ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល គឺជាប្រធានបទ នៃ ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១២ ឆ្នាំ២០២៣នេះ

សៀមរាប៖ នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ នៅទីបញ្ជាការដ្ឋានយោធភូមិភាគទី៤ បានរៀបចំប្រារព្ធពិធីអបអរសាទរខួបលើកទី១១២ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល។ ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ និងលោកជំទាវ ។

លោកស្រីវរសេនីយ៍ឯក ពេជ្រ សុវណ្ណ ប្រធានក្រុមការងារយេនឌ័រនៃបញ្ជាការដ្ឋានយោធភូមិភាគទី៤ បានឡើងអានជីវប្រវត្តិ នៃការកើតឡើងទិវានារីអន្តរជាតិ ៨មីនា ដោយបានបញ្ជាក់ថានៅថ្ងៃទី៨ ខែមីនា ឆ្នាំ១៨៩៩ កម្មការិនីផ្នែកតម្បាញកាត់ដេរនៅទីក្រុងស៊ីកាកូនិង ញូវយ៉ក សហរដ្ឋអាមេរិក បានសាមគ្គីឯកភាពគ្នាក្រោកឈរឡើងតស៊ូយ៉ាងប្ដូរផ្ដាច់ ដើម្បីទាមទារបន្ថយម៉ោងធ្វើការនិងដំឡើងប្រាក់បៀវត្ស និងទាមទារសិទ្ធិសេរីភាពសម្រាប់នារី។

លោកជំទាវ សុខ ណារ៉ូ ពៅ ហេង ប្រធានកិត្តិយសនារី យោធភូមិភាគទី៤ បានឡើងអានទាំងស្រុងនូវព្រះរាជសាររបស់សម្ដេចព្រះមហាក្សត្រីនរោត្តមមុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរសាទរខួបលើកទី១១២ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៣ ។

លោកស្រីអនុសេនីយ៍ទោ ខន ពិសី តំណាងអោយយោធិននារី យោធភូមិភាគទី៤ បានឡើងប្តេជ្ញាចិត្តអោយបានដាច់ខាតនូវរាល់បញ្ហា ក្រិត្យវិន័យ និងក្រមសីលធម៌របស់កងយោធពលខេមរភូមិន្ទ បន្តរក្សាតម្លៃនៃសន្តិភាព និងការលើកកម្ពស់វប្បធម៌អហឹង្សា ដោយមានការចូលរួមសហការពីគ្រប់បណ្តាអង្គភាព ស្ថាប័ន រួមទាំងបុរស និងស្ត្រី ឆ្ពោះទៅរកសុខមាលភាពសង្គម ដែលរដ្ឋាភិបាល បាននឹងកំពុងជម្រុញគាំទ្រ។

បន្ទាប់ពីជូនបាច់ផ្កា និងវត្ថុអនុស្សាវរីយ៍ ជូនដល់ភរិយា និងយោធិននារី នៃបញ្ជាការដ្ឋានយោធភូមិភាគទី៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង បានថ្លែងនូវការកោតសរសើរចំពោះក្រុមការងារយេនឌ័រ និងយោធិននារីចំណុះបញ្ជាការដ្ឋានយោធភូមិភាគទី៤ រួមជាមួយនឹងភរិយា របស់ នាយ ទាហាន នាយ ទាហាន រង និង ពលទាហាន ទាំងអស់ ដែលបានរួមចំណែកក្នុងការងារជួយដល់សង្គមជាតិ ជួយដោះស្រាយរាល់ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាក្រុមគ្រួសារយោធិន ដែលមានជីវភាពលំបាកខ្វះខាត បានយ៉ាងល្អប្រសើរ។

ឯកឧត្តម បានបន្តទៀតថាការអបអរសាទរចំពោះទិវានារីអន្តរជាតិ ៨មីនា ខួបលើកទី១១២ ឆ្នាំ២០២៣ នេះ ក្រោមប្រធានបទស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល នឹងបានអំពាវនាវដល់បុរសគ្រប់រូប ត្រូវចូលរួមគោរពសិទ្ធិនារីនៅគ្រប់ពេលវេលា និងត្រូវលើកដំកើងតម្លៃដល់នារីគ្រប់រូប ក្នុងសមភាពយេនឌ័រ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ឯក ពៅ ហេង បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាមគ្គទេសក៍ឯកក្នុងការដឹកនាំអនុវត្តនូវនយោបាយឈ្នះ ឈ្នះ ធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាព និងមានការឯកភាពជាតិពេញលេញ ហើយបច្ចុប្បន្ននេះព្រះរាជាណាចក្រកម្ពុជា កំពុងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

ក្រោយពេលពិសារអាហារសាមគ្គីរួចមក ឯកឧត្តម មេបញ្ជាការ និងលោកជំទាវ នាយទាហាន នាយទាហានរង ពលទាហាន ព្រមទាំងយោធិននារីគ្រប់បណ្តាអង្គភាព ចំណុះបញ្ជាការដ្ឋានយោធភូមិភាគទី៤ បានអញ្ជើញច្រៀងចម្រៀង និងរាំលេងកម្សាន្ត ដើម្បីអប់អរសាទរទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៣ ផងដែរ ៕ ដោយ ៖ ស៊ាន សុផាត

ads banner