លោក ស៊ី ជិនពីង ចង់ឱ្យចិនដើរតួនាទីកាន់តែធំលើពិភពលោក បន្ទាប់ពីជួយសម្រួលកិច្ចព្រមព្រៀងការទូតរវាងអារ៉ាប់ប៊ីសាអូឌីតនិងអ៊ីរ៉ង់
ប៉េកាំង៖ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានអំពាវនាវនៅថ្ងៃចន្ទឱ្យប្រទេសចិនដើរតួនាទីកាន់តែធំក្នុងការគ្រប់គ្រងកិច្ចការពិភពលោក ក្រោយទីក្រុងប៉េកាំងធ្វើជាម្ចាស់ផ្ទះក្នុងការជួយសម្របសម្រួលកិច្ចពិភាក្សា ដែលសម្រេចបាននូវកិច្ចព្រមព្រៀងបើកទំនាក់ទំនងការទូតឡើងវិញរវាងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់។
លោក ស៊ី ដែលបន្តអាណត្តិទី៣ជាផ្លូវការក្រោយការបោះឆ្នោតសភាប្រជាជនចិនកាលពីថ្ងៃសុក្រ និយាយបែបនេះបន្ទាប់ពីសម័យប្រជុំសភាប្រចាំឆ្នាំ ដែលរៀបចំឡើងដើម្បីដំឡើងរដ្ឋាភិបាលថ្នាក់ដឹកនាំ ដើម្បីរឹតបន្តឹងការគ្រប់គ្រងរបស់លោកលើសេដ្ឋកិច្ចនិងសង្គម។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន អេភី(AP)។
លោកថ្លែងថា ចិនគួរតែ «ចូលរួមយ៉ាងសកម្មក្នុងកំណែទម្រង់ និងការកសាងប្រព័ន្ធអភិបាលកិច្ចសកល» ព្រមទាំងលើកកម្ពស់«គំនិតផ្តួចផ្តើមសន្តិសុខសកល»។មេដឹកនាំចិនដ៏មានឥទ្ធិពលរូបនេះបន្ថែមថា លក្ខខណ្ឌបែបនេះនឹងបង្កើត «ថាមពលវិជ្ជមានដល់សន្តិភាព និងការអភិវឌ្ឍពិភពលោក និងបង្កើតបរិយាកាសអន្តរជាតិដែលអំណោយផលសម្រាប់ការអភិវឌ្ឍប្រទេសរបស់យើង»។
លោក ស៊ី មិនបានផ្ដល់ព័ត៌មានលម្អិតអំពីមហិច្ឆតារបស់បក្សកុម្មុយនីស្តដែលកំពុងកាន់អំណាចនោះទេ ប៉ុន្តែគេមើលឃើញថា រដ្ឋាភិបាលរបស់លោកបានបន្តគោលនយោបាយក្លៀវក្លាកាន់តែខ្លាំងឡើងៗចាប់តាំងពីលោកឡើងកាន់អំណាចពីមួយទសវត្សរ៍មុន។
គោលនយោបាយទាំងនោះ បានជំរុញឱ្យមានការផ្លាស់ប្តូរនៅក្នុងមូលនិធិរូបិយវត្ថុអន្តរជាតិ និងអង្គភាពផ្សេងទៀត ដែលក្រុងប៉េកាំងនិយាយថា បរាជ័យក្នុងការឆ្លុះបញ្ចាំងពីតម្រូវការ និងបំណងប្រាថ្នារបស់ប្រទេសកំពុងអភិវឌ្ឍន៍។
ចិនមានគម្រោងយក្សផ្សេងៗទៀតដូចជាគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ដើម្បីពង្រឹងផ្នែកពាណិជ្ជកម្មជាមួយប្រទេសជុំវិញពិភពលោក ជាប្រយោជន៍ដល់ការផ្សាយឥទ្ធិពលរបស់ខ្លួន និងបង្កជាការព្រួយបារម្ភដល់ប្រទេសលោកខាងលិច។
