ក្រៀលកម្ពុជា ប្រកាសជ្រើសរើសយុវជន ៥០០នាក់ ចូលរួមសម្អាត បរិស្ថាន នៅព្រឹត្តិការណ៍ “អេកូខានីវ៉ល”

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រៀលកម្ពុជាដែលធ្វើការពាក់ព័ន្ធបរិស្ថាន បានប្រកាស ជ្រើស រើសយុវជនចំនួន៥០០នាក់ ដើម្បីចូលរួមព្រឹត្តិការណ៍ បរិស្ថាន ដ៏ធំមួយឈ្មោះថា “អេកូខានីវ៉ល” ដែលនឹងរៀបចំឡើងនៅពាក់ កណ្តាល ខែមីនានេះ ដើម្បីបំផុសយុវជនឱ្យចូលរួមសម្អាតបរិស្ថាន មុនព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ព្រឹត្តិការណ៍ “អេកូខាន់នីវ៉ល” Eco Carnival រៀបចំដោយ ក្រៀល កម្ពុជា នឹងធ្វើឡើងនៅទីតាំងសួនវត្តបទុម មានរយ:ពេលពីរថ្ងៃ គឺនៅ ថ្ងៃទី១១-១២ មីនា ឆ្នាំ ២០២៣ ក្នុងគោលបំណងបំផុស ឱ្យមាន ការ ចូលរួមដោយផ្ទាល់ពីយុវជន ដើម្បីគាំទ្រដល់យុទ្ធនាការ បរិស្ថានស្អាត រាជធានីភ្នំពេញ មុនព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ ២០២៣ ។ ក្រៅពីនេះតាមរយៈកម្មវិធី អេកូខានីវ៉ល ក៏ដើម្បីចូលរួម អប់រំ ផ្សព្វផ្សាយអំពីចំណេះដឹងបរិស្ថាន លើកកម្ពស់ផលិតផលក្នុង ស្រុក ជំរុញ និងគាំទ្រអាជីវកម្មក្នុងស្រុកផងដែរ។

លោក ងួន ឆៃងន់ ស្ថាបនិកក្រៀលកម្ពុជាបានថ្លែងប្រាប់ថា កម្មវិធី អេកូខានីវ៉ល គឺជាព្រឹត្តិការណ៍បរិស្ថានធំ មួយ ដែលក្រៀលមិនធ្លាប់ មានពីមុនមក ក្រោមការគាំទ្រយ៉ាងពេញទំហឹងពី ក្រសួងបរិស្ថាន ក្រសួងទេចរណ៍ សាលារាជធានីភ្នំពេញ និងដៃគូសហការ ក្រោម បេះដូង និងឆន្ទ:តែមួយ គឺដើម្បីបរិស្ថាន។ លោកបន្តថា៖«ការពិតកន្លងមក យើងធ្លាប់រៀបចំយុទ្ធនាការបរិស្ថាន ដោយមានការចូលរួមដោយផ្ទាល់មួយពាន់នាក់នៅក្នុងការចុះសម្អាតបរិស្ថាន។ ដោយឡែកកម្មវិធីអេកូខានីវ៉លនេះ ក្រៅពីយុវជនចូលរួម យុទ្ធនា ការចុះសម្អាតបរិស្ថានដោយផ្ទាល់ យុវជននឹងចូលរួមក្នុង សកម្មភាព នានារបស់កម្មវិធីផងដែរ»។

លោកបន្តថា កម្មវិធី អេកូខានីវ៉លនេះ ក្រៅពីយុទ្ធនាការចុះសម្អាត បរិស្ថាន ដោយផ្ទាល់ ក៏មានការប្រគំតន្ត្រី ដោយមានសិល្ប:ករ និងសិល្ប:ការនីចូលរួម ដោយមានការចែករំលែកចំណេះដឹងបរិស្ថាន ពីវាគ្មិនកិត្តិយសជាច្រើនរូប មាន special show មានល្បែង កម្សាន្ត រួមទាំងរៀបចំស្តង់ផលិតផលក្នុងស្រុកជិត១០០ ស្តង់។

លោកថា៖«ដូចនេះយុវជន មិនត្រឹមតែចូលរួមលើយុទ្ធនាការសម្អាត បរិស្ថានប៉ុណ្ណឹងទេ ពួកគាត់ជាយុវជនបង្កោល ក្នុងសកម្មភាពកម្មវិធី ទាំងមូល។ ដូចនេះ យុវជនទទួលបានលើសពីលិខិតថ្លែងអំណរគុណ និងសម្ភារអេកូ មានទាំងការចូលរួម ទាំងការកម្សាន្ត និងចំណេះដឹង អំពី បរិស្ថាន ក៏ដូចជាការសហការងារជាក្រុមថែមទៀតផង»។

លោកងួន ឆៃងន់ បានបញ្ជាក់ថា លោកពិតជាត្រូវការយុវជន ចូលរួមច្រើន ព្រោះតាមគម្រោងនឹងមានសាធារណ:ជនចូល រួមមួយម៉ឺននាក់ និងយុវជនស្នូល៥០០នាក់ នៅក្នុងការចូលរួម យុទ្ធនាការចុះសម្អាតបរិស្ថានដោយផ្ទាល់។

ក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាត លើកទី១១ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៣ សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន ថ្លែង ថា ប្រធានបទ «ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ ភាពកក់ក្តៅ» សម្រាប់ទិវាជាតិទីក្រុងស្អាតនាពេលនេះ បានឆ្លុះបញ្ចាំង យ៉ាងច្បាស់ថា ទីក្រុងដែលមានភាពទាក់ទាញគួរឱ្យចង់ទស្សនា កម្សាន្ត និងស្នាក់នៅសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ គឺជាទី ក្រុងដែលស្អាត មានបរិស្ថានល្អ ធានាបាននូវសន្តិសុខ សុវត្ថិភាព ផ្តល់ បដិសណ្ឋារកិច្ចល្អ ភាពរួសរាយរាក់ទាក់ជាមួយនឹងភាពជា ម្ចាស់ ផ្ទះ ដែលផ្តល់នូវការស្វាគមន៍ប្រកបដោយភាពកក់ក្តៅ។

ពាក់ព័ន្ធកិច្ចការបរិស្ថាននេះដែរ ក្រសួងបរិស្ថាន កន្លងទៅបានផ្តល់ការ គាំទ្រ សម្ភារ និងបច្ចេកទេសក្នុងការគ្រប់គ្រង សម្អាត ប្រមូល និង ដឹកជញ្ជូនសំរាម សំណល់រឹងទីប្រជុំជន នៅថ្នាក់ក្រោមជាតិ និង ជំរុញដល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌទូទាំងប្រទេស ឈានទៅធ្វើភាពជាម្ចាស់នៃការគ្រប់គ្រងសំរាមសំណល់ទីប្រជុំជន និងលើកកម្ពស់កិច្ចគាំពារបរិស្ថាន ដើម្បីចូលរួមការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គម ប្រកបដោយនិរន្តរភាព៕
ដោយ៖សុខ រក្សា

ads banner