ពីរខែដើមឆ្នាំនេះទំហំពាណិជ្ជកម្មកម្ពុជា ចិន ធ្លាក់ចុះ១៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន
ភ្នំពេញ៖ យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករបានបង្ហាញថា ក្នុងរយៈពេលពីរខែ គឺខែមករាដល់ខែកុម្ភៈ ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងចិន សម្រចបានក្នុងទំហំទឹកប្រាក់ប្រមាណ ១,៧ប៊ីលានដុល្លារអាមេរិក ក្នុងរយៈពេលពីរខែដើមឆ្នាំនេះបានធ្លាក់ចុះប្រមាណ ១៥ភាគរយ ប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។
របាយការណ៍បញ្ជាក់ថា ទំនិញដែលកម្ពុជាបាននាំទៅកាន់ប្រទេសចិននោះភាគច្រើនគឺជាទំនិញកសិផល ដែលមានដូចជា ស្វាយ ចេក អង្ករ កៅស៊ូ ដំឡូងមី គ្រាប់ស្វាយចន្ទី ជាដើម។ក្រៅពីនេះក៏មាន សម្លៀកបំពាក់ ស្បែកជើង ស្បែកសត្វមានរោម ម៉ាស៊ីនប្រើពីស្តុង ស្បែកជើង ហិប វ៉ាលី ជាដើម។ដោយឡែកកម្ពុជានាំចូលពីចិនមកវិញ នូវផលិតផលសម្រាប់បម្រើឲ្យការវិនិយោគ និងផលិតកម្ម ដូចជា ក្រណាត់ចាក់ ក្រណាត់ត្បាញពីកប្បាស គ្រឿងចក្រ ដែក គ្រឿងសំណង់ផ្សេងៗ បរិក្ខារ និងគ្រឿងអេឡិចត្រូនិក វត្ថុធាតុពីប្លាស្ទិក អាលុយមីញ៉ូម គ្រឿងសង្ហារឹម និងក្រដាស និងក្រដាសកាតុងជាដើម។
ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្ម បានប្រាប់ឱ្យដឹងថា មូលហេតុដែលទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិន មានការធ្លាក់ចុះបន្តិចមកនេះ ដោយសារតែទំនិញដែលកម្ពុជា នាំចេញទៅចិនភាគច្រើន ជាប្រភេទកសិផល។ ដូច្នេះទំនិញទាំងនេះ សុទ្ធតែមានរដូវកាលសម្រាប់ការនាំចេញ ហើយនៅដើមឆ្នាំនេះបែបនេះ ទំនិញកសិផលមិនសូវមានការនាំចេញច្រើននោះទេ។
ឯកឧត្តមបានបន្ថែមថា តួលេខក្នុងរយៈពេលពីរខែនេះ មិនមែនជាប្រការមួយ ដែលអាចពិនិត្យមើលសព្វជ្រុងជ្រោយនៃទីផ្សារនោះទេ ព្រោះថា វាពិបាកក្នុងការរកមូលហេតុជាក់ស្តែង ហើយមូលហេតុនោះទៀតសោត ក៏មិនមែនឆ្លុះបញ្ចាំងពីភាពអវិជ្ជមានការនាំចេញ នាំចូលរបស់កម្ពុជា និងចិនដែរ។
ឯកឧត្តមបានបញ្ជាក់ថា ចំពោះការដោះដូរពាណិជ្ជកម្ម ជាពិសេសទីផ្សារនាំចេញ គឺមិនខុសគ្នានោះទេ តែងតែមានការប្រែប្រួលទៅតាមរដូវកាល ទៅតាមឆ្នាំនីមួយៗ និងទៅតាមតម្រូវការងារបស់អ្នកបញ្ជាទិញ។បន្ទាប់ពីគេបញ្ជាទិញ គេរៀបចំកាលវិភាគ ទើបយើងអាចនាំចេញទៅបាន។មួយវិញទៀត វាក៏អាចមកពីចំណុះទៅនឹងកាលវិភាគរបស់កប៉ាល់ដែរ ព្រោះថានៅពេលដែលមានកប៉ាល់ចូលមកច្រើន ទើបយើងអាចនាំចេញទំនិញទៅវិញបានច្រើនដែរ។
ទោះជាយ៉ាងណាក៏ដោយឯកឧត្តម សុវិជាតិ លើកឡើងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មទេ្វភាគីកម្ពុជា ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) នឹងផ្តល់សន្ទុះនៃការនាំចេញកសិផលកម្ពុជា ចូលទីផ្សារប្រទេសចិនកាន់តែច្រើនក្នុងឆ្នាំនេះ និងជាបន្តបន្ទាប់ ។
ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា យល់ឃើញថា ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានផ្តល់ឱកាសសច្រើនសម្រាប់ទាក់ទាញវិនិយោគ បើកទីផ្សារសម្រាប់ផលិតផលកម្ពុជា។ដូចនេះ ការធ្លាក់ចុះនៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅដើមឆ្នាំនេះ មិនមែនជាភាពអវិជ្ជមាននៃការដោះដូរពាណិជ្ជកម្មប្រទេសទាំងពីរនោះទេ។
ឧកញ៉ាបានបញ្ជាក់ថា ៖«ខ្ញុំជឿជាក់ថា កិច្ចព្រមព្រៀង FTAរវាងកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ជាកាតាលីករ ជំរុញឱ្យទំនាក់ទំនងរវាងកម្ពុជាចិន លើវិស័យពាណិជ្ជកម្ម និងវិនិយោគ ជាពិសេស បានទាក់ទាញវិនិយោគិនចិនចូលមកកម្ពុជាបន្ថែមទៀត»។
សូមជម្រាបថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន បានចូលជាធរមានកាលពីខែមករា ឆ្នាំ២០២២ ដែលរហូតមកដល់ពេលនេះ មានរយៈពេលមួយឆ្នាំហើយ តំណាលគ្នានឹងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ក៏បានចូលជាធរមានផងដែរ នៅដើមខែធ្នូ ឆ្នាំ២០២២។
គួរបញ្ជាក់ថា តាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៅឆ្នាំ២០២២កន្លងទៅនេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិន មានរហូតទៅដល់១៤ ៥០០លានដុល្លារ កើនឡើង១៩ភាគរយ ប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១៕
ប្រែសម្រួល៖វណ្ណ សុជាតា