួយចំនួន និងបានឯកភាពជាគោលការណ៍លើឯកសារទាំងនោះ រួមមាន៖
១-សេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការសម្របសម្រួលកម្មវិធីផ្សព្វផ្សាយអប់រំ អ្នកបោះឆ្នោត និងផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនយោបាយ សម្រាប់ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។
២-ឯកសារសម្រាប់រៀបចំកម្មវិធីផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។
៣-ឯកសារបោះពុម្ពផ្សាយ ចំនួន៣មុខ សម្រាប់ប្រើប្រាស់ និងផ្សព្វផ្សាយក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ រួមមាន៖
•ខិត្តបណ្ណអំពីគំរូឯកសារផ្លូវការសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣
•ខិត្តបណ្ណស្តីពីការបោះឆ្នោតដោយសម្ងាត់ សេរី យុត្តិធម៌ និងតម្លាភាព
•សៀវភៅផ្នត់សម្រាប់អប់រំអ្នកបោះឆ្នោត។
៤-សេចក្តីណែនាំ ស្តីពីការហែក្បួនឃោសនាបោះឆ្នោត និងការធ្វើសកម្មភាពចែកខិត្តបណ្ណនៅក្នុងផ្សាររបស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូន ក្នុងខេត្តកណ្តាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ ក្នុងខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ ក្នុងខេត្តក្រចេះ។
៥-ឯកសារពាក់ព័ន្ធនឹងបណ្ណព័ត៌មានអ្នកបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ រួមមាន៖
•សេចក្តីសម្រេច ស្តីពីការផលិត និងការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត
•ប្រតិទិននៃការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត
•គំរូបណ្ណព័ត៌មានអ្នកបោះឆ្នោត
•ទម្រង់របាយការណ៍ស្តីពីការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត។
៦-ទម្រង់សន្លឹកឆ្នោតគំរូសម្រាប់ប្រើក្នុងការបណ្តុះបណ្តាលមន្ត្រីបោះឆ្នោត និងអប់រំអ្នកបោះឆ្នោត និងទម្រង់សន្លឹកឆ្នោត សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។
៧-ឯកសារចំនួន ៨ច្បាប់ ពាក់ព័ន្ធនឹងការប្រឡងជ្រើសរើសសមាសភាពគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។

តាមស្មារតីនៃអង្គប្រជុំក្នុងអំឡុងខែមេសា ខាងមុខនេះ គ.ជ.ប នឹងធ្វើការជ្រើសរើសសមាសភាពគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត នៅទូទាំងប្រទេស សរុបចំនួន ៨.៣៤២រូប ដែលជាមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី សម្រាប់បម្រើការងារក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣៕
ដោយ៖ពលជ័យ
រូបថត៖គ.ជ.ប

ads banner