ផ្លូវនិងស្ពានឆ្លងទន្លេសាបភ្ជាប់កំពង់ឆ្នាំង-កំពង់ធំ តម្លៃ ២៥០លានដុល្លារ នឹងសង់ជាផ្លូវការនៅឆ្នាំក្រោយ

អត្ថបទដោយ៖
CPA

កំពង់ឆ្នាំង៖ គម្រោងស្ថាបនាផ្លូវមួយខ្សែដែលមានប្រវែង ៥៧គីឡូម៉ែត្រ និងស្ពានដែលឆ្លងកាត់ដៃទន្លេ ដែលភ្ជាប់ពីខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ នឹងបើកការដ្ឋានសាងសង់នៅឆ្នាំ២០២៤ ខាងមុខនេះ ខណៈអន្តរក្រសួង អះអាងថា គម្រោងនេះ មិនមានផលប៉ះពាល់ណាមួយដល់បរិស្ថាន ទន្លេសាប នោះឡើយ។

ថ្លែងក្នុងដំណើរចុះពិនិត្យទីតាំងសាងសង់កំពង់ផែពហុបំណងនិងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង របស់អន្តរក្រសួង កាលថ្ងៃទី៩ ខែមីនាទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា នៅពេលដ៏ខ្លីខាងមុខនេះ គម្រោងស្ថាបនាផ្លូវមួយខ្សែ ដែលមានប្រវែង ៥៧គីឡូម៉ែត្រនឹងចាប់សាងសង់ឡើង ពីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ឆ្ពោះទៅស្រុកស្ទឹងសែន ខេត្តកំពង់ធំ។ ជាមួយនឹងការ ស្ថាបនាផ្លូវមួយខ្សែនេះ ក៏មានការសាងសង់ស្ពានដែលឆ្លងកាត់ដៃទន្លេ ប្រវែងរហូតដល់ទៅ ៣ ៣០០ ម៉ែត្រ ដែលជាស្ពានវែងជាងគេ នៅក្នុង ប្រវត្តិសាស្ត្រប្រទេសកម្ពុជាផងដែរ។

ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា ៖ «ក្រោយការប្រកាសរបស់ ប្រមុខរដ្ឋាភិបាលសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីបុណ្យ ទន្លេនៅខេត្តកំពង់ឆ្នាំង កាលពីឆ្នាំ២០១៩ ដើម្បីកសាងផ្លូវ៥០សេ (50C) ប្រវែង ៥៨គីឡូម៉ែត្រ ដែលមានទាំងផ្លូវ និងស្ពានឆ្លងទន្លេ ដោយតភ្ជាប់ ពីខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំនោះ ផ្លូវមួយនេះនឹងត្រូវចាប់ផ្តើម សាងសង់នៅឆ្នាំ២០២៤ ដោយមិនមានការពន្យារពេល ឬយឺតយ៉ាវទៀត ឡើយ»។
ឯកឧត្តមបានបន្តដែរថា គម្រោងនេះគឺបានសិក្សារួចរាល់ហើយ បន្ទាប់ពី ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានសិក្សាយ៉ាងលម្អិត ទៅលើក្រុមហ៊ុនសាងសង់ សាវ៉ាក់ ខុនស៊ុលថិន ឃើញថាមិនបានផល ប៉ះពាល់ធ្ញន់ធ្ងរណាមួយដល់ដល់បរិស្ថាន ធនធានធម្មជាតិ បញ្ហាបង្វែរចរន្ត ទឹក ការបម្លាស់ទីរបស់ត្រីនៅក្នុងទន្លេ និងសង្គមនោះឡើយ។
ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ដែរថា គម្រោងសាងសង់ផ្លូវ៥០សេ ប្រវែងជាង ៥៨ មានទីតាំងស្ថិតនៅក្នុងតំបន់ទន្លេសាបប្រមាណ ១៥០ហិកតា ដែលផ្លូវនេះ ភ្ជាប់ពីក្រុងកំពង់ឆ្នាំង ឆ្លងកាត់ស្រុកកំពង់លែង នៃខេត្តកំពង់ឆ្នាំង ឆ្ពោះទៅក្រុងស្ទឹងសែន នៃខេត្តកំពង់ធំ។ គម្រោងផ្លូវនេះដែរ ក៏មានលូប្រមាណ ១០០លូ និងស្ពាន ៥ថែមទៀត។
ជាមួយគ្នានេះដែរ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏បានបញ្ជាក់ដែរថា ក្រោយបានសិក្សាយ៉ាងលម្អិត និងច្បាស់លាស់ពី ផលប៉ះពាល់នៃគម្រោងសាងសងផ្លូវ និងស្ពាននេះ រួចមមក ឃើញថាទីតាំង គម្រោងផ្លូវ និងស្ពានឆ្លងទន្លេនេះ គឺមិនមានផលប៉ះពាល់ ដល់មុខងារ ប្រព័ន្ធអេកូឡូស៊ីទន្លេសាបធ្ងន់ធ្ងរទេ បើយើងប្រៀបធៀបទៅហ្នឹង ទំហំរបស់ ទន្លេសាបទាំងមូល។

