កម្ពុជា-ជប៉ុន នឹងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យរក្សាសន្តិភាព និងសកម្មភាពកម្ចាត់មីន
ភ្នំពេញ៖ កម្ពុជា បង្ហាញពីគំរូដ៏ល្អនៅក្នុងវិស័យសន្តិភាព និងសន្តិសុខ អន្តរជាតិ ហើយត្រូវបានទទួលស្គាល់ថា ជាអ្នកផ្តល់សន្តិភាព។ នេះគឺជា ការកោតសរសើររបស់ឯកឧត្តម កាណូ តាគេហ៊ីរ៉ូ (KANO Takehiro) អគ្គនាយកនៃទីស្នាក់ការកិច្ចសហប្រតិបត្តិការសន្តិភាពអន្តរជាតិ នៃ គណៈរដ្ឋមន្រ្តីជប៉ុន ក្នុងឱកាសដែលឯកឧត្តម បានចូលជួបសម្តែង ការគួរ សម ជាមួយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ នាទីស្តីការ ក្រសួង។
ក្នុងឱកាសនេះភាគីទាំងពីរ បានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងទ្វេ ភាគីដ៏រឹងមាំ ដែលត្រូវបានដំឡើងដល់កម្រិត “ដៃគូយុទ្ធសាស្រ្តគ្រប់ ជ្រុង ជ្រោយ” នៅក្នុងឆ្នាំនេះ។ ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាផងដែរអំពីភាពជា ដៃគូក្នុងកិច្ចការរក្សាសន្តិភាព និងសកម្មភាពកម្ចាត់មីន នៅក្នុងក្របខ័ណ្ឌ ទ្វេភាគី ត្រីភាគី និងអង្គការសហប្រជាជាតិ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានរំលឹកឡើងវិញជាមួយសេចក្តី អំណរគុណ ចំពោះការរួមចំណែកដ៏សំខាន់របស់កងកម្លាំងស្វ័យការពារជប៉ុន នៅក្នុង ដំណើរ ការរក្សាសន្តិភាព ក៏ដូចជា ការគាំទ្ររបស់ជប៉ុនជាបន្តបន្ទាប់ សម្រាប់ ការកសាងឡើងវិញ និងការអភិវឌ្ឍគ្រប់ជ្រុងជ្រោយរបស់កម្ពុជា។
ឯកឧត្តមអគ្គនាយក បានបញ្ជាក់ពីការត្រៀមខ្លួនរបស់ជប៉ុន ធ្វើការជាមួយ កម្ពុជា ដែលនឹងធ្វើជាប្រទេសម្ចាស់ផ្ទះរៀបចំ “កម្មវិធីភាពជាដៃគូត្រីភាគី របស់ អង្គការសហប្រជាជាតិ” នៅឆ្នាំ ២០២៤ ដើម្បីពង្រឹងសមត្ថភាពវិស្វកម្ម ក្នុងតំបន់ នៅក្នុងបេសកកម្មរក្សាសន្តិភាព។
ភាគីទាំងពីរ បានគូសបញ្ជាក់ជាថ្មី អំពីការប្តេជ្ញាចិត្ត ក្នុងការពង្រីកកិច្ច សហការបន្ថែមទៀត នៅក្នុងវិស័យសន្តិភាព និងសន្តិសុខអន្តរជាតិ តាមរយៈការបណ្តុះបណ្តាល និងការផ្តល់គ្រឿងបរិក្ខារ។
ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់មួយចំនួនផងដែរ។
ឯកឧត្តមអគ្គនាយក បានសាទរចំពោះជោគជ័យរបស់កម្ពុជា ក្នុងនាម ជាប្រធានអាស៊ាន និងតួនាទីដ៏លំបាករបស់ប្រេសិតពិសេសរបស់ប្រធាន អាស៊ាន ស្ដីពីមីយ៉ាន់ម៉ា កាលពីឆ្នាំមុន និងបានសង្កត់ធ្ងន់ថា កិច្ចខិតខំប្រឹង ប្រែង ដ៏ធំធេងរបស់កម្ពុជា ត្រូវបានទទួលស្គាល់យ៉ាងច្បាស់ ដោយប្រទេស ជប៉ុន និងសហគមន៍អន្តរជាតិ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ សួង ពិសិដ្ឋ