សម្តេចក្រឡាហោម៖ គោលដៅចម្បងនៃផែនការយុទ្ធសាស្រ្តជាតិស្ដីពីអត្តសញ្ញាណកម្ម គឺការបង្កើតប្រព័ន្ធរួមនៃអត្តសញ្ញាណកម្មប្រជាជន និងការគ្រប់គ្រងទិន្នន័យដើម្បីថែរក្សាសន្តិសុខ

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ.) បានបញ្ជាក់ថា គោលដៅចម្បងនៃផែនការយុទ្ធសាស្រ្តជាតិស្ដីពីអត្តសញ្ញាណកម្មឆ្នាំ២០១៧-២០២៦ គឺការបង្កើតប្រព័ន្ធរួមនៃអត្តសញ្ញាណកម្មប្រជាជន និងការគ្រប់គ្រងទិន្នន័យដើម្បីថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងលើកកម្ពស់ការបម្រើសេវាសាធារណៈនានាជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។ សមិទ្ធផលនៃផែនការយុទ្ធសាស្រ្តនេះ ក៏នឹងរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងរួមចំណែកដល់ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឧក្រិដ្ឋកម្មឆ្លងដែន និងការកំណត់មុខសញ្ញាសង្ស័យនានាទាំងក្នុងប្រទេស ក្នុងតំបន់ និងជុំវិញពិភពលោក។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ.) នៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣។

សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា ទិសដៅការងារដែលត្រូវខិតខំសម្រេចឱ្យបានក្នុងតំណាក់កាលនេះ រួមមានការរៀបចំសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ ការបង្កើតប្រព័ន្ធរួមអត្តសញ្ញាណកម្មប្រជាជន ប្រព័ន្ទចុះបញ្ជីអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន ប្រព័ន្ធចុះបញ្ជីស្នាក់នៅ និងប្រព័ន្ធអត្តសញ្ញាណកម្ម។ សម្ដេចបន្ថែមថា ជំហានបន្ទាប់គឺភ្ជាប់ប្រព័ន្ធទាំងអស់ទៅក្នុងប្រព័ន្ធមេមួយដើម្បីប្រមូលផ្ដុំទិន្នន័យ និងសម្អាតទិន្នន័យសម្រាប់ប្រើប្រាស់ជាប្រយោជន៍សាធារណៈ ខណៈបណ្ដាប្រទេសនានាលើពិភពលោកបាននិងកំពុងយកចិត្តទុកដាក់លើការងារធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ពិសេសការប្ដូរពីការចុះបញ្ជីដោយដៃ ទៅជាការចុះក្នុងប្រព័ន្ធព័ត៌មានវិទ្យា។

នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាសមាជិកអចិន្ត្រៃយ៍ គ.ជ.ដ.អ. បានធ្វើរបាយការណ៍ឱ្យដឹងថា ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និងក្រសួង ស្ថាប័នពាក់ព័ន្ធ និងបានការគាំទ្រផ្នែកបច្ចេកទេសពីអង្គការ Vital Strategies ក្រុមការងារតាក់តែងសេចក្ដីព្រាងច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម បានប្រជុំឆ្លងសេចក្តីព្រាងច្បាប់ជារៀងរាល់សប្តាហ៍ និងបានបញ្ចប់សេចក្តីព្រាងទាំងស្រុងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ និងបានរៀបចំសេចក្ដីព្រាងលិខិតបទដ្ឋានគតិយុត្តិជាបន្តបន្ទាប់។ ចំពោះការពង្រឹងយន្តការច្រកចេញចូលតែមួយសេវាអត្តសញ្ញាណកម្មនៅថ្នាក់ឃុំ សង្កាត់ ឯកឧត្តម នាយឧត្តមសេនីយ៍ បានឱ្យដឹងថា បន្ទាប់ពីបានអនុវត្តសាកល្បងការងារនេះនៅឃុំ សង្កាត់ចំនួន២៤រួចមក ប្រជាពលរដ្ឋបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង។ ផ្អែកលើបទពិសោធន៍ល្អនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មគ្រោងសិក្សាអនុវត្តយន្តការនេះនៅឃុំ សង្កាត់ ចំនួន៥០០ទៀត។ ពាក់ព័ន្ធនឹងការងារអត្តសញ្ញាណកម្មនេះដែរ ឯកឧត្តម ក៏បានរាយការណ៍អំពីការទទួលយកព័ត៌មាន មតិយោបល់ សំណើ និងសំណូមពរនានាដើម្បីដោះស្រាយបញ្ហានានាក្នុងការងារអត្តសញ្ញាណកម្មជូននប្រជាពលរដ្ឋជាង៧ពាន់នាក់។ ទន្ទឹមគ្នានេះ ក៏មានពលរដ្ឋជិត១សែននាក់បានទាញយកកម្មវិធី GDI eServices ទៅប្រើប្រាស់ផងដែរ។

ដោយឡែក លោកជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាសមាជិក គ.ជ.ដ.អ. បានធ្វើរបាយការណ៍សង្ខេបស្ដីអំពីដំណើរការតាក់តែងសេចក្ដីព្រាងច្បាប់ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិះអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដោយសេចក្ដីព្រាងច្បាប់នេះមានចំនួន១២ជំពូក ស្មើនឹង១៨២មាត្រា គឺជំពូកទី១ បទប្បញ្ញត្តិទូទៅ ជំពូកទី២ ការចុះបញ្ជីអត្រានុកូលដ្ឋាន ជំពូកទី៣ ស្ថិតិអត្រានុកូលដ្ឋាន ជំពូកទី៤ ការចុះបញ្ជីស្នាក់នៅ ជំពូកទី៥ ការចុះបញ្ជីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជំពូកទី៦ ប្រព័ន្ធរួមអត្តសញ្ញាណប្រជាជន ជំពូកទី៧ ការប្រើប្រាស់ ទិន្នន័យ ការការពារឯកជនភាពបុគ្គល និងសន្តិសុខទិន្នន័យ ជំពូកទី៨ អំពីកម្រៃសេវា ជំពូកទី៩ ការត្រួតពិនិត្យ និងអធិការកិច្ច ជំពូកទី១០ ទោសប្បញ្ញាត្តិ ជំពូកទី១១ អន្តរប្បញ្ញត្តិ និងជំពូកទី១២ អវសានប្បញ្ញតិ។

បន្ទាប់ពីស្ដាប់របាយការណ៍ប្រចាំឆ្នាំ២០២២ ស្ដីពីវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិ ស្ដីពីអត្តសញ្ញាណកម្ម ឆ្នាំ២០១៧-២០២៦ រាយការណ៍ដោយឯកឧត្តម នាយឧត្តមសេនីយ៍ កង សាខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ដ.អ. បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ និងការដាក់ចេញទិដៅបន្តដ៏មានសារៈសំខាន់ និងចាំបាច់នានា។ សម្ដចក៏បានផ្ដល់អនុសាសន៍បន្ថែមចំពោះសំណូមពរមួយចំនួនផងដែរ៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកសម្តេចក្រឡាហោម ស​ ខេង

ads banner