រោងចក្រផលិតស្បែកជើងមួយរបស់ចិន បានសម្រេចចិត្តផ្លាស់ប្តូរទី តាំងពីមីយ៉ាន់ម៉ា មកផលិតនៅកម្ពុជា
ភ្នំពេញ៖ រោងចក្រផលិតស្បែកជើងមួយរបស់ចិន ដែលមានមូលដ្ឋាននៅ ប្រទេសមីយ៉ាន់ម៉ា ឥឡូវនេះបានសម្រេចចិត្ត ផ្លាស់មកដាក់ទុនវិនិយោគ នៅកម្ពុជាវិញ អាស្រ័យដោយកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍយ៉ាងឆាប់រហ័ស ក៏ដូចជាមានគោលនយោបាយជាច្រើនទៀត ក្នុងការលើកទឹកចិត្តអ្នកវិនិយោគមកកាន់កម្ពុជា។
បញ្ជាក់ពីការសម្រេចចិត្តនេះធ្វើឡើងដោយ លោក ហ៊ូ ឆាវហ៊ុយ ប្រធាន ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនផលិតស្បែកជើង អល វីន ស៊ូរបស់ចិន ក្នុងខណៈពេលជួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣។
ប្រភពក្រសួងការងារបានឱ្យដឹងថា ក្នុងជំនួបពិភាក្សានេះលោក ហ៊ូ ឆាវហ៊ុយ មានបំណងស្វែងរកកិច្ចគាំទ្រការបង្កើតរោងចក្រផលិត ស្បែក ជើងនៅប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅឃុំសំរោងទង ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ គ្រោងនឹងបើកដំណើរការ នៅក្នុងខែ មិថុនា ខាងមុខ។
តបទៅគោលបំណងនេះឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានថ្លែងអំណរគុណ ដល់លោកប្រធានក្រុមហ៊ុនដែលមានទំនុកចិត្តមកលើកម្ពុជា ហើយកម្ពុជាក៏ សូមស្វាគមន៍ចំពោះអ្នកវិនិយោគទាំងអស់ ។ កម្ពុជាមានទីផ្សារនាំ ចេញ ផលិតផលស្បែកជើង កាបូប និងផលិតផលធ្វើដំណើរ ទៅកាន់ទីផ្សារធំៗ ដូចជាសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុនជាដើម។
ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា ការរក្សាបានទីផ្សារនាំចេញទាំងអស់នេះ ដោយ សារ តែកម្ពុជា បានអនុវត្តន៍នូវគោលនយោបាយពាណិជ្ជកម្មផ្សាភ្ជាប់ ទៅនឹង លក្ខខណ្ឌការងារ ដោយធានាបាននូវនិរន្តរភាព នៃការការបញ្ជាទិញពីប្រេន ធំៗរបស់ពិភពលោក។ ក្រៅពីនេះ កម្ពុជាក៏មានកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងជាមួយដៃគូច្រើន រួមជាមួយកម្លាំង ពលកម្មវ័យក្មេងរបស់កម្ពុជា ដោយក្នុងនោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំឱ្យក្រសួងការងារ ធ្វើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដើម្បីផ្គត់ផ្គង់ទៅដល់ក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលកំពុងមាន តម្រូវការទាំងពេលបច្ចុប្បន្ន និងអនាគត។
ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានបញ្ជាក់បន្ថែមថា កម្ពុជាមានផែន ការយុទ្ធសាស្ត្រច្បាស់លាស់ណាស់ សម្រាប់ធ្វើការអភិវឌ្ឍវិស័យមួយនេះ បើមានបញ្ហាអ្វីមួយកើតឡើង នឹងមានយន្តការសម្រាប់ដោះស្រាយ។ ជាមួយនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំដល់ក្រុមហ៊ុន អល វីន ស៊ូ អាចចូលរួមជាសមាជិកជាមួយសមាគមណាមួយ ដើម្បីទទួលបានការ បណ្តុះបណ្តាលលើផ្នែកច្បាប់ និងការការពារពីខាងសមាគម។
ទន្ទឹមជាមួយគ្នានេះឯកឧត្តមមន្ត្រី ក៏បានស្នើដល់ក្រុមហ៊ុនចូលរួមគោរព ច្បាប់របស់កម្ពុជា ជាពិសេសច្បាប់ស្តីពីការងារ ច្បាប់ស្តីពីរបបសន្តិសុខសង្គម ច្បាប់ស្តីពីសហជីព គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) និងបទប្បញ្ញត្តិផ្សេងៗពាក់ព័ន្ធវិស័យការងារ៕ដោយ៖ម៉ាដេប៉ូ