យុវតីពីររូប ប្ដេជ្ញាខិតខំសិក្សាជំនាញបច្ចេកទេសដើម្បី សម្រេចក្ដី ស្រមៃពីកុមារភាព

ភ្នំពេញ៖ ផ្ដើមពីពាក្យមួយឃ្លាថា “ស្ត្រីវិលចង្ក្រានមិនជុំ” បន្តមកដល់ ពាក្យ « ការងារនេះជាការងារមនុស្សប្រុស » ឬ « កុំរៀនអី វាជាជំនាញ សិស្សប្រុស » បានធ្វើឱ្យយុវតីជាច្រើនរូបបាត់បង់ឱកាសក្នុងវិស័យ ការងារមួយចំនួន និងធ្វើឱ្យយុវតីមួយចំនួនធំងាកទៅចាប់ជំនាញ ដែលខ្លួនពុំចូលចិត្តតែស្របតាមនិន្នាការនៃសង្គមការងារដែល។

ផ្ទុយពីការដើរតាមទំនោរសង្គមក៏មានយុវតីក្លាហានមួយចំនួនតូចដែលជម្នះផ្នត់គំនិតទាំងនេះ ចាប់រៀនជំនាញដែលខ្លួនស្រលាញ់ពេញចិត្ត និងឱកាសការងារខ្ពស់បើទោះសង្គមយល់ថាជាជំនាញសម្រាប់បុរសក៏ដោយ។

កញ្ញា ធា សុជាតិតា ជាយុវតីមួយរូបដែលមានទស្សនៈថា «ស្ត្រីក៏អាច រៀន ឬធ្វើការដូចបុរស» បានដើរតាមក្ដីស្រលាញ់របស់ខ្លួនចាប់រៀន ជំនាញ ដ៏កម្រមួយគឺជំនាញ វិស្វកម្មរថយន្ត នៅវិទ្យាស្ថានបច្ចេកទេស ឧស្សាហកម្ម។

យុវតីវ័យ ១៨ឆ្នាំរូបនេះបានឱ្យដឹងពីការយល់ឃើញរបស់ខ្លួន និងការ ចាប់ជំនាញសិក្សាដែលកម្រមានសិស្សស្រីចាប់យកនេះថា «បានជា ខ្ញុំជ្រើសរើសជំនាញវិស្វកម្មរថយន្តព្រោះ ក្ដីស្រឡាញ់ខាងរថយន្ត ចង់ទទួលយកបទពិសោធន៍ថ្មី និងងាយស្រួលរកការងារធ្វើ»។

សុជាតិតា បញ្ជាក់បន្ថែមថា ដោយសារតែប្រទេសយើងរីកចម្រើន សម្បូរអ្នកជិះរថយន្តច្រើន ធ្វើឱ្យការងារនេះមានទីផ្សារខ្ពស់ ហើយ ក្រៅពីនេះជំនាញនេះក៏អាចធ្វើជាគ្រូបង្រៀនបានដែរ។

ត្បិតជំនាញ ដែលខ្លួនកំពុងសិក្សាជួបផលលំបាកមួយចំនួនដូចជា មានសំឡេងលឺខ្លាំងពេលអនុវត្ត ត្រូវធ្វើការជាមួយនឹងម៉ាស៊ីនធ្ងន់ និងពិបាកធ្វើការជាមួយប្រុសៗបន្តិច តែយុវតី សុជាតិតា នៅតែចង់ ជំរុញឱ្យយុវតីដទៃទៀតរៀនជំនាញដូចខ្លួននេះព្រោះខ្លួនយល់ថា សិស្ស ស្រីនឹងមានអាទិភាពការងារខ្ពស់ជាងបុរស ហើយថែមទាំងទទួល បាន ការលើកទឹកចិត្តពីលោកគ្រូអ្នកគ្រូ មិត្តភ័ក្ដិ ក៏ដូចជានៅកន្លែង ការងារផង។

សុជាតិតា បន្តឱ្យដឹងទៀតថា៖ «ខ្ញុំយល់ថាការរៀនជំនាញនេះមាន អត្ថ ប្រយោជន៍ចំពោះស្រ្ដីព្រោះពេលដែលចេញទៅធ្វើការ យើងមិនត្រូវតែ ទៅជួសជុលដូចជាបុរសនោះទេ យើងអាចនៅក្នុង ការិយាល័យ (Office) ជាអ្នកបច្ចេកទេសទំនាក់ទំនង និងផ្ដល់ព័ត៌មានផ្សេងៗ»។

