កម្ពុជាត្រូវបានវាយតម្លៃពីគណៈកម្មការ UN ថា ជាប្រទេសអាចមានលក្ខណៈសម្បត្តិចាកចេញពីអភិវឌ្ឍន៍តិចតួចចំនួន ២លើកជាប់គ្នា

ភ្នំពេញ ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ បានលើកឡើងថា កម្ពុជាត្រូវបានវាយតម្លៃពីគណៈកម្មការ UN ថា ជាប្រទេសអាចមានលក្ខណៈសម្បត្តិចាកចេញពីអភិវឌ្ឍន៍តិចតួចចំនួន២លើកជាប់ៗគ្នា។

ការថ្លែងឡើងបែបនេះរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ធ្វើឡើងនៅក្នុងឱកាស អញ្ជើញថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំតុមូលជាន់ខ្ពស់ស្ដីពី ការលើកកម្ពស់ការចូលរួមរបស់ប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងសមាហរណកម្មតំបន់ និងពាណិជ្ជកម្មអន្ដរជាតិ ក្នុងអំឡុងពេលសន្និសីទ LDC5 ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤-៩ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងដូហា ប្រទេសកាតា ។

ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមដែរថា តាមការកត់សម្គាល់អំពីបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងការអភិវឌ្ឍនិងពាណិជ្ជកម្ម ដូចជាការបាត់បង់ជំនួយបច្ចេកទេស វិធានការជំនួយពាក់ព័ន្ធពាណិជ្ជកម្ម ក៏ដូចជាបាត់បង់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មផងដែរ បន្ទាប់ពីចាកចេញពីចំណាត់ថ្នាក់ LDC។ ឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ ឯកឧត្តមរដ្ឋមន្ដ្រីបានថ្លែងថា ការពន្យារពេលក្នុងការផ្ដល់ប្រព្រឹត្តកម្មពិសេសនិងដោយឡែក, កម្មវិធីកសាងសមត្ថភាពនិងជំនួយបច្ចេកទេសចំពោះ LDCs, ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម គួរត្រូវបានធានាជូន LDCs ដែលត្រៀមនឹងចាកចេញពី LDC category ដោយឯកឧត្តមបានលើកឡើងអំពី កម្មវិធីសកម្មភាពដូហាសម្រាប់ LDCs ក្នុងទសវត្សេ៍ ២០២២-២០៣១ និងសេចក្ដីសម្រេច UN ពាក់ព័ន្ធនឹងយុទ្ធសាស្ដ្រអន្ដរកាលរលូនសម្រាប់ប្រទេសកំពុងចាកចេញពី LDC category ឆ្នាំ២០០៤ និង ២០២១។

ជាមួយគ្នានោះដែរ ឯកឧត្ដមរដ្ឋមន្ដ្រី បានគូសបញ្ជាក់អំពីតួនាទីដ៏មានសារសំខាន់របស់ដៃគូអភិវឌ្ឍន៍ ក្នុងការច្របាច់បញ្ចូលយុទ្ធសាស្ដ្រអន្តរកាលយ៉ាងរលូន ទៅក្នុងកម្មវិធីជំនួយ និងអភិវឌ្ឍន៍ជាតិរបស់ប្រទេសដែលកំពុងចាកចេញពី LDC មុនពេល និងក្រោយពេលចាកចេញ។

គួរបញ្ជាក់ថា កិច្ចប្រជុំតុមូលជាន់ខ្ពស់នេះ ត្រូវបានដឹកនាំដោយសហប្រធានពីររូបគឺ ឯកឧត្តម Evariste Ndayishimiye ប្រធានាធិបតីសាធារណរដ្ឋ Burundi និងលោកជំទាវ Sheikh Hasina នាយករដ្ឋមន្ដ្រីប្រទេសបង់ក្លាដេស ព្រមទាំងមានការចូលរួមជាវាគ្មិន ពីបណ្ដារដ្ឋសមាជិក និងស្ថាប័នអន្ដរជាតិនានា ៕

ដោយ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner