ប្រធាន CIA៖ អនាគតរបស់ទីភ្នាក់ងារនឹងត្រូវកំណត់ដោយការ ប្រកួត ប្រជែងបច្ចេកវិទ្យារវាងអាមេរិក និងចិន

វ៉ាស៊ីនតោន៖ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA លោក វីល្លៀម ប៊ឺនស៍ បាននិយាយកាលពីថ្ងៃពុធក្នុងព្រឹទ្ធសភាថា អនាគតរបស់ ទីភ្នាក់ងារនឹងត្រូវកំណត់ដោយការប្រកួតប្រជែងគ្នាផ្នែកបច្ចេកវិទ្យាដែលកំពុងបន្តមិនឈប់រវាងសហរដ្ឋអាមេរិក និងចិន។

ការលើកឡើងរបស់លោក ប៊ឺនស៍ យ៉ាងដូច្នេះ ធ្វើឡើងបន្ទាប់ពីការចេញ ផ្សាយការវាយតម្លៃការគំរាមកំហែងប្រចាំឆ្នាំនៃសហគមន៍ស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកដែលបានចង្អុលបង្ហាញថា ចិនគឺជាប្រទេសគំរាម កំហែងសន្តិសុខជាតិដ៏ធំបំផុតដែលសហរដ្ឋអាមេរិកប្រឈមមុខ។
របាយការណ៍វាយតម្លៃបានលើកឡើងពីការប្រើប្រាស់យុទ្ធសាស្ត្រឃ្លាំមើលជនជាតិអាមេរិកតាមអ៊ីនធឺណិត ភាពជោគជ័យក្នុងការលួចកម្មសិទ្ធិបញ្ញា និងលទ្ធភាពទទួលបានបច្ចេកវិទ្យាប្រើពីបរទេស របស់ប្រទេសចិន។
លោក ប៊ឺនស៍ បានផ្ដល់សក្ខីកម្មថា៖ «ខ្ញុំគិតថា បដិវត្តន៍បច្ចេកវិទ្យាមិន ត្រឹម តែ ជាឆាកសំខាន់សម្រាប់ការប្រកួតប្រជែងជាមួយ សាធារណរដ្ឋប្រជា មានិត ចិនប៉ុណ្ណោះទេ វាក៏ជាកត្តាកំណត់ដ៏សំខាន់នៃអនាគតរបស់យើងក្នុងនាម សេវាកម្មស៊ើបការណ៍ផងដែរ»។

គួរបញ្ជាក់ថា លោក ប៊ឺនស៍ បាននិយាយក្នុងអំឡុងសវនាការក្នុងសភាស្ដីពី ការគំរាមកំហែងទូទាំងពិភពលោក ដែលចូលរួមដោយប្រធាន សហគមន៍ ស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកផ្សេងទៀត រួមទាំងប្រធាន ទីភ្នាក់ងារ សន្តិសុខជាតិ(NSA) លោក Paul Nakasone ប្រធាន ស៊ើបការណ៍ សម្ងាត់ជាតិ (DNI) លោកស្រី Avril Haines ប្រធានទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់ការពារជាតិ (DIA) លោក Scott Berrier និងប្រធាន ការិយា ល័យស៊ើបអង្កេតសហព័ន្ធ(FBI) លោក Christopher Wray ជាដើម ។

លោក ប៊ឺនស៍ បានបន្តថា ទីក្រុងប៉េកាំងបង្កការគំរាមកំហែងជាច្រើនចំពោះ ផលប្រយោជន៍របស់សហរដ្ឋអាមេរិក រួមទាំងការប្រើប្រាស់ពួកហែកឃឺរ ផងដែរ។
ចំណែកឯរបាយការណ៍វាយតម្លៃការគំរាមកំហែងវិញ បានលើកឡើងថា ប្រសិនបើចិនភ័យខ្លាចថាជម្លោះដ៏ធំមួយជាមួយសហរដ្ឋអាមេរិកខិតជិតមកដល់ នោះប្រទេសនេះស្ទើរតែប្រាកដណាស់ថា «នឹងពិចារណាលើការធ្វើ ប្រតិបត្តិការអ៊ីនធឺណេតដែលរំលោភបំពានប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងធនធានយោធានៅទូទាំងពិភពលោករបស់សហរដ្ឋអាមេរិក»។
របាយការណ៍នេះបន្តថា សកម្មភាពបែបនេះ «នឹងត្រូវរៀបចំឡើង ដើម្បី រារាំងសកម្មភាពយោធារបស់សហរដ្ឋអាមេរិក ដោយរារាំងការសម្រេច ចិត្តរបស់សហរដ្ឋអាមេរិក បង្កឱ្យមានការភ័យស្លន់ស្លោក្នុងសង្គម និងការជ្រៀតជ្រែកក្នុងការដាក់ពង្រាយកងកម្លាំងសហរដ្ឋអាមេរិក»។
បន្ថែមពីលើនេះ របាយការណ៍ដដែលបានចង្អុលទៅលើការពង្រីក អំណាចផ្តាច់ ការដែលជំរុញដោយបច្ចេកវិទ្យាជាសកលរបស់ចិន ដោយលើកឡើងពីកិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងក្លារបស់ចិនក្នុងការគ្រប់គ្រង និងរៀបចំលំហូរដោយសេរីនៃមាតិកាទូទាំងពិភពលោក។

របាយការណ៍ក៏បានអះអាងផងដែរថា ចិនស្ទើរតែប្រាកដណាស់ថា អាចបើកការវាយប្រហារតាមអ៊ីនធឺណិតដែលបង្ខូចសេវាកម្មហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងៗ រួមទាំងបំពង់បង្ហូរប្រេង និងឧស្ម័ន និងប្រព័ន្ធផ្លូវដែក៕
ប្រែសម្រួល៖ហួន ឌីណា

ads banner