ប្រទេសស្រីលង្កា ជិតទទួលបានជំនួយ ២,៩ ប៊ីលានដុល្លារពី មូលនិធិ រូបិយវត្ថុ អន្តរជាតិ

កូឡុំបូ៖ ប្រទេសស្រីលង្កាបានត្រៀមខ្លួនរួចជាស្រេចក្នុងការចុះ ហត្ថលេខា ទទួលគម្រោងថវិកាសង្គ្រោះបន្ទាន់ ផ្ដល់ជូនពី មូលនិធិ រូបិយ វត្ថុអន្តរជាតិ ឬហៅកាត់ថា IMF ចំនួន ២,៩ ប៊ីលានដុល្លារ អាមេរិក នៅថ្ងៃទី២០ ខែមីនា ខាងមុខនេះ។ វាគឺជាគម្រោងមួយដែល ត្រូវ បានចំណាយពេលចរចាអស់រយៈពេលបួនឆ្នាំមកហើយ ពោលគឺ ចាប់ផ្ដើមចរចាបន្ទាប់ពីប្រទេសមួយនេះរងគ្រោះដោយវិបត្តិនយោបាយនិងសេដ្ឋកិច្ចធ្ងន់ធ្ងរ និងបន្ទាប់ពីប្រទេសនេះទទួលបានជំនួយហិរញ្ញ ប្បទាន ពីប្រទេសចិនផងដែរ។

IMF និងប្រទេសដែនកោះមួយនេះបានបញ្ជាក់កាលពីថ្ងៃអង្គារថា ស្រីលង្កាបានទទួលការធានាពីម្ចាស់បំណុលទ្វេភាគីធំៗជាច្រើនរបស់ខ្លួន ដែលនេះគឺជាជំហានសំខាន់មួយក្នុងការបើកផ្លូវឱ្យប្រទេស នេះអាចចំណាយថវិកាអភិវឌ្ឍប្រទេសបានហើយវាក៏ជាពេលវេលាដ៏សំខាន់សម្រាប់ប្រទេសនេះដែលបានធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុត ចាប់តាំងពីទទួលបានឯករាជ្យពីអង់គ្លេសក្នុងឆ្នាំ១៩៤៨។

ប្រធានាធិបតីស្រីលង្កាលោក Ranil Wickremesinghe បានថ្លែង នៅ ក្នុងសភាថា «យើងមើលឃើញសញ្ញាថាសេដ្ឋកិច្ចកំពុងមានភាព ប្រសើរ ឡើង ប៉ុន្តែនៅតែមានរូបិយប័ណ្ណបរទេសមិនគ្រប់គ្រាន់ សម្រាប់ ការចំណាយទៅលើទំនិញនាំចូល ដូច្នេះធ្វើឱ្យកិច្ចព្រមព្រៀង ជាមួយ IMF កាន់តែមានសារៈសំខាន់ ដើម្បីជាការបើកផ្លូវឱ្យម្ចាស់ បំណុលផ្សេងទៀតអាចចាប់ផ្តើមផ្ដល់មូលនិធិជាបន្តបន្ទាប់ទៀត»។

ប្រធានាធិបតីរូបនេះបានបញ្ជាក់ថា «ប្រទេសស្រីលង្កាបានធ្វើតាម លក្ខខណ្ឌ ទាំងអស់ដែលបានទាមទារដោយ IMF» ហើយថាលោក និងទេសាភិបាលធនាគារកណ្តាលក៏បានផ្ញើលិខិតថ្លែងអំពីបំណងទៅកាន់ IMF ផងដែរ។

លោកស្រី Kristalina Georgieva ប្រធានមូលនិធិរូបិយវត្ថុ អន្តរជាតិ បានលើកឡើងនៅលើបណ្ដាញសង្គម Twitter ថា «ខ្ញុំស្វាគមន៍ចំពោះវឌ្ឍនភាពដែលក្រុមអាជ្ញាធរស្រីលង្កាបានខិតខំប្រឹងប្រែងធ្វើ ក្នុងការដាក់ចេញគោលនយោបាយយ៉ាងម៉ឺងម៉ាត់ ដើម្បី ទទួលបានហិរញ្ញប្បទានពីម្ចាស់បំណុលធំៗទាំងអស់ រួមមាន ប្រទេស ចិន ឥណ្ឌា និងអង្គភាពក្លឹបប៉ារីស»។

ប្រធាន IMF រូបនេះបានបន្ថែមថា លោកស្រីនឹងធ្វើបទបង្ហាញកម្មវិធី ដែលគាំទ្រដោយមូលនិធិនេះ ទៅកាន់ក្រុមប្រឹក្សាប្រតិបត្តិនៅថ្ងៃទី២០ ខែមីនា ខាងមុខនេះ។

