សម្តេចសន្យារក្សាតំណែងរបស់រដ្ឋមន្ត្រីកិច្ចការនារី និងក្រសួងវប្បធម៌ (Video Inside)
អត្ថបទដោយ៖
Apsara Net
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការស្ទង់មតិយ៉ាងហោចចំនួន៣ដងជាបន្តបន្ទាប់ បានបង្ហាញថាសម្តេចបានទទួលការគាំទ្រពីស្ត្រីជាច្រើននៅក្នុងប្រទេស។ ប្រសាសន៍ថ្លែងនេះ បានធ្វើឡើងនៅក្នុងឱកាសដែលអញ្ជើញចូលរួមជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិ ៨មីនាលើកទី១១២នៅវិមានសន្តិភាព។
សម្តេចបានថ្លែងបង្ហាញមោទនភាពនូវភាពដឹកនាំ របស់ស្ត្រីជាថ្នាក់ដឹកនាំ នៃក្រសួងកិច្ចការនារី និងក្រសួងវប្បធម៌ និងបានប្រកាសថា បើក្នុងការបោះឆ្នោតសកលខែកក្កដា ឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជាដែលសម្តេចដឹកនាំនឹងឈ្នះ នឹងបន្តដឹកនាំជានាយករដ្ឋមន្ត្រីអាណ្ណត្តិថ្មីនោះ សមាសភាពស្ត្រីដឹកនាំក្នុងក្រសួងកិច្ចការនារី និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរក្សាទុកជាដដែល។