ក្រុមមន្រ្តី អាមេរិក ៖ព័ត៌មាន ចារកម្មបង្ហាញថា ក្រុមគាំទ្រ អ៊ុយក្រែន នៅពីក្រោយការ បំផ្លិចបំផ្លាញ បំពង់បង្ហូរ ឧស្ម័ន Nord Streams

អាមេរិក:​ កាសែតញូវយ៉កថែមស៍ រាយការណ៍កាលពីថ្ងៃ អង្គារថា ក្រុមមន្ត្រី សហរដ្ឋ អាមេរិកបានឃើញព័ត៌មានពីការស៊ើបការណ៍ សម្ងាត់ថ្មី ដែលបង្ហាញថា « ក្រុមគាំទ្រ អ៊ុយក្រែន » នៅពីក្រោយការបំផ្លិចបំផ្លាញ បំពង់បង្ហូរឧស្ម័នពីរុស្ស៊ី ទៅអឺរ៉ុប Nord Stream កាលពីឆ្នាំមុន ។
ក្នុងសេចក្ដីរាយការណ៍ ដែលមិនបញ្ជាក់ អត្តសញ្ញាណប្រភពនៃចារកម្មឬ ក្រុម ដែល ពាក់ ព័ន្ធ នោះ កាសែត ញូវយ៉កថែមស៍ បាន ផ្សាយ ថា មន្ត្រី អាមេរិក គ្មាន ភស្តុតាង ដែល ថា ប្រធានាធិបតី អ៊ុយក្រែន លោក វ៉្លូឌីមៀរ ហ្សេលេនស្គី មាន ការ ជាប់ ពាក់ ព័ន្ធ នឹង ការ បំផ្ទុះ បំពង់ នោះ ទេ ។ ប៉ុន្តែ ការ វាយ ប្រហារ ពេល នោះ បាន ផ្ដល់ ប្រយោជន៍ ដល់ អ៊ុយក្រែន តាម រយៈ ការ ធ្វើ ឱ្យ ខូច ខាត យ៉ាង ធ្ងន់ ធ្ងរ ដល់ មធ្យោបាយ រក ប្រាក់ រាប់ លាន របស់ រុស្ស៊ី ពី ការ លក់ ឧស្ម័ន ធម្មជាតិ ទៅ ឱ្យ អឺរ៉ុប ខាង លិច ខណៈ វា ក៏ ធ្វើ ឱ្យ តម្លៃ ថាមពល នៅ អឺរ៉ុប ហក់ ឡើង ។
ស៊ើបការណ៍ សម្ងាត់ បាន ស្នើ ឡើង ថា អ្នក នៅ ពី ក្រោយ ការ បំផ្លិច បំផ្លាញ គឺ ជា «គូរ វិវាទ របស់ ប្រធានាធិបតី រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន»។ ប៉ុន្តែ ក្រុម មន្រ្តី អាមេរិក ដែល អះ អាង ប្រាប់ កាសែតញូវយ៉កថែមស៍នោះ មិន បាន ចង្អុល បង្ហាញ ថា អ្នក ណា ពិត ប្រាកដ បាន ចូល រួម ហើយ អ្នក ណា ជា អ្នក រៀប ចំ និង ចំណាយធន ធាន សម្រាប់ ធ្វើ ប្រតិបត្តិការ វាយ ប្រហារ ដែល ត្រូវ ការ អ្នក ជំនាញ ខាង មុជ ទឹក និង អ្នក ជំនាញ ខាង បំផ្ទុះ ឱ្យ ជួយ នោះ ទេ ។
ក្រុមមន្រ្តីដដែលជឿថា អ្នកពាក់ព័ន្ធអាចជាជនជាតិអ៊ុយក្រែន ឬ រុស្ស៊ី ហើយគ្មាននរណា ម្នាក់មកពីសហរដ្ឋអាមេរិក ឬ អង់គ្លេស នោះទេ ។
គួរបញ្ជាក់ថាការផ្ទុះធ្លាយជាបន្តបន្ទាប់គ្នានៃបំពង់បង្ហូរឧស្ម័នបង្កប់ក្រោមសមុទ្រ បាល់ទិក Nord Stream 1 និង Nord Stream 2 ចំនួន៤ កន្លែងផ្សេងៗគ្នាបានកើត ឡើងកាលពីចុងខែ កញ្ញា ឆ្នាំមុន ។ ក្រោយការធ្លាយមន្រ្តីអឺរ៉ុបបានអះអាងថាវាគឺជា ស្នាដៃ បំផ្លិច បំផ្លាញ ដោយ ចេតនា ប៉ុន្តែ មិន បាន ចោទ ប្រកាន់ ទៅ លើ ភាគី សង្ស័យ ណា មួយ នោះ ទេ ។ យ៉ាង ណា មិញ មាន ការ ចោទ ប្រកាន់ ទៅ លើ សហរដ្ឋអាមេរិក រុស្ស៊ី និង អ៊ុយក្រែន ត្រូវ បាន គេ រាយការណ៍ ឡើង ជា បន្ត បន្ទាប់ ដោយ ផ្អែក លើ ផល ប្រយោជន៍ លើប្រទេស ជាប់ ការ សង្ស័យ ទាំង នេះ គួប ផ្សំ នឹង ការ ផ្សារ ភ្ជាប់ បញ្ហា នេះ ទៅ នឹង ជម្លោះ ដ៏ ធំ នៅ អឺរ៉ុប បច្ចុប្បន្ន ពោល គឺ សង្រ្គាម ឈ្លាន ពាន អ៊ុយក្រែន របស់ រុស្ស៊ី ។ ឥឡូវ នេះ ការ ស៊ើប អង្កេតពី អាជ្ញាធរ អាល្លឺម៉ង់ ស៊ុយអែត និង ដាណឺម៉ាក នៅ តែ បន្ត នៅ ឡើយ៕
ដោយ:ហួន ឌីណា
ប្រភព ៖ US intelligence sees ‘pro-Ukraine group’ behind Nord Stream sabotage: Report

ads banner