សេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋានស្ថិតិអត្រានុកូលដ្ឋាននិងអត្តសញ្ញាណកម្ម នឹងបញ្ចប់ក្នុងកម្រិតអន្តរក្រសួងឆាប់ៗនេះ
ភ្នំពេញ៖អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឱ្យដឹងថា «សេចក្តីព្រាងច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម» នឹងបញ្ចប់ ក្នុងពេលឆាប់ៗនេះក្នុងកម្រិតអន្តរក្រសួង ដែលការរធ្វើទំនើបកម្មក្របខ័ណ្ឌ ច្បាប់នេះនឹងក្លាយជាឧបករណ៍គតិយុត្តិដ៏សំខាន់ ដើម្បីធានាបាននូវការ ចែក រំលែកទិន្នន័យច្បាស់លាស់ និងជាមូលដ្ឋានក្នុងការរៀបចំផែនការអភិវឌ្ឍន៍ នៅក្នុងសង្គម។
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិ ដឹកនាំតម្រង់ ទិសការងារអត្រានុកូលដ្ឋានស្ថិតិ អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ) លើកទី៧ ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ ប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា អភិបាលខេត្តពាក់ព័ន្ធ ព្រមទាំងមន្រ្តីជំនាញជាច្រើនរូប នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ដោយបានកត់សម្គាល់ ឃើញថា ឆ្នាំ២០២១ ជាឆ្នាំទី៥នៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពី អត្តសញ្ញាណកម្ម បន្ទាប់ពីបានអនុម័តដោយរាជរដ្ឋាភិបាលកាលពីខែមិថុនា ឆ្នាំ២០១៦។សម្ដេចបន្តថា៖« គោលដៅចម្បងនៃផែនការយុទ្ធសាស្ត្រជាតិ គឺជាការបង្កើតប្រព័ន្ធរួមអត្តសញ្ញាណកម្មប្រជាជន និងការប្រើប្រាស់ទិន្នន័យ ក្នុងប្រព័ន្ធនេះ ដើម្បីបម្រើជាប្រយោជន៍ជាតិ ដូចជា ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ លើកកម្ពស់គុណភាពនៃការផ្តល់សេវា និងជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ»។
សម្ដេចក្រឡាហោម ស ខេង បន្ថែមថា កិច្ចការដែលត្រូវខិតខំសម្រេចឱ្យ បានក្នុងដំណាក់កាលដំបូងនេះ គឺការរៀបចំគោលនយោបាយ និង ក្របខ័ណ្ឌច្បាប់ ការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម រួមទាំងលិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធសំខាន់ៗ។ជាជំហានបន្តត្រូវបង្កើតប្រព័ន្ធរួមអត្តសញ្ញាណកម្មប្រជាជន ប្រព័ន្ធចុះបញ្ជី អត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន ប្រព័ន្ធចុះបញ្ជីស្នាក់នៅ និងប្រព័ន្ធ គ្រប់គ្រងទិន្នន័យសញ្ជាតិ ជំហានបន្ទាប់ គឺការភ្ជាប់បណ្តាញ ទំនាក់ទំនង រវាងប្រព័ន្ធទាំងអស់ដើម្បីប្រមូលផ្តុំ និងសម្អាតទិន្នន័យចូលក្នុងប្រព័ន្ធរួម មួយដែលជាប្រភពព័ត៌មានដ៏ចម្បងប្រកបដោយគុណភាព សម្រាប់បម្រើ ឱ្យការប្រើប្រាស់ក្នុងគោលដៅគ្រប់គ្រងទិន្នន័យប្រជាពលរដ្ឋ និងលើកកម្ពស់ គុណភាពនៃការផ្តល់សេវាសាធារណៈ។
អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាប្រធានលេខាធិការ ដ្ឋាន គ.ជ.ដ.អ ឯកឧត្តម កង សុខន បានឱ្យដឹងថា សេចក្តីព្រាងច្បាប់ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម នឹងឆ្លងបញ្ចប់ ក្នុងពេលឆាប់ៗនេះក្នុងកម្រិតអន្តរក្រសួង មុនដាក់ឆ្លងក្នុងសិក្ខាសាលា ពិគ្រោះយោបល់។
សម្រាប់ការងារពង្រឹងយន្តការសេវាអត្តសញ្ញាណកម្មឯកឧត្តម កង សុខន បានបញ្ជាក់បន្ថែមថា ក្នុងគោលដៅលើកកម្ពស់ប្រសិទ្ធភាពការផ្តល់សេវា អត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ ក្រសួងមហាផ្ទៃ បានសម្រេចបង្កើត ក្រុមការងារ “ប្រចាំការសេវាកម្មអត្តសញ្ញាណកម្ម និងប្រតិកម្មរហ័ស” ដោយក្រុមប្រចាំការមានភារកិច្ចតាមដាន ស្រង់មតិយោបល់ សំណូមពរ និងបញ្ហាប្រឈមនានារបស់ពលរដ្ឋ ដើម្បីយកមកពិនិត្យដោះស្រាយបាន ជាបន្តបន្ទាប់។
ជាមួយគ្នានោះដែរលោកជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិការប្រចាំការ ក្រសួង យុត្តិធម៌ និងជាប្រធានក្រុមការងារតាក់តែងសេចក្តីព្រាងច្បាប់ស្តីពី អត្រានុ កូលដ្ឋាន ស្ថិតិអត្រាកូលដ្ឋាន និងអត្តសញ្ញាណកម្ម បានធ្វើ សេចក្តី រាយការណ៍ សង្ខេបចាប់តាំងពីការបង្កើតក្រុមការងាររៀបចំសេចក្តីព្រាងច្បាប់ រហូតដល់ការបញ្ចប់សេចក្តីព្រាង និងការប្រជុំឆ្លងជាបន្តបន្ទាប់ រហូតទទួល បាន ការបញ្ចប់ដោយជោគជ័យ។
ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពី «អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម» នេះ គឺជាការឆ្លើយតទៅនឹងគោលនយោបាយរបស់ រាជ រដ្ឋាភិបាល ក្នុងការធ្វើទំនើបកម្មក្របខ័ណ្ឌច្បាប់ ហើយនឹងក្លាយជា ឧបករណ៍គតិយុត្តិ ដើម្បីធានាបាននូវការចែករំលែកទិន្នន័យច្បាស់ លាស់ តាមតម្រូវការរបស់ស្ថាប័នដែលមានសមត្ថកិច្ចពាក់ព័ន្ធ និងជាមូលដ្ឋាន ក្នុងការរៀបចំផែនការអភិវឌ្ឍន៍ និងតាមដានភាពរីកចម្រើននៃសង្គម។ ធានាដល់កិច្ចការពារសិទ្ធិរបស់ប្រជាពលរដ្ឋគ្រប់ៗរូប ដែលរស់នៅក្នុងដែន សមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា ធានាឱ្យប្រជាពលរដ្ឋគ្រប់រូបមាន អត្តសញ្ញាណ តាមផ្លូវច្បាប់ តាមរយៈការផ្តល់លេខសំគាល់អត្តសញ្ញាណ បុគ្គលតែមួយគត់សម្រាប់មនុស្សម្នាក់ៗ៕
ដោយ៖សុខ រក្សា