ពាក់ព័ន្ធនឹងគម្រោងសាងសងផ្លូវ និងស្ពាននេះដែរ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបង្ហាញការគាំទ្រ និងស្វាគមន៍ ចំពោះវត្តមានសមិទ្ធផលថ្មីៗរបស់ខេត្តកំពង់ឆ្នាំងនាពេលខាងមុខ។ លោករំពឹងថា គម្រោងនេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ ប្រជាពលរដ្ឋ ខេត្តកំពង់ឆ្នាំង និងខេត្តនានាឆ្ពោះទៅជួយជំរុញកំណើន សេដ្ឋកិច្ចជាតិឱ្យកាន់តែស្ទុះឡើងថែមទៀត។

សូមបញ្ជាក់ថា បច្ចុប្បន្នស្ពានដែលវែងជាងគេនៅក្នុងប្រទេសកម្ពុជា គឺស្ពានអ្នកលឿងមានប្រវែង ២,២១៥ ម៉ែត្រ ដែលចំណាយថវិកាសាង សង់ប្រមាណ១៣០ លានដុល្លារអាមេរិក។ គម្រោងផ្លូវ ៥០សេនេះ មានប្រវែង ៥៨គីឡូម៉ែត្រ ក្នុងនោះមានស្ពាន ៣៣០០ម៉ែត្រ ដែលតភ្ជាប់ រវាងខេត្តកំពង់ឆ្នាំង និង ខេត្តកំពង់ធំនេះ ដែលវានឹងក្លាយជាស្ពានវែង ជាងគេមួយ នៅប្រទេសកម្ពុជា គ្រោងនឹងចំណាយថវិកាក្នុងការសាង សង់ជាង ២៥០លានដុល្លារ ដោយបែងចែកទៅផ្លូវប្រហែល ១៥០លាន ដុល្លារ និងស្ពានប្រហែលជា ១០០លានដុល្លារ។នេះបើយោងតាម ការបញ្ជាក់ឱ្យដឹងពីឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន។
រដ្ឋមន្រ្តីក្រសួងសារធារណការ និងដឹកជញ្ជូន ក៏បានថ្លែងបញ្ជាក់ទៀតថា គម្រោងនេះត្រូវបានលោកបានធ្វើលិខិតថ្មីៗ គោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ធ្វើយ៉ាងណាស្នើសុំថវិកាពីប្រទេសចិន ដើម្បី ឈាន ទៅចាប់ផ្តើមសាងសង់នៅឆ្នាំ២០២៤ ខណៈប្រមុខរដ្ឋាភិបាល ក៏បាន ចារឯកភាពយកជម្រើសនេះផងដែរ៕
ដោយ៖សែម ពិសី

ads banner