កូរ៉េខាងជើង សាកល្បងមីស៊ីល បំពាក់ក្បាលគ្រាប់ នុយក្លេអ៊ែរ បាញ់ចេញពី នាវាមុជទឹក

ព្យុងយ៉ាង៖ នៅព្រឹកថ្ងៃច័ន្ទទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានផ្សាយថា ប្រទេសកូរ៉េខាងជើងសាកល្បងកាំជ្រួចបាញ់ចេញពីនាវាមុជទឹកចំនួន២គ្រាប់កាលពីថ្ងៃទី១២ខែមីនាដើម្បីបង្ហាញការឆ្លើយតបចំពោះសមយុទ្ធយោធារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។

ក្រុមអ្នកឃ្លាំមើលកត់សម្គាល់ពាក្យ”យុទ្ធសាស្ត្រ” ដែលសារព័ត៌មានរដ្ឋកុម្មុយនីស្តមួយនេះប្រើជាធម្មតាដើម្បីពិពណ៌នាអំពីអាវុធពាក់ព័ន្ធនឹងថាមពលនុយក្លេអ៊ែរ។ សារព័ត៌មានKCNA បាននិយាយថា ការបាញ់សាកល្បងកាំជ្រូចនេះជោគជ័យដូចការរំពឹងទុក។

អគ្គសេនាធិការចម្រុះកងទ័ពកូរ៉េខាងត្បូង បាននិយាយថា យោធាខ្លួនប្រុងប្រយ័ត្នខ្ពស់ ហើយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសនេះ កំពុងធ្វើការជាមួយសមភាគីអាមេរិក ដើម្បីវិភាគពីភាពជាក់លាក់នៃការបាញ់កាំជ្រូចរបស់កូរ៉េខាងជើងលើកនេះ។
កងទ័ពកូរ៉េខាងត្បូង និងអាមេរិកនៅថ្ងៃច័ន្ទទី១៣មីនានឹងចាប់ផ្តើមសមយុទ្ធរួមគ្នារយៈពេល ១១ថ្ងៃ ដែលមានឈ្មោះហៅថា Freedom Shield 23។

KCNA បាននិយាយថា ការបាញ់កាំជ្រូចពីនាវាមុជទឹកនេះធ្វើឡើង ក្នុងគោលបំណងបង្ហាញពីការប្តេជ្ញាចិត្តរបស់កូរ៉េខាងជើងក្នុងការគ្រប់គ្រងស្ថានការណ៍មួយ ដែល KCNA បាននិយាយថា «ចក្រពត្តិនិយមអាមេរិក និងកងកម្លាំងអាយ៉ងកូរ៉េខាងត្បូងកំពុងធ្វើសមយុទ្ធត្រៀមប្រឈានពានកូរ៉េខាងជើង»។

KCNA បាននិយាយថា កាំជ្រួចនេះ បានបាញ់ចេញពីនាវាមុជទឹក “8.24 Yongung” នៅក្នុងទឹកនៅឆ្នេរសមុទ្រភាគខាងកើតនៃឧបទ្វីបកូរ៉េនៅព្រឹកព្រលឹមថ្ងៃអាទិត្យ។ របាយការណ៍របស់ KCNA បាននិយាយថា កាំជ្រួចបានធ្វើដំណើរចម្ងាយប្រហែល 1,500 គីឡូម៉ែត្រ មុនពេលវាយប្រហារគោលដៅមួយនៅក្នុងសមុទ្រ។

សារព័ត៌មានAPរាយការណ៍ថា កាល ពី ថ្ងៃ ព្រហស្បតិ៍ សប្តាហ៍ មុន លោក គីម ជុងអ៊ុន បាន អង្កេតដោយផ្ទាល់ លើ សមយុទ្ធ បាញ់ គ្រាប់ ពិត ដែល ក្លែង ធ្វើ ការ វាយ ប្រហារ លើ អាកាសយានដ្ឋាន កូរ៉េ ខាង ត្បូង។លោកថែមទាំងបានបញ្ជាឱ្យយោធារបស់គាត់រក្សាសមត្ថភាព “ឆ្លើយតបយ៉ាងលើសលប់” ចំពោះសកម្មភាពរបស់សត្រូវទៀតផង៕
ប្រែសម្រួល: វណ្ណ ស័ក្តិ

ads banner