រដ្ឋមន្រ្តីក្រសួងអប់រំ៖សៀវភៅគឺជាប្រភពនៃចំណេះដឹង ការជំរុញ និងលើកកម្ពស់ការអាន ដើម្បីអភិវឌ្ឍវិស័យអប់រំ
ភ្នំពេញ៖សៀវភៅ គឺជាប្រភពនៃចំណេះដឹង ការជំរុញ និងលើកកម្ពស់ការអាន គឺជាបេសកកម្មមួយដ៏មានសារ:សំខាន់ជាពិសេសសម្រាប់អភិវឌ្ឍវិស័យអប់រំ ។ នេះជាការថ្លែងបញ្ចាក់ពីសំណាក់ ឯកឧត្តម ហង់ ជួន ណរ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា ក្នុងពិធីកាត់ខ្សែបូសម្ពោធស្តង់ពិព័រណ៍សៀវភៅឆ្នាំ២០២៣ នាថ្ងៃទី១០ ខែមីនានេះ។
ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ថ្លែងបន្តថា កុមារ និងយុវជនដែលជាអ្នកបន្តវេនត្រូវពង្រីកចំណេះដឹងរបស់ខ្លួនឱ្យបានទូលំទូលាយ ការអានដើម្បីបណ្ដុះទម្លាប់អានជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន ជំរុញវប្បធម៌អាន និងការតែងនិពន្ធសំដៅរួមចំណែកការពារ និងពង្រឹងវប្បធម៌ អរិយធម៌ខ្មែរ ដល់សិស្ស និស្សិត មន្ត្រីរាជការក៏ដូចជាប្រជាជនគ្រប់រូបក្នុងប្រទេសកម្ពុជា ។
គួរបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៣នេះ ក្រសួងអប់រំ យុវជននិងកីឡា នឹងរៀបចំប្រារព្ធទិវាជាតិអំណាន ឆ្នាំ២០២៣ ក្រោមប្រធានបទ “អំណានជាមាគ៌ាឆ្ពោះទៅបរិវត្តកម្មវិស័យអប់រំ”នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ៨:០០ព្រឹក ដល់ម៉ោង ១៧:០០នាទីល្ងាចព្រមទាំងមានការតាំងពិព័រណ៍សៀវភៅរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី១០ ដល់ទី១២ ខែមីនាឆ្នាំ២០២៣ ៕
ដោយ ៖ ម៉ាដេប៉ូ