អភិបាលខេត្តពោធិ៍សាត់ប្តេជ្ញាពន្លឿនការចេញបណ្ណកម្មសិទ្ធិដីធ្លី ជូនពលរដ្ឋ ឱ្យរួចរាល់នៅពេលដ៏ខ្លីខាងមុខ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ រដ្ឋបាលខេត្តពោធិ៍សាត់ប្តេជ្ញាពន្លឿនចុះបញ្ជីដីធ្លី និងចេញ បណ្ណកម្ម សិទ្ធជូនពលរដ្ឋឱ្យរួចរាល់នៅពេលដ៏ខ្លីខាងមុខ។នេះបើតាម ការអះអាងរបស់អភិបាលខេត្តពោធិសាត់ឯកឧត្តម ខូយ រីដា ថ្លែង ក្នុងសន្និសីទសារព័ត៌មានរបស់រដ្ឋបាលខេត្តពោធិសាត់កាលពីថ្ងៃទី៧ខែមីនាឆ្នាំ២០២៣។

ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ពាក់ព័ន្ធការងាររៀប ចំ ដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ជុំវិញការងារចុះ បញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅខេត្តពោធិ៍សាត់ ដោយគិតពីឆ្នាំ ២០១៨ ដល់ត្រីមាសទី១ឆ្នាំ២០២៣ ចំនួនជាង២០ម៉ឺនក្បាលដី ខណៈ ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធវិញ បានបញ្ចូលទិន្នន័យ ក្បាលដី ចំនួនជាង១០ម៉ឺន ក្បាលដី។

ឯកឧត្តមបញ្ជាក់ថា៖«ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបានបញ្ចូលទិន្នន័យក្បាលដីចំនួន ១០៧.៨២៨ ក្បាលដី កំពុងបិទផ្សាយ ជាសាធារណៈចំនួន ៨២.១៦៨ក្បាលដី និងបានចែកបណ្ណជូនប្រជា ពលរដ្ឋចំនួន ៥៨.៣១០បណ្ណ ក្នុងនោះដីរដ្ឋដែលបានចុះបញ្ជីរួចមាន ចំនួន ១៤៤ក្បាលដី។ គិតមកទល់ពេលនេះក្នុង ក្របខណ្ឌទូទាំងខេត្ត បាន ផ្តល់បណ្ណជូនប្រជាពលរដ្ឋចំនួន ២០៦.៦២០ក្បាលដី»។

ចំពោះការងារចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំវិញឯកឧត្តមបន្តថា សម្រេចបានចំនួន៨៤៨បណ្ណ ការចុះបញ្ជីដីរដ្ឋ សម្រេចបានចំនួន ៥៨.៣១០បណ្ណ ក្នុងនោះដីរដ្ឋដែលបានចុះបញ្ជីរួចមានចំនួន ១៤៤ ក្បាលដី និងបានផ្ដល់លិខិតអនុញ្ញាតសាងសង់សរុបចំនួន ២២០ គម្រោង សរុបទុនវិនិយោគសរុប ចំនួន ជិត៣៣លានដុល្លារ( ៣២.៥០៩.៨៧៦ ដុល្លារ) ខណៈបច្ចុប្បន្នអាជ្ញាធរពាក់ព័ន្ធបាន កំពុង ខិតខំមមាញឹកគ្មានពេលសម្រាក ដើម្បីជំរុញលើកិច្ចការងារទាំងនេះ។

ឯកឧត្តម ខូយ រីដា អះអាងទៀតថា៖« រឿងចុះបញ្ជីក្បាលដី និងចេញ បណ្ណកម្មសិទ្ធ មិនមែនជារឿងគួរទុកចោលនោះទេ តែពេលបច្ចុប្បន្ន យើង ធ្វើមិនទាន់ អត់មានអ្នកណាបានដេកនៅផ្ទះទេ ពោលទាំងថ្ងៃ សៅរ៍ថ្ងៃអាទិត្យ គឺយើងបានខំពន្លឿនជំរុញ និងចាត់ទុកជាការងារ អាទិភាព នឹងត្រូវធ្វើឱ្យសម្រេចបានតាមគោលការណ៍ដែល បាន គ្រោងទុក»។

