មនុស្សជិត៦០០នាក់ចូលរួមព្រឹត្តិការណ៍រត់អបអរទិវានារីអន្តរជាតិ ២០២៣
ភ្នំពេញ៖ ក្រុមហ៊ុន អិនវីស៊ី ខបភើរេសិន ខូអិលធីឌី (វីតាល់) បានចូលរួមឧបត្ថម្ភគាំទ្រព្រឹត្តិការណ៍រត់អបអរទិវានារីអន្តរជាតិ ២០២៣ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពីសុខភាព និងអបអរថ្ងៃទិវាអន្តរជាតិនារី ជាពិសេសដោយទទួលបានការចូលរួមពីសំណាក់កីឡាករ កីឡាការនី ប្រុស ស្រី និងកុមារប្រមាណជិត ៦០០នាក់ ដែលបានធ្វើឡើងនៅបុរី ប៉េង ហួត បឹងស្នោរ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣។
កម្មវិធីរត់ប្រណាំងនេះ រៀបចំឡើងដោយ KK Running Club និងសហការរៀបចំដោយ បុរី ប៉េង ហួត បឹងស្នោរ ក្រោមវិញ្ញាសាររត់ចម្ងាយចំនួនពីរ គឺការរត់ចម្ងាយប្រវែង 3km និង ការរត់ចម្ងាយប្រវែង 8km។ ក្នុងព្រឹត្តិការណ៍រត់ប្រណាំងនេះដែរ មានវត្តមានកីឡាករ កីឡាការនី ជាតិ និងអន្តរជាតិ ចូលរួមរត់ប្រកបដោយទឹកមុខស្នាមញញឹមយ៉ាងសប្បាយរីករាយ។
វីតាល់ពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមចំណែកឧបត្ថម្ភគាំទ្រលើវីស័យកីឡារត់ប្រណាំង ពិសេសស្នាមញញឹមនិងទឹកមុខស្រស់ថ្លាប្រកបដោយភាពស្វាហាប់របស់កីឡាករ និងកីឡាការនីគ្រប់រូប។ តាមរយៈកម្មវិធីរត់ប្រណាំងមួយនេះ អ្នកចូលរួមនឹងទទួលបាននូវអារម្មណ៍ថ្មីប្លែក ពិសេសជម្រុញឱ្យអ្នកចូលរួមស្រឡាញ់ និងថែរក្សាសុខភាព តាមរយៈការធ្វើលំហាត់ប្រាណជាប្រចាំ។
គួរបញ្ជាក់ផងដែរថា វីតាល់មិនត្រឹមតែជាផលិតផលទឹកពិសាគុណភាពខ្ពស់ សុវត្ថិភាព និងអនាម័យប៉ុណ្ណោះទេ ជានិច្ចកាលតែងចូលរួមចំណែកសកម្មភាពសកម្ម និងការឆ្លើយតបទៅនឹងតម្រូវការសង្គមតាមរយៈមូលនិធិ២៥៛ដោយផ្តោតសំខាន់លើការអប់រំ បរិស្ថាន សុខភាព និងកីឡា វប្បធម៌ និងសង្គម៕
ដោយ៖ ទីណា