កម្ពុជាស្នើវៀតណាមពន្លឿននីតិវិធីការធ្វើវិសោធនកម្មកិច្ច ព្រមព្រៀង ទំនិញឆ្លងកាត់រវាងកម្ពុជា-វៀតណាម
ភ្នំពេញ៖ក្រសួងពាណិជ្ជកម្មកម្ពុជាបានស្នើសុំភាគីវៀតណាម ពិនិត្យ លទ្ធភាពពន្លឿននីតិវិធីការធ្វើវិសោធនកម្មកិច្ចព្រមព្រៀងទំនិញឆ្លងកាត់រវាងកម្ពុជា-វៀតណាម ដើម្បីបញ្ចូលច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ (ព្រៃវែង)-តឺនណាម(តៃនិញ) ដើម្បីជំរុញការធ្វើពាណិជ្ជកម្មនៅតំបន់ព្រំដែនរវាង ប្រទេសទាំងពីរបន្ថែមទៀត។
នៅក្នុងជំនួបពិភាក្សាការងារជាមួយអនុរដ្ឋមន្រ្តីក្រសួងឧស្សហកម្ម និង ពាណិជ្ជកម្មវៀតណាម នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម កាលពី ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣កន្លងទៅនេះឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខា ធិការ ក្រសួងពាណិជ្ជកម្មកម្ពុជា បានលើកសំណើដល់ក្រសួងឧស្សហកម្ម និងពាណិជ្ជកម្មវៀតណាម ឱ្យជួយពន្លឿនការធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ទំនិញឆ្លងកាត់រវាងកម្ពុជា-វៀតណាម ដើម្បីបញ្ចូលច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ (ព្រៃវែង) របស់កម្ពុជា-តឺនណាម(តៃនិញ) របស់វៀតណាម ឱ្យរួចរាល់បានឆាប់។
ឯកឧត្តមបានគូសបញ្ជាក់ថា ៖ «កម្ពុជា ស្នើឱ្យវៀតណាម ជួយពន្លឿន លើការ ងារ វិសោធនកម្មកិច្ចព្រមព្រៀងទំនិញឆ្លងកាត់រវាង ប្រទេសទាំងពីរឱ្យបាន កាន់ តែលឿន ខណៈដែលបច្ចុប្បន្ននេះ គូភាគីនៅរង់ចាំតែ ពិធីសម្ពោធជា ផ្លូវការនៃច្រកអន្តរជាតិនេះ ដោយប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ តែ ប៉ុណ្ណោះ»។ កិច្ចព្រមព្រៀងទំនិញឆ្លងកាត់រវាង កម្ពុជា និងវៀតណាមនេះ នឹង ពង្រីក កិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មបន្ថែម នៅពេលដែលឆ្នាំ ២០២២ កន្លងទៅ ទំហំពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរ មានកំណើន រហូតដល់ជិត២០ភាគរយ បើធៀបនឹងឆ្នាំ២០២១ ទោះបីជាប្រទេសទាំងពីរ រងឥទ្ធពលពីកូវីដ១៩ និងអតិផរណាក៏ដោយ។
រដ្ឋលេខាធិការរូបនេះ បានបន្តថា ម្យ៉ាងវិញទៀត ការរៀបចំបំពេញនីតិវិធីផ្ទៃ ក្នុងលើការផ្តល់សច្ចាប័នអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងពាណិជ្ជកម្ម តាម ព្រំដែនដែលបានចុះហត្ថលេខាដោយរដ្ឋមន្រ្តីពាណិជ្ជកម្ម នៃប្រទេស ទាំងពីរ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ បានអនុវត្តដោយរលូន ផងដែរ។
ជាការឆ្លើយតប លោក Tran Quoc Khanh អនុរដ្ឋមន្រ្តីវៀតណាម បាន ឯកភាព ដោយអះអាងថានឹងពន្លឿននីតិវិធីការធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ទំនិញឆ្លងកាត់រវាងកម្ពុជា-វៀតណាម ដើម្បីបញ្ចូលច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ(ព្រៃវែង)-តឺនណាម(តៃនិញ) តាមដែលអាចធ្វើបាន ស្របពេល ដែលថ្នាក់ដឹកនាំកំពូលទាំងពីរគ្រោងនឹងសម្ភោធច្រកទ្វារអន្តរជាតិនេះ នាពេលដ៏ខ្លីខាងមុខ។
លោកបានបញ្ជាក់ថា ៖ «ភាគីវៀតណាម ក៏កំពុងឆ្លងនីតិវិធីផ្ទៃក្នុងផងដែរ ដោយបានបញ្ជូនអត្ថបទកិច្ចព្រមព្រៀងជូនរដ្ឋាភិបាលវៀតណាមពិនិត្យរួចរាល់ហើយ និងបានរំពឹងថាភាគីទាំងពីរ នឹងអាចបញ្ចប់នីតិវិធីផ្ទៃក្នុងរៀងៗខ្លួន នាពេលដ៏ខ្លីខាងមុខ»។
