អភិបាលខេត្តពោធិ៍សាត់ ចង់ប្រែក្លាយខេត្តនេះជាគោលដៅទេស ចរណ៍ មួយប្រកបដោយសក្ដានុពល

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ អាជ្ញាធរខេត្តពោធិ៍សាត់ បង្ហាញបំណងប្រែក្លាយនេះទៅជា គោលដៅទេសចរណ៍ថ្មីមួយប្រកបដោយសក្កានុពលក្នុងការទាក់ទាញភ្ញៀវទេសចរក្នុងស្រុកឱ្យមកកម្សាន្ដកាន់តែច្រើនថែមទៀត។

អភិបាលខេត្ត ឯកឧត្តម ខូយ រីដា ក្នុងសន្និសីទសារព័ត៌មានស្តីពី សមិទ្ធផល រយៈពេល៥ឆ្នាំកន្លងមកនេះ កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ បានសន្យាលើកកម្ពស់វិស័យទេសចរណ៍ និងរៀបចំតំបន់ ទេសចរណ៍មួយចំនួនឱ្យក្លាយទៅជាសហគមន៍ទេសចរណ៍តាមបែបធម្មជាតិ។

ឯកឧត្តម ខូយ រីដា មានប្រសាសន៍ថា ខេត្តពោធិ៍សាត់មានរមណីយ ដ្ឋានទេសចរណ៍ធម្មជាតិ តំបន់អេកូទេសចរណ៍ និងតំបន់ចម្ការ ហូប ផ្លែនានា ដែលជួយជំរុញកំណើនសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋក្នុងខេត្ត។ ក្នុងរយៈពេល៥ឆ្នាំនេះ ខេត្តមានភ្ញៀវទេសចរសរុបជាងបីលាននាក់។

ឯកឧត្តម ខូយ រីដា បន្ថែមថា៖« ចំពោះសក្តានុពល ខេត្តមានបឹង ទន្លេសាប ដែលអំណោយផលដល់ការវិនិយោគទេសចរណ៏ផ្លូវ ទឹក និងមានតំបន់ភ្នំដែលអំណោយផលដល់ការវិនិយោគទេសចរណ៍ធម្មជាតិ ជាពិសេសនៅស្រុកវាលវែង ដែលមានស្ថានភាពជាតំបន់ខ្ពង់រាប និងជាតំបន់ភ្នំប្រកបដោយព្រៃឈើខៀវស្រងាត់ មានផ្ទៃទឹក បឹង ស្ទឹង ជ្រលង ដងអូរ គួរឱ្យគយគន់ ។ បច្ចុប្បន្នបាននិងកំពុង ចាប់ផ្ដើមក្លាយ ជាទី ចាប់អារម្មណ៍ពីភ្ញៀវទេសចរជាតិ និងអន្តរជាតិទៀតផង»។

ឯកឧត្តមអះអាងថា៖« ជាផែនការរបស់ខេត្ត គឺកំពុងខិតខំប្រឹងប្រែង ពង្រីកសក្តានុពលតំបន់ទេសចរណ៍ធម្មជាតិឱ្យមានភាពទាក់ទាញ តាមរយៈការរួមគ្នាកែច្នៃនិងអភិវឌ្ឍន៍បន្ថែម ពិសេសបើកឱកាសឱ្យ មានការវិយោគលើកន្លែងសក្តានុពលទាំងនេះ។រដ្ឋបាលខេត្ត នឹងខំ ពង្រីក ការងារព្រំដែន និងសហប្រតិបត្តិការអន្តរជាតិជាមួយ អាជ្ញាធរ ថៃ សំដៅលើកកម្ពស់ កិច្ចសហប្រតិបត្តិការ និងការជំរុញការបើកច្រក ទ្វារអន្តរជាតិព្រំដែនថ្មដាជាផ្លូវការឱ្យបានឆាប់ ដើម្បីជំរុញកំណើន សេដ្ឋកិច្ចពលរដ្ឋក្នុងខេត្ត» ។

លោក មីលីយ៉ា សុវត្ថិធី ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់បាន ឱ្យដឹងដែរថា នៅតាមតំបន់ទេសចរណ៍ធម្មជាតិនិងកែច្នៃទាំងអស់ ក្នុងខេត្ត ត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់អាជ្ញាធរ មានសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធជុំវិញខេត្ត ដើម្បីធ្វើយ៉ាងណា រក្សាសុវត្ថិភាពដល់ភ្ញៀវដែលទៅលេងកម្សាន្ត។

លោកបន្តថា រដ្ឋបាលខេត្តពោធិ៍សាត់ និងក្នុងនាមមន្ទីទេសចរណ៍ នឹងបន្តខិតខំយកចិត្តទុកដាក់លើការអភិរក្សលើកកម្ពស់តំបន់អេកូទេសចរណ៍បន្ថែមទៀត ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចខេត្តឱ្យស្ទុះខ្លាំងថែមទៀត។

គួរបញ្ជាក់ថា នៅក្នុងខេត្តពោធិ៍សាត់មានសណ្ឋាគារចំនួនប្រាំកន្លែង, ផ្ទះសំណាក់ឬផ្ទះមានបន្ទប់ជួល ឬស្នាក់នៅមាន ចំនួន ៦៩កន្លែង, ភោជនីយដ្ឋាន អាហារដ្ឋានចំនួន ៦៨កន្លែង, ឌីស្គូតែកចំនួន ០១កន្លែង, ខារ៉ាអូខេ ២៣ កន្លែង, ម៉ាស្សា ១០កន្លែង, កីឡាស្ទិកយ័រពីរកន្លែង។ រមណីយដ្ឋាន និងតំបន់ទេសចរណ៍មាន ៣៩កន្លែង ក្នុងនោះ៖ រមណីយដ្ឋានវប្បធម៌ប្រាំកន្លែង, រមណីយដ្ឋានទេសចរណ៍កែ ច្នៃ១១កន្លែង, រមណីយដ្ឋានទេសចរណ៍ធម្មជាតិប្រាំបួនកន្លែង, សហគមន៍/អេកូ-ទេសចរណ៍ ១០កន្លែង និងកសិ-ទេសចរណ៍ បួនកន្លែង។

បច្ចុប្បន្ន លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងជា ប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តពោរិ៍សាត់ បានធ្វើការជួស ជុល និងកែលម្អបុរីវប្បធម៌កោះសំពៅមាស ដាក់បង្គោល ភ្លើងបំភ្លឺ ដងទង់ជាតិ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ផ្សេងទៀត ឱ្យកាន់តែមាន ភាព ទាក់ទាញសម្រាប់ភ្ញៀវទេសចរនិងប្រជាពលរដ្ឋទូទៅ៕
ដោយ៖ សែម ពិសី

ads banner