គួរដឹងដែរថា បំណុលអន្តរជាតិ និងតម្លៃរូបិយប័ណ្ណរបស់ប្រទេសនេះ បានកើនឡើងបន្តិចម្ដងៗ ដោយតម្លៃមូលបត្របំណុលបានកើនឡើង ប្រហែល បីសេនគិតជាប្រាក់ដុល្លារ ខណៈដែលប្រាក់រូពីរបស់ ស្រីលង្កា បានកើនឡើងដល់ ៧,៨ភាគរយ ដែលនេះជាការកើនឡើង កម្រិតខ្ពស់មួយបើគិតត្រឹមរយៈពេល ១០ ខែចុងក្រោយនេះ។ លើសពីនេះ តម្លៃភាគហ៊ុនក៏បានកើនឡើងដូចគ្នា ពោលគឺបានបិទទី ផ្សារក្នុងតម្លៃច្រើនជាង ២ភាគរយ ឯណោះ។

កាលពីថ្ងៃចន្ទ លិខិតថ្មីមួយពីធនាគារនាំចេញ នាំចូលរបស់រដ្ឋចិន ឬហៅ កាត់ថា EXIM បានផ្ញើទៅកាន់ប្រទេសស្រីលង្កា ដើម្បីបង្ហាញពី គោលបំណងចង់ដោះស្រាយការជាប់គាំងរវាងទំនាក់ទំនងរបស់ភាគីទាំងពីរ។ យោងតាមប្រភពមួយបានឱ្យដឹងថា ធនាគារ EXIM បានផ្តល់ការធានាផ្នែកហិរញ្ញប្បទានដ៏ជាក់លាក់និងអាចជឿជាក់បានដល់ប្រទេសស្រីលង្កា សម្រាប់ការរៀបចំរចនាសម្ព័ន្ធបំណុល ឡើងវិញ ដោយភ្ជាប់ទំនាក់ទំនងជាមួយកម្មវិធីជំនួយរបស់ IMF និងការប្រើប្រាស់ភាសាយ៉ាងច្បាស់លាស់ស្តីពីនិរន្តរភាពបំណុល។

ប្រភពដដែលបានបន្ថែមថា «ថវិកាមួយចំណែកនៃមូលនិធិជំនួយសរុប នឹងត្រូវបានផ្ដល់ឱ្យប្រទេសស្រីលង្កា បន្ទាប់ពីកិច្ចប្រជុំក្រុម ប្រឹក្សា ភិបាល បញ្ចប់ទៅ»។ នៅក្នុងលិខិតមួយកាលពីខែមករា បានឱ្យដឹងថា ធនាគារ EXIM បានផ្តល់ជូនស្រីលង្កានូវការផ្អាកការសងបំណុល រយៈពេលពីរឆ្នាំ ប៉ុន្តែប្រភពដដែលបានបញ្ជាក់ថា ការផ្អាកឱ្យសង បំណុលនេះនៅមិនទាន់គ្រប់គ្រាន់ដើម្បីបំពេញលក្ខខណ្ឌរបស់ IMF នៅឡើយទេ។

លោក ធីអូ ម៉ារ៉េត (Theo Maret) អ្នកវិភាគជាន់ខ្ពស់នៅស្ថាប័ន មួយឈ្មោះថា Global Sovereign Advisory នៅទីក្រុងប៉ារីស បានមានប្រសាសន៍ថា «នេះគឺជាការអភិវឌ្ឍវិជ្ជមានមួយ។ វាអាច ជាលើកដំបូងដែលប្រទេសចិនផ្តល់មេរៀនស្ដីពីការធានាហិរញ្ញប្បទានដល់ IMF ក្រៅពីដំណើរការក្របខ័ណ្ឌរួម»។

នៅចុងឆ្នាំ២០២០ ប្រទេសស្រីលង្កាជំពាក់ធនាគារ EXIM របស់ចិន នេះចំនួនប្រមាណ ២,៨៣ ប៊ីលានដុល្លារអាមេរិក ឬស្មើនឹង ៣,៥ ភាគរយ នៃបំណុលក្រៅប្រទេសរបស់ខ្លួន។ នេះបើយោងតាមទិន្នន័យ របស់ IMF។ សរុបជារួម ប្រទេសស្រីលង្កាជំពាក់ធនាគារចិនផ្សេងៗ ទៀតទាំងអស់ចំនួន ៧,៤ ប៊ីលានដុល្លារ ឬស្មើនឹងជិតមួយភាគ ប្រាំនៃ បំណុលក្រៅប្រទេសគិតត្រឹមចុងឆ្នាំ២០២២ ។នេះបើយោងតាមការ គណនាដោយគម្រោងមួយហៅថា China Africa Research Initiative។