កាលពីឆ្នាំមុន ចិនបានបង្កការព្រួយបារម្ភកាន់តែខ្លាំងដល់សហរដ្ឋអាមេរិក និងអូស្រ្តាលី ក្រោយប្រទេសនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយកោះសូឡូម៉ុង ដែលអនុញ្ញាតឱ្យនាវាកងទ័ពជើងទឹក និងកងកម្លាំងសន្តិសុខចិន អាចឈរជើងលើប្រទេសកោះប៉ាស៊ីហ្វិកខាងត្បូងមួយនេះបាន។
កាលពីថ្ងៃសុក្រចិនបានធ្វើជាម្ចាស់ផ្ទះលើកិច្ចពិភាក្សាដែលអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីតបានយល់ព្រមបង្កើតទំនាក់ទំនងការទូតឡើងវិញបន្ទាប់ពីការកាត់ផ្ដាច់រយៈពេលប្រាំពីរឆ្នាំ។ ការសម្រេចបាននេះ ត្រូវបានគេមើលឃើញថាជាជ័យជម្នះផ្នែកការទូតដ៏សំខាន់សម្រាប់ប្រទេសចិន ស្របពេលដែលសហរដ្ឋអាមេរិកកាត់បន្ថយវត្តមានរបស់ខ្លួននៅមជ្ឈិមបូព៌ា។
ក្រសួងការបរទេសចិននិយាយបន្ទាប់ពីនោះថា ក្នុងតួនាទីនេះចិន «មិនស្វែងរកផលប្រយោជន៍អាត្មានិយមអ្វីទាំងអស់» និងប្រឆាំងនឹងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ ដោយចិននឹងបន្តគាំទ្រប្រទេសនៅមជ្ឈិមបូព៌ាក្នុង«ការដោះស្រាយភាពខុសគ្នាតាមរយៈការសន្ទនា និងការពិគ្រោះយោបល់ ដើម្បីរួមគ្នាលើកកម្ពស់សន្តិភាព និងស្ថិរភាពយូរអង្វែង»។
ក្រសួងនេះបានបន្ថែមដោយសំដៅលើការលើកឡើងរបស់អាមេរិកពីពេលកន្លងមកថា «ចិនគ្មានចេតនាក្នុងការនឹងមិនស្វែងរកការបំពេញអ្វីដែលគេហៅថា «ចន្លោះទំនេរ» ឬបង្កើតប្លុកផ្តាច់មុខរបស់ខ្លួននោះទេ។
ក្រសួងបន្តថា៖ «ចិននឹងបន្តរួមចំណែកការយល់ដឹង និងសំណើរបស់ខ្លួនក្នុងការសម្រេចបាននូវសន្តិភាព និងភាពស្ងប់ស្ងាត់នៅមជ្ឈិមបូព៌ា និងដើរតួនាទីរបស់ខ្លួនជាប្រទេសសំខាន់ដែលមានការទទួលខុសត្រូវក្នុងដំណើរការនេះ»។
គួរកត់សម្គាល់ថា ភាពជោគជ័យរបស់ចិនក្នុងការសម្របសម្រួលសត្រូវដ៏ធំទាំងពីរនៅមជ្ឈិមបូព៌ា គឺស្របទៅនឹងអ្វីដែលលោក ស៊ី អំពាវនាវនៅថ្ងៃចន្ទនេះ។ ប្រទេសចិន ក៏បានតាំងខ្លួនធ្វើអ្នកស្វែងរកសន្តិភាពចំពោះជម្លោះនៅអ៊ុយក្រែន ដែលបង្កឡើងដោយរុស្ស៊ីផងដែរ។ ប៉ុន្តែសំណើរបស់ចិនហាក់មិនសូវមានប្រជាប្រិយភាព និងស្ថិតនៅក្នុងមន្ទិលសង្ស័យ ដោយសារតែចិន ដែលមិនថ្កោលទោសក្រុងមូស្គូចំពោះការឈ្លានពាន ហើយបែរជាទម្លាក់កំហុសលើណាតូនោះ ត្រូវបានគេមើលឃើញថា ជាប្រទេសកាន់ជើងរុស្ស៊ី។