ចំណែកឯយុវតីមួយរូបទៀតគឺកញ្ញា ឈុំ សុគន្ធារី ដែលជានិស្សិត ឆ្នាំទី២ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជំនាញស្ថាបត្យកម្ម ដែលជាជំនាញសិក្សាមួយប្រភេទដែលកម្រមានសិស្សស្រីរៀននោះ ក៏បានរៀបរាប់ស្រដៀងគ្នានេះថា ដោយសារតែក្ដីស្រលាញ់ចំពោះ ជំនាញមួយនេះ និងមិនចង់ឲ្យមានពាក្យថាជំនាញនេះមិនសមនឹង មនុស្សស្រីរៀន ទើបខ្លួនសម្រេចជម្នះដើរតាមបេះដូងរបស់ខ្លួន។

កញ្ញា សុគន្ធារី បានឱ្យដឹងថា៖ «ទី១ ដោយសារតែចំណង់ចំណូលចិត្ត ខ្ញុំស្រលាញ់ជំនាញនេះតាំងពីថ្នាក់ទី១០ មកម្ល៉េះ។ ទី២ គឺដោយសារខ្លួន ចង់បំបាត់ពាក្យថាជំនាញស្ថាបត្យកម្មមិនសមនឹងមនុស្សស្រី ហើយ ចង់ បង្ហាញពីភាពច្នៃប្រឌិត និងទេពកោសល្យដែលមនុស្សស្រីមាន និងកត្តាសំខាន់បំផុតក៏ដោយសារខ្ញុំទទួលបានការលើកទឹកចិត្តពីក្រុមគ្រួសារ និងលោកពូដែលជាស្ថាបត្យករស្រាប់»។

យុវតីវ័យ ២០ឆ្នាំរូបនេះក៏បានរៀបរាប់ពីផលលំបាកមួយចំនួនក្នុង ការសិក្សា ជំនាញទាំងនេះ តែក៏នៅតែចង់ជំរុញយុវតីដទៃរៀនជំនាញ ស្ថាបត្យកម្មដូចខ្លួន។ សុគន្ធារី បន្តថា ដូចយើងដឹងស្រាប់ថាជំនាញនេះ មិនសូវ មាននិស្សិតស្រីរៀននោះទេបើពួកគាត់ចូលរួមនោះអាចនឹង ផ្ដល់សិទ្ធអំណាចដល់ស្ត្រីដទៃឱ្យហ៊ានចូលរៀន និងអាចបំបាត់ ពាក្យថាជំនាញសម្រាប់បុរសជាដើម។

កញ្ញា សុគន្ធារី ថែមទាំងបានលើកទឹកចិត្តទៅដល់ស្ត្រីដែលរៀន ឬ ធ្វើការលើជំនាញដែលគេយល់ថាជាជំនាញបុរសបែបនេះ «បើតាម គំនិតខ្ញុំ យើងជាស្ត្រីយើងមានភាពខ្លាំង ហើយគួរហ៊ានធ្វើអ្វីដែលខ្លួន ស្រលាញ់ចង់ធ្វើ និងត្រូវគិតថាបុរសធ្វើបានយើងក៏អាចធ្វើបានដូចគ្នា ព្រោះខ្ញុំគិតថាវាដូចមិនមានអ្វីខុសឆ្គងទេ ហើយខ្ញុំចង់ឲ្យបុរសចូល រួមលើកទឹកស្ត្រីដែលធ្វើការ ឬរៀនលើជំនាញទាំងនេះ»។

ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១២ នៅ វិមានសន្តិភាព រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃអង្គារ ទី៧ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែង ជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធអនុវត្តការងារអាទិភាពប្រាំបីចំណុច ផ្ដោត លើការបញ្ជ្រាបយេនឌ័រ និងលើកតម្លៃស្ត្រី។ក្នុងនោះ ចំណុច អាទិភាព ទី៤ ជាចំណុចមួយដែលជំរុញស្ត្រី និងយុវតីចូលរួមក្នុង វិស័យ ដែល មាន គម្លាតយេនឌ័រខ្ពស់។

សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់ថា៖ «ចំណុចទី៤ បង្កើន ការ ចូលរួមរបស់ស្ត្រី និងក្មេងស្រី ក្នុងវិស័យឌីជីថល វិទ្យាសាស្ត្រ បច្ចេកវិទ្យាវិស្វកម្ម សិល្បៈ ច្នៃប្រឌិត និងគណិតវិទ្យា STEM ដើម្បី កាត់បន្ថយគម្លាតយេនឌ័រក្នុងវិស័យឌីជីថល និងការពង្រីក កម្មវិធី បណ្ដុះ បណ្ដាលវិជ្ជាជីវៈដល់ស្ត្រី»៕
ដោយ៖កែវ បុស្បា

ads banner