លោកបានបន្តថា ទំនាក់ទំនងដ៏ជិតស្និទ្ធយូរអង្វែងរវាងប្រទេសទាំងពីរ ពិតជាមានសារៈសំខាន់ណា ដែលនឹងជំរុញបន្ថែមនូវការរីកចម្រើននៃកិច្ច សហ ប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគី ដ៏ល្អប្រសើរ ផងដែរ។ វៀតណាម ការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរ និងបន្តអនុវត្តការងារតាមការណែនាំរបស់ ថ្នាក់ ដឹកនាំនៃប្រទេសទាំងពីរ សំដៅជំរុញវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេ ភាគី ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដែលបម្រើដល់ឧត្តមផល ប្រយោជន៍ សេដ្ឋកិច្ច និងប្រជាជននៃប្រទេសទាំងពីរ។
លោក ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា មានប្រសាសន៍ឱ្យដឹង ដែរថា សមាគម បានចុះទៅទស្សកិច្ចសិក្សា និងស្វែងយ៉ាងច្រើននៅតាម ច្រកព្រំដែនរវាងកម្ពុជា និងវៀតណាម ដែលមានប្រវែងរហូតដល់ជាង១ ០០០គីឡូម៉ែត្រនេះ មានច្រករបៀងច្រើន ដែលស្ថិតនៅតាមបណ្តាខេត្តនានា ដូចជា ខេត្តរតនគិរី តាកែវ កំពត ស្វាយរៀង ខេត្តព្រៃវែង ជាដើម។ ប៉ុន្តែច្រក ដែលមានការដោះដូរទំនិញអន្តរជាតិច្រើនជាង មានតែច្រកបាវិត និង ព្រៃវល្លិ៍ទេ ខណៈដែលច្រកផ្សេងទៀតភាគច្រើនជាច្រកទ្វេភាគីប៉ុណ្ណោះ។
លោកបានបញ្ជាក់ថា ៖ «ច្រកព្រំដែនជាលក្ខណៈអន្តរជាតិជាមួយវៀតណាម យើង មិនមានច្រើនទេ ភាគច្រើនជាច្រកទ្វេភាគីប៉ុណ្ណោះ។ ចំពោះ ច្រក ម៉ឺនជ័យ នេះក៏ដូចជាច្រកផ្សេងៗទៀតដែរ រួមមាន បន្ទាយចក្រី ច្រកភ្នំដិន ជាដើម មានលក្ខណៈសំខាន់ណាស់ក្នុងដោះដូរទំនិញរវាងប្រទេសទាំងពីរ។ ដូចនេះវាជាប្រើសើរណាស់ ដែលរដ្ឋាភិបាលប្រទេសទាំងពីររៀបចំឱ្យមាន កិច្ច ព្រមព្រៀងទំនិញឆ្លងកាត់រវាងកម្ពុជា-វៀតណាម ជាពិសេសដើម្បី បញ្ចូលច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ (ព្រៃវែង)-តឺនណាម (តៃនិញ)គឺជា ដំណឹងល្អមួយសម្រាប់វិស័យដឹកជញ្ជូន »។
បើតាមការឱ្យដឹងពីក្រសួងពាណិជ្ជកម្មក្នុងកិច្ចជំនួបពិភាក្សាការងារដ៏មានសារៈសំខាន់នេះភាគីទាំងពីរបានពិភាក្សានិងផ្លាស់ប្តូរយោបល់លើទិដ្ឋភាពទូទៅនៃការធ្វើពាណិជ្ជកម្មទ្វេភាគីផងដែរ ក្នុងនោះរួមមានវឌ្ឍនភាពនៃកិច្ចអនុវត្ត រួមគ្នា (Joint Undertaking) ស្តីពីកិច្ចសហប្រតិបត្តិការរដ្ឋបាលរួមគ្នា ពាក់ព័ន្ធនឹងបទប្បញ្ញត្តិគយលើគ្រឿងបង្គុំ និងផ្នែករបស់ទោចក្រយាន និងបានពិភាក្សាអំពីនីតិវិធី និងយន្តការនានា សម្រាប់ជួយសម្រួលដល់ការ នាំចេញស្ករសកម្ពុជា ចូលទៅទីផ្សារវៀតណាម ដើម្បីចៀសវាងការបង់ពន្ធ ក្រោមវិធានការប្រឆាំងនឹងការបង្វែរទិសដៅទំនិញ។
ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបង្ហាញថា នៅក្នុង ឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម សម្រេចបាន ក្នុងទំហំទឹកប្រាក់ជាង៦១៣៥ថលានដុល្លារ កើនឡើងជិត២០ភាគរយ ក្នុងនោះការនាំចេញទៅវៀតណាម មានទំហំទឹកប្រាក់ជាង២១៦៨លាន ដុល្លារ កើនជិត១០ភាគរយ ខណៈដែលនាំចូលពីវៀតណាមមកវិញ មានទំហំទឹកប្រាក់ជាង៣៩៦៧ លានដុល្លារ កើនជាង២៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១៕
ដោយ៖វណ្ណ សុជាតា