ថ្មីនេះ គេក៏កត់សម្គាល់ផងដែរថា ចិនបានបង្កើនវោហាសាស្រ្តការទូតរបស់ខ្លួន ដែលបង្ហាញពីការពង្រឹងជំហររបស់ប្រទេសទប់ទល់នឹងសហរដ្ឋអាមេរិក ដែលនាំមុខក្នុងប្លុកណាតូ។ កាលពីសប្ដាហ៍មុន រដ្ឋមន្ត្រីការបរទេសចិន ឈីង កាង បានព្រមានបន្ទរពីលោក ស៊ី អំពី «ជម្លោះ និងការប្រឈមមុខដាក់គ្នា» ដែលអាចកើតមានឡើង ប្រសិនបើសហរដ្ឋអាមេរិកលូកដៃក្នុងបញ្ហាកោះតៃវ៉ាន់ បញ្ហាសិទ្ធិមនុស្សនៅស៊ីងជាំង ទីបេ និងហុងកុង ក៏ដូចជាការព្រួយបារម្ភផ្នែកសន្តិសុខ និងការរឹតត្បឹតចិនផ្នែកបច្ចេកវិទ្យាជាដើម។
ក្នុងសុន្ទរកថានៅថ្ងៃចន្ទដដែលរបស់ខ្លួនលោក ស៊ី បានក៏អំពាវនាវផងដែរ ឱ្យមានការអភិវឌ្ឍបច្ចេកវិទ្យាកាន់តែលឿនជាងមុន និងការពឹងផ្អែកលើខ្លួនឯងបន្ថែមទៀត។ មេដឹកនាំចិនរូបនេះបានប្តេជ្ញាជាថ្មីលើការពង្រឹងសន្តិសុខជាតិ និងបង្កើតកម្លាំងយោធាឱ្យក្លាយទៅជាអ្វីដែលលោកហៅថា «កំពែងដែកដ៏អស្ចារ្យ»។ លោកថ្លែងយ៉ាងដូច្នេះថា៖ «[យើងត្រូវតែ] កសាងកងទ័ពរំដោះប្រជាជនទៅជាកំពែងដែកដ៏អស្ចារ្យ ដែលការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព»។
លោក ស៊ី បានលើកឡើងម្ដងទៀតស្ដីពីការ «ការស្តារជាតិឡើងវិញ» ឬការស្ដារប្រទេសចិនឱ្យមានតួនាទីជាប្រវត្តិសាស្ត្រត្រឹមត្រូវក្នុងនាមជាមេដឹកនាំសេដ្ឋកិច្ច វប្បធម៌ និងនយោបាយ។ លោកបន្តថា៖ «ប្រជាជនចិន បានក្លាយជាម្ចាស់នៃជោគវាសនារបស់ខ្លួន។ ការស្តារឡើងវិញដ៏អស្ចារ្យនៃប្រជាជាតិចិន បានចូលទៅក្នុងដំណើរការប្រវត្តិសាស្ត្រដែលមិនអាចបកក្រោយបាន»។
យោងតាមលោក ស៊ី ខ្លឹមសារនៃការស្តារឡើងវិញនោះគឺ «ការបង្រួបបង្រួមជាតិ» ពោលគឺ «ការបង្រួបបង្រួម» តៃវ៉ាន់ជាមួយចិនដីគោក ទោះបីជាកោះស្វ័យគ្រប់គ្រងមួយនេះបដិសេធបែបណាក៏ដោយ។
ក្រោមការដឹកនាំរបស់លោក ស៊ី ទីក្រុងប៉េកាំងបានបង្កើនសម្ពាធសេដ្ឋកិច្ច ការទូត និងយោធាលើកោះតៃវ៉ាន់។ ការឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ី បានបង្កើនការភ័យខ្លាចថា ចិននឹងធ្វើសកម្មភាពយោធាដូចគ្នាចំពោះតៃវ៉ាន់ ខណៈក្រុងប៉េកាំងធ្លាប់បានព្រមានកន្លងមកថា ខ្លួននឹងប្រើកម្លាំងវាយយកកោះប្រសិនបើចាំបាច់៕
ប្រែសម្រួល៖ហួន ឌីណា