អូស្រ្តាលីរំពឹងថានឹងទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរពីអាមេរិកប្រាំ គ្រឿង
កង់បេរ៉ា៖ប្រទេសអូស្រ្តាលីរំពឹងថានឹងទិញនាវាមុជទឹកដើរដោយថាមពល នុយក្លេអ៊ែរលំដាប់វឺជីនៀ (Virginia-class)ពីសហរដ្ឋអាមេរិករហូត ដល់ ប្រាំគ្រឿង ក្រោមកិច្ចព្រមព្រៀងសន្តិសុខត្រីភាគីរវាងអូស្ត្រាលី ចក្រភព អង់គ្លេស និងសហរដ្ឋអាមេរិក (AUKUS) ដើម្បីប្រឈមមុខនឹងចិនក្នុងតំបន់ ប៉ាស៊ីហ្វិក។ នេះបើតាមការរាយការណ៍ផ្ដាច់មុខដំបូងគេរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដែលស្រង់សម្ដីមន្រ្តីមិនបញ្ចេញឈ្មោះអាមេរិកបួនរូបកាលពីថ្ងៃពុធ។
ខណៈបណ្ដាញព័ត៌មាន CNN ក្រោយមករាយការណ៍ថា ចំនួននាវាមុជទឹក ដែលរំពឹងថាទិញមានត្រឹម៤គ្រឿង ប្រភពមន្រ្តីអាមេរិកម្នាក់បានថ្លែង ប្រាប់ រ៉យទ័រ ថា ក្រោមកិច្ចព្រមព្រៀង AUKUS អាមេរិកនឹងត្រូវបញ្ជូន នាវាមុខទឹក របស់ខ្លួនទៅអូស្រ្តាលី មុនពេលបញ្ជូននាវាដែលអូស្រ្តាលីទិញទៅឱ្យ ប្រទេសនេះ។
ប្រភពដដែលបានបន្តថា នាវាអាមេរិកនឹងធ្វើដំណើរល្បាតទៅកំពង់ផែ អូស្រ្តាលី ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ខណៈប្រតិបត្តិការទិញលក់ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរនឹងបញ្ចប់នៅចុងទសវត្សរ៍ ២០៣០ ជាមួយនឹងប្រភេទនាវាមុជទឹកប្រភេទថ្មី ដែលផលិតឡើងតាម ការរចនារបស់អង់គ្លេស និងការប្រើបច្ចេកវិទ្យាអាមេរិក។
គួរកត់សម្គាល់ថា សេចក្ដីរាយការណ៍ជុំវិញករណីនេះធ្វើឡើងខណៈដែល លោកប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងរៀបចំកិច្ចប្រជុំទទួល មេដឹកនាំអូស្ត្រាលី និងអង់គ្លេសនៅទីក្រុងសានឌឺហ្គូ នៅថ្ងៃចន្ទខាងមុខ ដើម្បីរៀបចំផែនការឆ្ពោះទៅមុខសម្រាប់ការផ្គត់ផ្គង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងអាវុធបច្ចេកវិទ្យាខ្ពស់ផ្សេងទៀតដល់ប្រទេស អូស្ត្រាលី។
ប្រភពមន្រ្តីអាមេរិកពីររូបផ្សេងទៀតបានអះអាងប្រាប់រ៉យទ័រថាសហរដ្ឋអាមេរិកដាក់ពង្រាយនាវាមុជទឹកមួយចំនួននៅអូស្ត្រាលីភាគខាងលិចនៅឆ្នាំ២០២៧។ នៅដើមទសវត្សរ៍ឆ្នាំ ២០៣០ អូស្ត្រាលីនឹងទិញនាវាមុជទឹកលំដាប់ វឺជីនៀ ចំនួន បីគ្រឿង និងមានជម្រើសទិញបន្ថែម២គ្រឿងទៀត។
ជុំវិញបញ្ហានេះ គេមិនទាន់ឃើញមានការគូសបញ្ជាក់ ឬប្រតិកម្មបែបណា ជាផ្លូវការពីរដ្ឋាភិបាលអូស្រ្តាលី អង់គ្លេស ឬសហរដ្ឋអាមេរិកនៅឡើយទេ។
កិច្ចព្រមព្រៀង AUKUS ត្រូវបានគេមើលឃើញថា ធ្វើឡើងដើម្បីទប់ស្កាត់ នឹងការគំរាមកំហែងសន្តិសុខ និងការរីកសាយភាពនៃអំណាចក្នុងតំបន់ ពីប្រទេសចិន។
កិច្ចខិតខំប្រឹងប្រែងរបស់សម្ព័ន្ធមិត្តលោកខាងលិចមួយនេះ បានរងការ ថ្កោលទោសខ្លាំងៗពីក្រុងប៉េកាំង ដែលបង្កើនការធ្វើយោធាកម្មក្នុងសមុទ្រ ចិន ខាងត្បូង បូករួមនឹងការបន្ថែមសកម្មភាពយោធាទ្រង់ទ្រាយធំនៅ ជុំវិញកោះតៃវ៉ាន់ ដែលចិនទាមទារថាជាទឹកដីរបស់ខ្លួន។
សូមរំឭកថា AUKUS ដែលប្រកាសឡើងនៅឆ្នាំ ២០២១ រំពឹងថាជា គម្រោងការពារជាតិដ៏ធំបំផុតមិនធ្លាប់មានរបស់អូស្ត្រាលី ហើយផ្តល់ ឱកាសការងារនៅក្នុងប្រទេសទាំង៣ ដែលជាម្ចាស់ហត្ថលេខីនៃកិច្ច ព្រមព្រៀង។ បច្ចុប្បន្ន អូស្ត្រាលីមានកងនាវានាវាមុជទឹកដើរដោយថាម ពលធម្មតាចំនួន ៦ គ្រឿង ដែលនឹងបម្រើការងាររហូតដល់ឆ្នាំ ២០៣៦។ នាវាមុជទឹកនុយក្លេអ៊ែរ អាចមុជនៅក្រោមទឹកបានយូរជាងនាវាធម្មតា ហើយពិបាកឱ្យគេរកវាឃើញណាស់៕
ប្រែសម្រួល៖ហួន ឌីណា