ជាមួយគ្នានេះដែរ លោក ឱន សុទ្ធា ប្រធានមន្ទីររៀបចំដែនដីនគរូប នីយកម្ម សំណង់ និងសុរិយោដីខេត្តពោធិ៍សាត់បានបញ្ជាក់ដែរថា សម្រាប់ទិសដៅបន្ត មន្ទីដែនដី និងអាជ្ញាធរពាក់ព័ន្ធខេត្តពោធិ៍សាត់ នឹងបន្តយកចិត្តទុកដាក់ខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនស្របតាមទិសដៅរបស់ខេត្តដែលបានដាក់ចុះ និងទិសដៅរបស់ក្រសួងមហាផ្ទៃ ឱ្យសម្រេចបានលទ្ធផលជាផ្លែផ្កាលើគ្រប់វិស័យ ធានាបាននូវសន្តិ សុខសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ពិសេសពន្លឿន ការចុះបញ្ជីដីធ្លីទូទាំងខេត្តឱ្យអស់ក្នុងពេលឆាប់ៗ ដើម្បីលើក កម្ពស់សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ជុំវិញការចុះបញ្ជីដី និងចេញបណ្ណកម្មសិទ្ធដីធ្លីនេះដែរ អនុប្រធានផ្នែក ឃ្លាំមើលសិទ្ធមនុស្ស ដីធ្លី និងធនធានធម្មជាតិ និងជាអ្នកនាំពាក្យ សមាគម ការពារសិទ្ធិមនុស្សអាដហុក លោក សឹង សែនករុណា បានលើកឡើងថា ការប្តេជ្ញាពន្លឿនចុះបញ្ជីដីធ្លី និងចេញបណ្ណកម្មសិទ្ធ ជូនពលរដ្ឋ គឺជារឿងល្អ ដើម្បីអាចឱ្យពួកគាត់អាចប្រើប្រាស់សម្រាប់ ផល ប្រយោជន៍នានា។ តាមការអង្កេតនិងតាមដានលើកិច្ចការងារកន្លងមក ឃើញថា ពលរដ្ឋ មួយចំនួនមិនទាន់យកចិត្តទុកដាក់ឬចង់បានបណ្ណកម្មសិទ្ធស្របច្បាប់អីនោះទេ លើកលែងតែពួកគាត់ត្រូវការដាក់បញ្ចាំនានា ទើបពួកគាត់ទៅ រត់ការដោយខ្លួនឯងផ្ទាល់។

យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តពោធិ៍សាត់ បានបង្ហាញថា ដោយមានការណែនាំពីឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋបាលខេត្តបានយកចិត្ត ទុកដាក់រៀបចំកែសម្រួលផ្ទៃដីតំបន់១ តំបន់២ តំបន់៣ នៃបឹង ទន្លេសាប និងសហការរៀបចំកែសម្រួលព្រំ នៃតំបន់ការពារធនធាន ធម្មជាតិ ដើម្បីផ្ដល់សិទ្ធិជូនប្រជាពលរដ្ឋដែលបានកាន់កាប់ អាស្រ័យ ផល ជាក់ស្តែង និងពិតប្រាកដ។

ប្រភពពីអាជ្ញាធរខេត្តឱ្យដឹងថា រដ្ឋបាលខេត្តក៏រៀបចំប្លង់គោល ប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីក្រុងពោធិ៍សាត់ ដែល មកដល់ ពេលនេះ បានសម្រេចក្នុងក្របខ័ណ្ឌនៃសេចក្តីព្រាងចុងក្រោយដោយ រង់ចាំតែការសម្រេចជាផ្លូវការប៉ុណ្ណោះ។ ខេត្តក៏បានរៀបចំផែនទីហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុង ស្រុកទាំងប្រាំពីរ បានរួចរាល់, បានរៀបចំផែនទីប្រើប្រាស់ដីធ្លីទាំង០៧ក្រុង/ស្រុក និងបានរៀបចំផែនទីបំបែករដ្ឋបាលស្រុកតាលោសែនជ័យ ដែលជា ស្រុកថ្មីក្នុងខេត្តពោធិ៍សាត់។ លើសពីនេះ ខេត្តក៏កំពុងបន្តរៀបចំផែន ទី ភូមិ សម្រាប់គម្រោងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិ-ឃុំគោលដៅផងដែរ។

រដ្ឋបាលខេត្តខេត្តពោធិ៍សាត់ បានបង្ហាញក្តីសង្ឃឹមថា ការពន្លឿន ការងារចុះបញ្ជីក្បាលដីនៅទូទាំងខេត្ត គឺជារឿងចាំបាច់ សម្រាប់ ប្រជាពលរដ្ឋ ពោលជាសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ដើម្បីចៀស វាង នូវការកើតឡើងបញ្ហាផ្សេងៗជាយថាហេតុ៕
ដោយ៖ សែម ពិសី

ads banner