ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានបំពាក់នូវម៉ាស៊ីនផលិតទឹកស្អាត ដល់កងពលតូចថ្មើរជើងលេខ៥៣ ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង

ខេត្តបាត់ដំបង ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ បានផ្ដល់ម៉ាស៊ីនផលិតទឹកស្អាតមួយគ្រឿងដែលមានសមត្ថភាពផលិតទឹកស្អាត បាន ១០០ម៉ែត្រត្រីគុណ ក្នុង១ថ្ងៃ ជូនដល់កងពលតូចថ្មើជើង លេខ៥៣ ព្រមទាំងផ្ដល់នូវ គ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួនជូនដល់កងទ័ព និងក្រុមគ្រួសារកងទ័ព នៅទីនោះទៀតផង។

ឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ថ្លែងថា៖ម៉ាស៊ីនផលិតទឹកស្អាត ដែលប្រគល់ និងដាក់ឲ្យប្រើប្រាស់នេះ វាអាចផលិតទឹកស្អាត មានគុណភាពខ្ពស់ ដើម្បីផ្តល់ឱ្យកងទ័ព និងក្រុមគ្រួសារកងទ័ពនៃកងពលតូចថ្មើជើងលេខ៥៣ បានប្រើប្រាស់គ្រប់គ្រាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួន និងជាផ្នែកមួយ ក្នុងការលើកកម្ពស់នូវសុខមាលភាពជូនដល់បងប្អូនកងទ័ពនិងគ្រួសារដើម្បីជាការតបស្នងសងគុណចំពោះវីរភាពរបស់កងទ័ពយើងដែលបានខិតខំលះបង់កន្លងមកក្នុងការជួយការពារ និងជួយសង្រ្គោះប្រជាពលរដ្ឋ នៅគ្រប់កាលៈទេសៈក្នុងគ្រាជួបគ្រោះធម្មជាតិនិងគ្រោះមហន្តរាយផ្សេងៗដែលបានកើតឡើង ប្រឈមនិងគ្រោះថ្នាក់ដល់អាយុជីវិត ទៀតផង ។

ឯកឧត្តមទេសរដ្ឋមន្រ្តីបណ្ឌិតកិត្តិសេដ្ឋា ចមប្រសិទ្ធ បញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា ក៏បានកំណត់ទិសដៅយ៉ាងច្បាស់ នៅក្នុងឆ្នាំ២០២៥ គ្រប់ទីប្រជុំជនទាំងអស់នឹងមានទឹកស្អាតប្រើប្រាស់ និងនៅឆ្នាំ២០៣០និងធ្វើឱ្យប្រជាជនគ្រប់ទីកន្លែងមានទឹកស្អាតប្រើប្រាស់ ។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ បានលើកឡើងថា៖ ប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាតដែលកងពលតូចថ្មើរជើងលេខ៥៣ ទទួលបាននាពេលនេះ គឺជាតម្រូវការដ៏ចាំបាច់ខ្លាំងណាស់សម្រាប់កងទ័ពនិងគ្រួសារកងទ័ពដែលមានទឹកស្អាតប្រើប្រាស់ និងដើម្បីបញ្ចៀស ពីការយាយី
នូវមេរោគផ្សេងៗជាច្រើនមុខបាន។ ពីព្រោះទឹកស្អាត ជាកត្តាចាំបាច់ណាស់សម្រាប់មនុស្ស ។

បើតាមការគូសបញ្ជាក់ពីលោក ឆៃ យូនឡុងមកពីទីក្រុងស៊ាងហៃ ប្រទេសចិន ជាតំណាងឱ្យក្រុមហ៊ុនផលិតនូវម៉ាស៊ីន”ផលិតទឹកស្អាត”បានបញ្ជាក់ឱ្យដឹងបន្ថែមថា៖ ប្រព័ន្ធចម្រោះទឹកនេះ គឺ៖បានបំពាក់ភ្នាស់ចម្រោះទឹកស្អាតជំនាន់ទី២ ប្រើប្រាស់ប្រព័ន្ធភ្នាស់អ៊ុលត្រា PVDFដែលមានសរសៃសំណាញ់តូចឆ្មារឹងមាំច្រើនបញ្ចូលគ្នាដែ
លធន់ និងប្រើបច្ចេកទេសលាងសម្អាតស្វ័យប្រវត្តិ និងមានសមត្ថភាពខ្ពស់ក្នុងការទប់ទល់នឹងការបំពុល ធន់នឹងការរក្សានៅទីខ្ពស់ សាកសមប្រើប្រាស់នឹងស្ថានភាពទឹកឆៅនារដូវវស្សាដែលមានភាពល្អក់ខ្លាំង ផងដែរ ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

ads banner