ជាថ្មីម្ដងទៀត ការផ្តល់ហិរញ្ញប្បទានពីសំណាក់ IMF បានក្លាយជា គ្រឹះ សំខាន់សម្រាប់ប្រទេសដែលកំពុងជួបវិបត្តិសេដ្ឋកិច្ច នានា ដើម្បី អនុញ្ញាតឱ្យប្រភពមូលនិធិផ្សេងៗទៀតហ៊ានផ្ដល់ជំនួយបន្ថែម។ ប្រភពចំនួនពីរបានឱ្យដឹងថា ប្រទេសស្រីលង្កាកំពុងចរចាជាមួយ ប្រទេសឥណ្ឌា ដែលជាម្ចាស់បំណុលធំជាងគេទីពីររបស់ខ្លួន ដើម្បីពន្យាថ្ងៃផុតកំណត់សងឥណទានចំនួន មួយប៊ីលានដុល្លារ ដែលនឹងត្រូវផុតកំណត់ត្រឹមថ្ងៃទី១៧ ខែមីនា ខាងមុខនេះ។

ប្រធានាធិបតីស្រីលង្កាបានមានប្រសាសន៍ថា «ប្រទេសស្រី លង្កា ត្រូវសងបំណុលជាមធ្យមប្រហែល ៦ ប៊ីលានដុល្លារ ជារៀង រាល់ឆ្នាំរហូតដល់ឆ្នាំ២០២៩ ហើយក៏នឹងត្រូវធ្វើការជាមួយ IMF បន្តទៀតផងដែរ»។

គួរដឹងដែរថា ប្រទេសដែលមានវិបត្តិបំណុលដូចជាប្រទេសសំប៊ី (Zambia) និងប្រទេសស្រីលង្កាជាដើមនេះ តែងតែប្រឈមមុខនឹង ការពន្យារពេលផ្ដល់មូលនិធិសង្គ្រោះបន្ទាន់របស់ IMF នៅពេលដែល ម្ចាស់ជំនួយចិន និងលោកខាងលិចបានប៉ះទង្គិចគ្នាអំពីរបៀប នៃការ ផ្តល់ជំនួយសង្គ្រោះបន្ទាន់នោះ។

ជាក់ស្ដែង ប្រទេសស្រីលង្កាបានរង់ចាំអស់រយៈពេល ១៨៧ ថ្ងៃដើម្បី អាចបញ្ចប់កិច្ចពិភាក្សាលើការទទួលបានមូលនិធិសង្គ្រោះបន្ទាន់ បន្ទាប់ពីបានឈានដល់កិច្ចព្រមព្រៀងបឋមមួយជាមុន។ បើ ប្រៀបធៀប ទៅនឹងរយៈពេលជាមធ្យមគឺ ៥៥ ថ្ងៃសម្រាប់ប្រទេស ដែលមានចំណូលទាប និងមធ្យម នេះបើយោងតាមបទពិសោធ អស់រយៈពេលមួយទសវត្សរ៍កន្លងមកនេះ ពោលគឺគិតពីថ្ងៃចាប់ ផ្ដើមចុះ កិច្ចព្រមព្រៀងបឋមរហូតដល់ថ្ងៃចុះហត្ថលេខា លើកិច្ច ព្រមព្រៀងទាំងមូល ។នេះបើយោងតាមទិន្នន័យដែលបាន ចងក្រងដោយសារព័ត៌មានរ៉យទ័រ។

សេដ្ឋវិទូជាន់ខ្ពស់ លោក Patrick Curran បាននិយាយថា «ការរៀបចំរចនាសម្ព័ន្ធបំណុលទាំងក្នុងនិងក្រៅក្របខ័ណ្ឌ ត្រូវការ ចំណាយពេលយូរជាងធម្មតា ដោយសារបញ្ហាជុំវិញការចូលរួម សហការពីសំណាក់ម្ចាស់បំណុល និងការអូសទាញដោយប្រទេស ចិន»។ លោកបន្ថែមថា «ការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញនៅ ក្នុងប្រទេសស្រីលង្កា និងប្រទេសសំប៊ី ទំនងជានឹងក្លាយជាគំរូដ៏សំខាន់ សម្រាប់ការរៀបចំរចនាសម្ព័ន្ធនាពេលអនាគត»។

រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក ឈីន កាង (Qin Gang) បាននិយាយកាលពីថ្ងៃអង្គារថា «ទីក្រុងប៉េកាំងនឹងបន្តចូលរួមក្នុង ការដោះស្រាយបញ្ហាបំណុលអន្តរជាតិប្រកបដោយការស្ថាបនា»។ ជាការឆ្លើយតបទៅនឹងសំណួរមួយនៅក្រៅកិច្ចប្រជុំសភាប្រចាំឆ្នាំ លោក ឈីន បានលើកឡើងថា «ប្រទេសចិនគួរតែជាប្រទេស ចុង ក្រោយដែលត្រូវបានចោទប្រកាន់ពីការបង្កើតឱ្យមានអន្ទាក់បំណុល ហើយលោកក៏បានអំពាវនាវដល់ប្រទេសផ្សេងទៀតឱ្យចូលរួមចំណែកដោះស្រាយបញ្ហានេះទាំងអស់គ្នា»៕

ប្រែសម្រួលដោយ៖ ធា សុណា (Thea Sokna)
ប្រភព៖ https://www.reuters.com/markets/asia/sri-lanka-says-positive-news-coming-imf-29-bln-package-2023-03-07/

ads banner