ខេត្តពោធិ៍សាត់ក្នុងសម័យសន្តិភាពរបស់សម្តេចតេជោសែន (Video Inside)
អភិបាលខេត្តពោធិ៍សាត់លោក ខូយ រីដា បានថ្លែងនូវគម្រោងចង់ប្រែក្លាយស្រុកវាលវែង ដែលដាច់ស្រយាលជាក្រុងមួយនៃតំបន់សេដ្ឋកិច្ច។ ស្រុកវាលវែង គឺជាតំបន់មួយដែលជាប់នឹងព្រំដែនថៃ និងដែលពីអតីតកាលជាទីដាច់ស្រយាលមួយដែលអ្នកធ្វើដំណើរទៅកាន់ស្រុកវាលវែងនោះ តែងត្អូញត្អែរនឹងការលំបាកដោយសារតែចំណោទផ្លូវធ្វើដំណើរ។ លោកអភិបាលខេត្ត ខូយ រីដា ថ្លែងក្នុងសន្និសីទកាសែតមួយនាទីស្តីការគណរដ្ឋមន្ត្រីនៅថ្ងៃទី៧មីនា បានថ្លែងថាស្រុកវាលវែងមិនដូចជាស្រុកដាច់ស្រយាលដូចពីមុននោះទៀតឡើយ។
ខេត្តពោធិ៍សាត់ គឺជាខេត្តនៃអតីតសមរភូមិ និងជាកន្លែងជម្រកលាក់ខ្លួនរបស់ក្រុមចលនាឧទ្ទាមទ័ពព្រៃថែមទៀត។ ខេត្តពោធិ៍សាត់គឺជាខេត្តមួយក្នុងចំណោមខេត្តដែលមានគ្រាប់មីន ច្រើនជាងគេផងដែរ ប៉ុន្តែក្នុងសម័យសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ខេត្តពោធិ៍សាត់ លែងក្លាយជាតំបន់មានគ្រោះថ្នាក់គួរឱ្យខ្លាចទៀតនោះហើយ។ លោកអភិបាលខេត្ត ខូយ រីដា បានមានប្រសាសន៍រំលឹកអំពីអតីតកាល នៃខេត្តពោធិ៍សាត់កន្លងមកនេះ។
ខេត្តពោធិ៍សាត់គឺជាខេត្តមានបណ្តាញផ្លូវជាតិ និងផ្លូវខេត្តចំនួន៥៥ខ្សែ ប្រវែងសរុប១ពាន់៩៨ ក្បៀស២៩គីឡូម៉ែត្រ។ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ខេត្តពោធិ៍សាត់បានកសាង និងជួសជុលផ្លូវរបស់ខ្លួនបានជាច្រើន ក្នុងនោះរួមមានស្ថាបនាផ្លូវជាតិលេខ៥សាឡើងវិញ ប្រវែងសរុប៨៦ក្បៀស៣០គីឡូម៉ែត្រ, ស្ថាបនាផ្លូវជាតិលេខ១០ពីវាលវែងទៅអូរសោមប្រវែង៩៦គីឡូម៉ែត្រ, ស្ថាបនាផ្លូវជាតិ និងផ្លូវខេត្តដោយក្រាលកៅស៊ូ DBST ប្រវែង៣៤ក្បៀស៨០គីឡូម៉ែត្រ, ស្ថាបនាផ្លូវខេត្តដោយក្រាលដីល្បាយថ្មប្រវែង១២ក្បៀស១០គីឡូម៉ែត្រ និងបានស្ថាបនាស្ពានបេតុង, ស្ពានបេឡេត៍, ស្ថាបនាលូ និងមានសមិទ្ធផលជាច្រើនទៀត ដែលធ្វើឱ្យខេត្តពោធិ៍សាត់បានក្លាយជាខេត្តមួយទទួលបានការចាប់អារម្មណ៍ពីសាធារណជនទូទាំងប្រទេសកម្ពុជា។