ទូរទស្សន៍ក្នុងស្រុកមួយបើកដំណើរការកម្មវិធី APP ក្នុងទូរស័ព្ទដៃ ជាមួយនឹងពាក្យស្លោក «បណ្តុំនៃការកម្សាន្តគ្រប់ទីកន្លែង»

លោក Sarayut Suksathit នាយកគ្រប់គ្រងនៃស្ថានីយទូរទស្សន៍ ភីអិនអិន ថ្លែងថា ខណៈពេលដែលយើងរក្សាទស្សនិកជនរបស់យើងនៅលើកញ្ចក់ទូរទស្សន៍ យើងក៏ចង់ឲ្យទស្សនិកជនរបស់យើងមួយចំនួនដែលពួកគាត់កំពុងធ្វើដំណើរ ឬរវល់នឹងកិច្ចការងារផ្សេងៗ ហើយខកខានការទស្សនាកម្មវិធីដ៏ពេញនិយមរបស់យើង អាចទស្សនាប៉ុស្តិ៍ ភីអិនអិន បានតាមរយៈទូរស័ព្ទដៃផងដែរ។

ការថ្លែងបែបនេះរបស់លោក Sarayut Suksathit ធ្វើឡើងនាឱកាសដែលស្ថានីយទូរទស្សន៍ ភីអិនអិន បានដាក់ឲ្យដំណើរការកម្មវិធីសម្រាប់ទូរស័ព្ទដៃ ភីអិនអិន ផ្លាស់ អេប (PNN PLUS APP) ជាមួយបច្ចេកវិទ្យាថ្មីទំនើបដំបូងបង្អស់របស់ខ្លួន ជាមួយនឹងពាក្យស្លោក «បណ្តុំនៃការកម្សាន្តគ្រប់ទីកន្លែង» ដែលពិធីនេះរៀបចំឡើងក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នាល្ងាចថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ចំថ្ងៃអបអរទិវាអន្តរជាតិនារី។

ជាមួយគ្នានេះ លោកនាយកគ្រប់គ្រងបានបញ្ជាក់យ៉ាងដូច្នេះថា យើងកំពុងទាក់ទាញចំណាប់អារម្មណ៍របស់អ្នកឧបត្ថម្ភ និងអ្នកផ្សាយពាណិជ្ជកម្មដែលចង់ប្រើប្រាស់នូវសកម្មភាពដ៏ធំរបស់ ភីអិនអិន ដែលបានបង្កើតឡើងក្នុងរយៈពេលជាច្រើនឆ្នាំ នៅលើកញ្ចក់ទូរទស្សន៍ និងនៅលើបណ្ដាញសង្គមផងដែរ។ យើងរំពឹងថា កម្មវិធីសម្រាប់ទូរស័ព្ទដៃ ភីអិនអិន ផ្លាស់ នឹងទទួលបានប្រជាប្រិយពីទស្សនិកជន និងអ្នកឧបត្ថម្ភផងដែរ។

សូមបញ្ជាក់ថា ភីអិនអិន ផ្លាស់ ត្រូវបានចាប់ផ្តើមអភិវឌ្ឍឡើងកាលពីឆ្នាំមុននោះ មានមុខងារ «ផ្សាយផ្ទាល់» ដើម្បីធានាថា ទស្សនិក ជនរបស់ ភីអិនអិន នឹងអាចមើលកម្មវិធីដែលពួកគេចូលចិត្តបានគ្រប់វេលានិងគ្រប់ទីកន្លែង។ លក្ខណៈពិសេសមួយទៀត នោះគឺមុខងារ «ផ្សាយឡើងវិញ» ដែលអនុញ្ញាតឲ្យទស្សនិកជនដែលខកខានទស្សនាភាពយន្តភាគ ឬកម្ម វិធីផ្សាយនៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន អាចទស្សនាកម្មវិធីទាំងនោះឡើងវិញបាន។

ភីអិនអិន ផ្លាស់ ក៏នឹងដាក់បន្ថែម មាតិកាពិសេសៗ មានដូចជា ភាពយន្តភាគដែលទើបចាក់បញ្ចាំងដំបូងបង្អស់ និងកម្មវិធីកម្សាន្តល្បីៗក្នុងមុខងារ «មាតិកាជាវ» ដែលតម្រូវឲ្យលោកអ្នកជាវដើម្បីទស្សនា។ ជាមួយនឹងមុខងារបន្ថែមតម្លៃថ្មីនេះ យើងរំពឹងថា នឹងទទួលកំណើនចំនួនទស្សនិកជនរបស់យើងបន្ថែមទៀត៕ ដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner