នាយករដ្ឋមន្ត្រីអូស្ត្រាលី Albanese នឹងជួបប្រធានាធិបតីអាមេរិកលោក បៃសិន ឆាប់ៗ ដែលទំនងជាពិភាក្សាជុំវិញសំណុំរឿងនាវាមុជទឹក

អូស្ត្រាលី:​ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese នៅថ្ងៃពុធ ទី៨ ខែមីនាបានទម្លាយប្រាប់អ្នកកាសែតថា លោកនឹងទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ដើម្បីជួបពិភាក្សាទ្វេភាគីជាមួយលោកប្រធានាធិបតី ចូល បៃសិន(Joe Biden )បន្ទាប់ពីចប់ដំណើរទស្សនកិច្ចទៅប្រទេសឥណ្ឌានាសប្តាហ៍នេះ។

លោក Albaneseមិនបានបញ្ជាក់ពីកាលបរិច្ឆេទសម្រាប់ការធ្វើដំណើរនៅសហរដ្ឋអាមេរិកឡើយ។ដោយគ្រាន់តែបញ្ជាក់ថា៖«ខ្ញុំត្រៀមខ្លួនរួចជាស្រេចដើម្បីបន្ដធ្វើការងារជាមួយសហរដ្ឋអាមេរិក» ។
សារព័ត៌មាន Sydney Morning Herald បានរាយការណ៍កាលពីថ្ងៃអង្គារថា លោកAlbanese ទំនងជានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលរង់ចាំជាយូរមកហើយដើម្បីបង្កើតកងនាវាមុជទឹក ប្រើថាមពលនុយក្លេអ៊ែរក្នុងអំឡុងពេលដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិករបស់គាត់នៅសប្តាហ៍ក្រោយ។

ប្រភពដដែលបន្តថាលោក Albanese គ្រោងនឹងធ្វើដំណើរទៅចូលរួមពិធីចុះហត្ថលេខា ដែលរំពឹងថានឹងធ្វើឡើងនៅថ្ងៃចន្ទក្រោយនៅទីក្រុង San Diego ជាមួយលោក Biden និងនាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunakផង។

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese មានប្រសាសន៍ថា ៖«យើងនឹងមានការប្រកាសបន្ថែមអំពីព័ត៌មានលម្អិតក្នុងពេលឆាប់ៗ »។

លោកAlbanese នឹងទៅដល់ប្រទេសឥណ្ឌានៅថ្ងៃពុធ និងស្នាក់នៅទីនោះរហូតដល់ថ្ងៃសៅរ៍។ លោកនឹងចូលរួមជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi សម្រាប់កិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់មេដឹកនាំអូស្ត្រាលី-ឥណ្ឌាក្នុងទីក្រុង ញូវដែលីព្រមទាំងទៅទៅទស្សនកិច្ចនៅ Ahmedabad និង Mumbai ផងដែរ។

អ្នកឃ្លាំមើលមើលឃើញថា ជាមួយឆ្នាំចុងក្រោយនេះកិច្ចពិភាក្សាលម្អិតនៅពីក្រោយឆាកបានកើតឡើងរវាងអាមេរិក អូស្ត្រាលី និងអង់គ្លេស ជុំវិញប្រធានបទដ៏រស៊ើបពាក់ព័ន្ធនឹងបច្ចេកវិទ្យានុយក្លេអ៊ែរ។ ទោះជាយ៉ាងណា អូស្ត្រាលី បាន ច្រានចោល ការចោទប្រកាន់ស្ដី កិច្ចព្រៀមព្រៀងទិញ អាវុធ នុយក្លេអ៊ែរ។

បើសិនជាប្រទេសអូស្ត្រាលីទទួលបានបច្ចេកវិទ្យានាវាមុជទឹកដើរដោយនុយក្លេអ៊ែរប្រាកដមែននោះ ករណីនេះជាករណីដំបូងហើយចាប់តាំងពីឆ្នាំ១៩៦០ ជាពេលដែលសហរដ្ឋអាមេរិកបានជួយអង់គ្លេសក្នុងផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។
នាវាមុជទឹកដើរដោយថាមពលនុយក្លេអែរ អាចធ្វើដំណើរបានចម្ងាយឆ្ងាយក្នុងរយៈពេលយូរ ហើយត្រូវបានគេរំពឹងថានឹងបំពាក់ដោយកាំជ្រួច Cruise ដ៏ទំនើបផង។យ៉ាងណាក្ដីប្រទេសសាម៉ីត្រូវចំណាយប្រាក់រាប់សិបពាន់លានដុល្លារលើការងារនេះ។
អ្នកជំនាញនិយាយថា នាវាដ៏សំខាន់នេះនឹងក្លាយជាឆ្អឹងទទឹងក របស់បច្ចាមិត្តនៃប្រទេសអូស្ត្រាលី។
ប្រទេសចិន បានសម្តែងការប្រឆាំងយ៉ាងខ្លាំងចំពោះគម្រោងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរបស់អូស្ត្រាលីនេះ។ចិន យល់ថាជា “គ្រោះថ្នាក់” ហើយគម្រោងនេះធ្វើឡើងដើម្បី
បង្គ្រប់ប្រទេសចិន។

កិច្ច ព្រម ព្រៀង នេះ កំពុង ធ្វើ ឡើង ក្រោម ការ ឧបត្ថម្ភ របស់ AUKUS ដែលមានអូស្ត្រាលី ចក្រភព អង់គ្លេសនិង សហរដ្ឋ អាមេរិកក្នុង គោល បំណង ចែក រំលែកផ្នែកបច្ចេកវិទ្យានិងទំនើបកម្មយោធា ៕
ដោយ:វណ្ណ ស័ក្កិ

ads banner