អង់គ្លេសនឹងបង្កើនថវិកា លើវិស័យការពារជាតិ ចំនួន ៦ប៊ីពាន់លានដុល្លារ ក្នុងរយៈពេលពីរឆ្នាំខាងមុខ

ឡុងដ៍៖ ការិយាល័យនាយករដ្ឋមន្រ្តីអង់គ្លេស លោក រីសស៊ី ស៊ូណាក់ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអាទិត្យទី១២ ខែមីនានេះថា រដ្ឋាភិបាលអង់គ្លេសនឹងបង្កើនការចំណាយលើវិស័យការពារជាតិរបស់ខ្លួនរហូតដល់ ៥ប៊ីលានផោន ឬប្រមាណ៦ប៊ីលានដុល្លារ ក្នុងអំឡុងពេលពីរឆ្នាំខាងមុខ ដោយសារជម្លោះនៅអ៊ុយក្រែន។

យោងតាមសេចក្តីថ្លែងការណ៍ ក្នុងចំណោមថវិកាខាងលើនេះ ៣ប៊ីលានផោន ឬប្រមាណ៣.៦ប៊ីលានដុល្លារនឹងត្រូវចំណាយលើសហគ្រាសនុយក្លេអ៊ែរការពារជាតិ ខណៈដែលមូលនិធិដែលនៅសេសសល់នឹងបំពេញបន្ថែម និងពង្រឹងឃ្លាំងផ្ទុកអាវុធរបស់យើង ដើម្បីជំនួសសព្វាវុធដែលបានបរិច្ចាគដល់អ៊ុយក្រែន។

ទន្ទឹមគ្នា ការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេសបាននិយាយថា លោក ស៊ូណាក់ នឹងដាក់ចេញនូវមហិច្ឆតាមួយ ដើម្បីបង្កើនការចំណាយលើវិស័យការពារជាតិរបស់ប្រទេសគាត់ រហូតដល់ ២.៥ភាគរយនៃផលិតផលសរុបក្នុងស្រុក (GDP) ក្នុងរយៈពេលវែង។ បច្ចុប្បន្ននេះ ថវិការបស់ក្រសួងការពារជាតិអង់គ្លេសមានចំនួន ៤៨,៦ប៊ីលានផោន ឬប្រមាណ៥៨,៤ប៊ីលានដុល្លារ។

ដោយឡែកសារព័ត៌មានអង់គ្លេសបានរាយការណ៍មុននេះថា លោកឧត្តមសេនីយ៍ Sir Patrick Sanders ដែលជាអគ្គសេនាធិការបានព្រមានថា លោកអាចនឹងលាលែងពីតំណែង លុះត្រាណាតែក្រសួងការពារជាតិរបស់ព្រះរាជាណាចក្រនេះទទួលបានជោគជ័យ ក្នុងការបង្កើនការចំណាយលើវិស័យការពារជាតិ ចំពេលមានការគំរាមកំហែងផ្នែកសន្តិសុខកើនឡើង៕ ប្រភព៖ Tass ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner