ត្រឹមខែមីនាឆ្នាំ២០២៣ មានកម្មការិនីឆ្លងទន្លេជាង ៣៥ ម៉ឺននាក់ បានទទួលប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល

អត្ថបទដោយ៖
CPA

ភ្នំពេញ៖​ គិតត្រឹមត្រីមាសទី១ នៃឆ្នាំ២០២៣នេះ មានកម្មការិនីឆ្លងទន្លេ ចំនួន សរុបជាង ៣៥៦.០០០នាក់ ដែលមានចំនួនកូនជាង ៣៥ម៉ឺន ៨ពាន់នាក់ បានទទួលប្រាក់ឧបត្ថម្ភសរុបជាង ១៤៣ ប៊ីលានរៀល ឬស្មើនឹងប្រមាណ ជាង ៣៥លានដុល្លារអាម៉េរិក។ នេះបើតាមការប្រកាសរបស់ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលរសៀល ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣។

រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងនៅក្នុង បណ្តាញ សង្គមហ្វេសប៊ុកផ្លូវការយ៉ាងដូច្នេះថា គិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ដល់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ មានកម្មការិនីឆ្លងទន្លេ ចំនួន សរុបជាង ៣៥៦.០០០នាក់ ក្នុងនោះមានកូនចំនួនជាង ៣៥៨.០០០នាក់ បានផ្តល់ប្រាក់ឧបត្ថម្ភសរុបជាង ១៤៣ប៊ីលានរៀល ឬស្មើនឹងប្រមាណជាង ៣៥លានដុល្លារអាម៉េរិក។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការងារបញ្ជាក់ថា ៖ «វឌ្ឍនភាពនៃការអនុវត្តកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនកម្មករនិយោជិតនារី ក្នុងពេលមានបុត្រ តាមស្ថិតិ កម្មការិនីឆ្លងទន្លេនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣នេះ មានចំនួន ១៦៤នាក់ ចំនួនកូន ១៦៥នាក់ បានផ្តល់ប្រាក់ឧបត្ថម្ភសរុប ៦៦លានរៀល»។
ឯកឧត្តម អ៊ិត សំហេង ធ្លាប់បានឱ្យដឹងដែរថា យោងតាមអនុសាសន៍របស់ សម្ដេច តេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន កម្មវិធីនេះនឹងបន្តអនុវត្តន៍ដើម្បី គាំពារមាតា និងទារក ក្នុងចំណោមបងប្អូនកម្មករនិយោជិតសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធជានារីផងដែរ។
ពាក់ព័ន្ធនឹងរឿងនេះដែរ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានប្រាប់ឱ្យដឹងថា កន្លងមកឃើញថាការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូន កម្មករនិយោជិតនារី ក្នុងពេលមានបុត្រ របស់រដ្ឋាភិបាលមានសកម្មភាព ជាហូរហែរ។លោកថា នាប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជាបាន យកចិត្តទុកដាក់ទៅលើប្រព័ន្ធសន្តិសុខសង្គមបានច្រើន។

បើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បេឡាជាតិសន្តិសុខសង្គម បានដាក់ឱ្យអនុវត្ត កម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់កម្មករនិយោជិត ជាស្រ្តីនៅពេលសម្រាលកូន ក្នុងគោលដៅពង្រឹង និងពង្រីកការអនុវត្ដរបប សន្ដិសុខសង្គមផ្នែកថែទាំសុខភាព ពិសេសរួមចំណែកកាត់បន្ថយអត្រា មរណៈភាពមាតា និងទារក។
ក្រសួងបានបញ្ជាក់ដែរថា ការបើកផ្តល់ប្រាក់ឧបត្ថម្ភដល់ស្រ្តីសម្រាលកូន នេះសម្រាប់ស្រ្តីសម្រាលកូនមួយ (ទោល) ទទួលបានប្រាក់ចំនួន ៤០ម៉ឺនរៀល, កូនភ្លោះ២ (ពីរនាក់) ទទួលបាន៨០ម៉ឺនរៀល, កូនភ្លោះ៣ ទទួលបាន១២០ម៉ឺនរៀល។ លើសពីនេះទៀត ចំពោះកូនភ្លោះ ៣នាក់ ជាកូនរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយទទួលបានប្រាក់ឧបត្ថម្ភចំនួន ៥លានរៀលបន្ថែមទៀត ពីសម្តេចតេជោផ្ទាល់ផងដែរ។

គួរបញ្ជាក់ដែរថា បើតាមលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារ ឆ្នាំ២០២៣ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលចេញ ផ្សាយកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងទៀតថា កាលពី ឆ្នាំ២០២២កន្លងទៅ បេឡាជាតិសន្តិសុខសង្គម បានបន្តផ្តល់ប្រាក់ឧបត្ថម្ភ ស្រ្តីក្រោយពេលសម្រាលកូន ដែលមានស្ត្រីសម្រាលកូន សរុបចំនួន ៥៥ ៨០១នាក់ ស្មើនឹងចំនួនកូន ៥៦ ១៨៨នាក់ ដែលគិតជាទឹកប្រាក់អស់ ប្រមាណ ២២,៤៨លានរៀល ឬស្មើប្រមាណ ៥,៤៨លានដុល្លារអាមេរិក៕
ដោយ៖សែម ពិសី

ads banner