ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Visa នៅកម្ពុជា ស្តែងចេញតាមរយៈគម្រោង “ការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងបង្កើនភាពអង់អាចដល់ស្ត្រី”

ភ្នំពេញ៖ ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលឈានមុខគេ ថ្មីៗនេះបានបញ្ចប់គម្រោងមួយចំនួនដោយជោគជ័យ។ ការណ៍នេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្របេសកកម្មរបស់រាជរដ្ឋាភិបាល ក្នុងដំណើរការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុ ក្នុងចំណោមស្ត្រី និងយុវជននៅទូទាំងប្រទេស។

គម្រោងស្តីពី “ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ស្រ្តី និងស្ត្រីជាសហគ្រិន” ត្រូវបានសហការក្នុងភាពជាដៃគូ រវាងក្រសួងកិច្ចការនារី (MoWA) ធនាគារជាតិនៃកម្ពុជា (NBC) គាំទ្រដោយក្រុមហ៊ុន Visa ដើម្បីបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចក្នុងចំណោមស្ត្រីវ័យក្មេងនៅជនបទ សហគ្រិនជាស្ត្រី និងនិស្សិតទូទាំងប្រទេស អស់រយៈពេលជាងពីរឆ្នាំមកហើយ។គម្រោងនេះបានដាក់ឲ្យដំណើរការនៅឆ្នាំ២០២0 ក្រោមប្រធានបទ “ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីនៅជនបទ តាមរយៈការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងឌីជីថល” នឹងបន្តដំណាក់កាលទីពីរ ដែលទើបបញ្ចប់នៅក្នុងឆ្នាំ២០២២នេះ ដោយបានជួយលើកស្ទួយសុខុមាលភាពហិរញ្ញវត្ថុ និងពង្រឹងសេដ្ឋកិច្ចក្នុងចំណោមស្ត្រីនៅកម្ពុជា។

គម្រោងមានការរៀបចំកម្មវិធីជាច្រើនដូចជា សិក្ខាសាលា វគ្គបណ្តុះបណ្តាល វេទិកាពិភាក្សា និងសិក្ខាសាលាស្តីពីជំនាញផ្នែកហិរញ្ញវត្ថុឌីជីថល សំខាន់ៗ និងការអនុវត្តប្រកបដោយប្រសិទ្ធភាព ដោយមានការចូលរួមធ្វើបទបង្ហាញពីអ្នកជំនាញមកពីក្រសួង ស្ថាប័នមន្ទីរខេត្ត និងដៃគូពាក់ព័ន្ធផ្សេងៗទៀត។តាមរយៈសកម្មភាពនៃការចែករំលែកនូវព័ត៌មានដ៏មានតម្លៃ ដែលប្រព្រឹត្តទៅតាមរយៈព្រឹត្តិការណ៍ឌីជីថល និងវិធានការសិក្សាដោយផ្ទាល់ ផ្តល់ឲ្យនិស្សិតដែលជានារី បានអនុវត្តនូវចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងឌីជីថលកម្រិតមូលដ្ឋាន ព្រមទាំងការសិក្សាលើជំនាញជាក់ស្តែងសម្រាប់ពង្រឹងសេដ្ឋកិច្ចរបស់ស្ត្រីផងដែរ។

កម្មវិធីទាំងអស់នេះ បានធ្វើឡើងក្រោមកិច្ចសហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រីនៃខេត្តគោលដៅចំនួន០៤ គឺខេត្តសៀមរាប ក្រចេះ ស្ទឹងត្រែង និងព្រះវិហារ។ តាមរយៈវគ្គបណ្ដុះបណ្ដាល និងវេទិកាពិភាក្សាទាំងអស់នោះ យើងទទួលបានអ្នកចូលរួមចំនួន ៤២៥នាក់ ក្នុងនោះមានស្រីចំនួន ៣៥៥នាក់។

អ្នកស្រី អ៊ីវ៉ាណា ត្រានឈីនី នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា ក្រុមហ៊ុន Visa ពិតជាមានកិត្តិយសណាស់ដែលបានសហការជាមួយធនាគារជាតិនៃកម្ពុជា ក្រសួងកិច្ចការនារី និងសមាគមធនាគារនៅកម្ពុជា ក្នុងគម្រោងដ៏មានអត្ថន័យទាំងអស់នេះ ដែលដើរស្របតាមយុទ្ធសាស្រ្ត ស្តីពីបរិយាបន្នហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាល។ យើងសង្ឃឹមថា ការចូលរួមចំណែកដ៏តូចមួយ ប៉ុន្តែមានតម្លៃមួយនេះ អាចកែប្រែជីវិតរបស់សិក្ខាកាម ក៏ដូចជាសហគមន៍ទាំងមូលឲ្យកាន់តែប្រសើរឡើង នឹងគាំទ្រដល់ការលើកកម្ពស់សមភាពយេនឌ័រទាក់ទងនឹងការធ្វើបរិយាបន្នហិរញ្ញវត្ថុ៕

ដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner