នាយឧត្តមសេនីយ៍ ខៀវ សុភ័គ៖ មនុស្ស ៤៥នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី០៨ ខែមីនា ម្សិលមិញ
ភ្នំពេញ ៖ ជនសង្ស័យចំនួន ៤៥នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ដល់បណ្តាញព័ត៌មាន ឱ្យដឹងនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣នេះ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ រូបនេះ បានបញ្ជាក់បថា ក្នុងចំណោមជនសង្ស័យទាំង ៤៥នាក់នោះ មាន ២៧នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសព្រហ្មទណ្ឌ ១៦ករណី និងជនសង្ស័យ ១៨នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មេីសគ្រឿងញៀន ១៣ករណី។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ ។
ឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក “៣កុំ ១រាយការណ៍” មានន័យថា “កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត” ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច៕
ដោយ៖ ឆៃហូត និងប៊ុនធី