ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ថ្លែងអំណរគុណប្រជាពលរដ្ឋខេត្តកំពង់ចាម ដែលបានគាំទ្រសម្តេចតេជោ ហ៊ុន សែន ជារៀងរហូតមក ពិសេស បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យឈ្នះលើសលប់
ខេត្តកំពង់ចាម ៖ ក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីគណបក្ស យុវជនគណបក្សស្រុក ឃុំ ភូមិ និងសាលារៀន ដែលរៀបចំធ្វើនៅសាលប្រជុំគណបក្សស្រុកបាធាយ កាលពីរសៀលថ្ងៃទី១១ ខែមិនា ឆ្នាំ២០២៣ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី បានរំលឹកថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមទាំងអស់ដែលបានគាំទ្រសម្តេចតេជោ ហ៊ុន សែន ជារៀងរហូតមក ពិសេស បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យឈ្នះលើស ៧០% ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលកន្លងទៅ ហើយសង្ឃឹមជឿជាក់ថា គណបក្សប្រជាជនកម្ពុជា នឹងទទួលបានជ័យជំនះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣ខាងមុខ ដើម្បីបានដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យបានរីកចម្រើនសម្បូរសប្បាយបន្តទៀត ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី សមាជិកគណៈអចិន្ត្រៃយ៏គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម ក៏បានណែនាំដល់ ប្រធាន អនុប្រធានក្រុមការងារចុះជួយស្រុក ឃុំ ភូមិ នៃស្រុកបាធាយទាំងអស់ ត្រូវបន្តផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា, និងជោគជ័យដ៏ធំធេងរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដូចជា ជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ផ្តល់ឱកាសក្នុងការបើកប្រទេស និងសេដ្ឋកិច្ចឡើងវិញ, រក្សាបាននូវសុខសន្តិភាព សុវត្ថិភាពសង្គម ឯកភាពជាតិ ឯកភាពទឹកដី ក្រោមដំបូលរដ្ឋធម្មនញ្ញតែមួយ រាជរដ្ឋាភិបាលតែមួយ, ប្រែក្លាយតំបន់សមរភូមិសង្គ្រាម មកជាតំបន់អភិវឌ្ឍន៍, កសាងហេដ្ឋារចនាសម្ព័នផ្លូវ ស្ពានគ្រប់ទិសទី តាំងពីទីក្រុងរហូតដល់ជនបទដាច់ស្រយាល ពីផ្លូវដី មកជាផ្លូវក្រាលកៅស៊ូ និងបេតុ, កម្រិតជីវភាពរស់នៅរបស់ប្រជាជនកាន់តែត្រូវបានកែលំអរជាលំដាប់ រួមទាំងការផ្គត់ផ្គង់ទឹកស្អាត់ និងបង្គន់អនាម័យ, ដោះស្រាយប្រកបដោយប្រសិទ្ឋភាពនូវបញ្ហាកង្វះអាហារូបត្ថម្ភគ្រប់ទម្រង់ រួមទាំងវិស័យអប់រំ និងគិតគូពីជីវភាពរស់នៅរបស់កម្មករកម្មការីនី ដែលធ្វើឲ្យសន្ទុះនៃការគាំទ្ររបស់ពួកគេមកលើការដឹកនាំរបស់សម្តេចតេជោកាន់តែខ្លាំងក្លាឡើង និងចុងក្រោយនេះ គឺជោគជ័យនៃការដឹកនាំកិច្ចប្រជុំកំពូលអាស៊ានប្តូរវេន ដែលធ្វើឲ្យពិភពលោកមានការស្ងើចសរសើរដល់កម្ពុជាយ៉ាងខ្លាំង។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី បញ្ជាក់ថា លទ្ធផលទាំងនេះ គឺជាសមត្ថភាពដ៏ខ្ពង់ខ្ពស់ប្រកបដោយបញ្ញាញាណឈ្លាសវៃ និងប៉ិនប្រសព្វក្នុងការដឹកនាំប្រទេសជាតិរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលយើងទាំងអស់គ្នាត្រូវតែមានការជឿជាក់ និងបន្តគាំទ្រសម្តេតតេជោ ជាបេក្ខជននាយករដ្ឋរដ្ឋគ្រប់អាណត្តិ និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីនាពេលអនាគត ៕ ប្រភព ៖ គណៈរដ្ឋមន្ត្រី


