ដើមឆ្នាំនេះ នគរបាលប៉ុស្ដិ៍សហការជាមួយរដ្ឋបាលសង្កាត់ ក្នុងខណ្ឌឬស្សីកែវ ចុះចែកអត្តញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនពលរដ្ឋបាន ២៧៥១នាក់
ភ្នំពេញ៖ ប៉ុស្តិ៍រដ្ឋបាលនគរបាលទាំង ៧ សហការជាមួយរដ្ឋបាលសង្កាត់ ក្នុងមូលដ្ឋានខណ្ឌឬស្សីកែវ បានចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរៀងៗខ្លួន ។ នេះបើតាមការបញ្ជាក់របស់លោកវរៈសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ ។
លោកវរៈសេនីយ៍ឯក ហ៊ាង ថារ៉េត បន្តថា គិតពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃ០៧ ខែមិនា ឆ្នាំ២០២៣ មន្ត្រីនគរបាលខណ្ឌ និងមន្ត្រីនគរបាលតាមបណ្ដារប៉ុស្ដិ បានសហការជាមួយរដ្ឋបាលសង្កាត់ទាំង៧ បានចុះចែកអត្តញ្ញាណប័ណ្ណសញ្ជាតិខ្មែរបានចំនួន ២៧៥១នាក់ ប្រុស ១៣៨០នាក់ ។
សូមរំលឹកថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានបញ្ជាក់ថា ឆ្នាំ២០២០ ជាឆ្នាំទី៤ នៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម បន្ទាប់ពីបានអនុម័តដោយរាជរដ្ឋាភិបាលកាលពីខែមិថុនា ឆ្នាំ២០១៦។ ក្នុងនោះសម្តេចក្រឡាហោម បានថ្លែងថា ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីអត្តសញ្ញាណកម្ម គឺជាផែនការដ៏មានសារសំខាន់មួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានទស្សនវិស័យជាយុទ្ធសាស្ត្រយូរអង្វែង ក្នុងការដឹកនាំតម្រង់ទិសលើការងារគ្រប់គ្រងទិន្នន័យអត្តសញ្ញាណប្រជាពលរដ្ឋ តាមប្រព័ន្ធបច្ចេកវិទ្យាបែបទំនើប និងការប្រើប្រាស់ទិន្នន័យអត្តសញ្ញាណកម្មដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
សូមជម្រាបថា នៅឆ្នាំ២០២១ គឺជាឆ្នាំទី៥ នៃការអនុវត្តផែនយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម (ឆ្នាំ២០១៧-២០២៦) ។ ក្នុងឆ្នាំ២០២១ កម្ពុជា បានទទួលរងនូវផលប៉ះពាល់នៃវិបត្តជំងឺកូវីដ១៩ ដែលបានបណ្តាលឱ្យជួបប្រទះបញ្ហាប្រឈមមួយចំនួន។ តែទោះជាយ៉ាងណាក្តីអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានខិតខំបំពេញភារកិច្ចនិងសម្រេចបាននូវវឌ្ឍនភាពការងារសំខាន់ៗបានយ៉ាងច្រើន ៕
ដោយ ស៊ូ ប៊ុនធី