ទីក តុក ក្លាយជាដៃផ្សព្វផ្សាយពីព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា
ភ្នំពេញ៖ ទីក តុក (TikTok)ក្លាយជាដៃផ្សព្វផ្សាយពីព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជាទៅកាន់ពិភពលោក។ ក្រុមហ៊ុនទីក តុក សន្យាថា នឹងផ្សព្វផ្សាយពីព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣និងផ្សព្វផ្សាយពីសក្ដានុពលរបស់ប្រទេសកម្ពុជា ទៅកាន់ពិភពលោកតាមរយៈបណ្ដាញសង្គមរបស់ខ្លួន បន្ទាប់ពីបានចុះហត្ថលេខាជាមួយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម។
ពិធីចុះហត្ថលេខានេះបានព្រមព្រៀងគ្នា ដើម្បីក្លាយជាដៃគូចលនូបត្ថម្ភ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា ក្រោមវត្តមានឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ (CAMSOC-CAMAPGOC) និងតំណាងក្រុមហ៊ុនទីក តុក ប្រចាំតំបន់អាស៊ីអាគ្នេយ៍ លោក នីកូឡាស ផាម(Nicholas Pham) រួមទាំងអ្នកពាក់ព័ន្ធផ្សេងទៀត ដែលធ្វើឡើងនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣។
ឯកឧត្តម វ៉ាត់ ចំរើន បានឱ្យដឹងថា ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីក្លាយជាដៃគូចលនូបត្ថម្ភនេះ គឺជាការរួមចំណែកលើការផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយ នៅលើបណ្ដាញសង្គម TikTok អំពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ក៏ដូចជាធ្វើឲ្យគោលដៅទេសចរណ៍ស៊ីហ្គេម ឬក៏ផ្សព្វផ្សាយសក្ដានុពលនិងទិដ្ឋភាពកម្ពុជាទាំងមូលទៅកាន់ពិភពលោកតាមរយៈបណ្តាញសង្គម TikTok ផងដែរ។
ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ថា៖ «ចុះហត្ថលេខាជាមួយទីកតុកគឺជាបណ្ដាញសង្គមមួយ ដែលមានឥទ្ធិពលក្នុងសង្គម ទាំងក្នុងស្រទាប់យុវជន និងប្រជាជនទូទៅ ទាំងក្មេងចាស់ ប្រុសស្រី ជាអ្នកមានឥទ្ធិពលក្នុងសង្គមរបស់យើង ប្រើប្រាស់ទីក តុក ធ្វើជាមធ្យោបាយក្នុងការផ្សព្វផ្សាយផ្សេងៗ។ អ៊ីចឹង យើងឃើញសារសំខាន់នេះហើយ បានជា CAMSOC បានទំនាក់ទំនង និងស្វែងរកតម្លៃបន្ថែម នៃការប្រូម៉ូត ឬការផ្សព្វផ្សាយស៊ីហ្គេមរបស់យើង ទៅកាន់ពិភពលោក ក៏ដូចជាក្នុងប្រទេសរបស់យើងដែរ។
ឯកឧត្តមបានបន្ថែមថា យើងសហការនេះ គឺយើងសហការក្នុងកម្រិតនៃការផ្សព្វផ្សាយរួមគ្នា ដោយបណ្ដាញសង្គម ទីក តុក នេះ គាត់បានជួយយើងក្នុងការធ្វើឲ្យព្រឹត្តិការណ៍ស៊ីហ្គេម ក៏ដូចជាធ្វើឲ្យគោលដៅទេសចរណ៍ស៊ីហ្គេម ឬក៏គាត់ធ្វើការផ្សព្វផ្សាយអំពីកម្ពុជា បានន័យថា ផ្សព្វផ្សាយសក្ដានុពល និងទិដ្ឋភាពកម្ពុជាទាំងមូល ទៅកាន់ពិភពលោក តាមរយៈទីក តុក ។
លោក Nicholas Pham តំណាងក្រុមហ៊ុនទីក តុក ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានសម្ដែងភាពរីករាយដែលបានមកទីនេះ ក្នុងនាមតំណាងឱ្យទីក តុក ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ចុះហត្ថលេខាក្លាយជាដៃគូចលនូបត្ថម្ភ Premium Sponsor និងរីករាយដែលបានក្លាយជាផ្នែកមួយនៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលអបអរស្មារតីកីឡា ការរួបរួម និងមិត្តភាព ហើយការដែលបាន ក្លាយជាដៃគូចលនូបត្ថម្ភនេះ មិនមែនត្រឹមតែការផលិតមាតិកាតែមួយមុខនោះទេ ប៉ុន្តែក៏ជាការផ្សព្វផ្សាយពីតម្លៃរបស់ស៊ីហ្គេម ដែលរួមមាន ការរួបរួម ការគោរពគ្នាទៅវិញទៅមក និងគោលការណ៍យុត្តិធម៌ផងដែរ។
លោកបានបញ្ជាក់ថា ក្នុងនាមជាអ្នកឧបត្ថម្ភលើការផលិតមាតិកា ទីក តុក ប្តេជ្ញាគាំទ្រអត្តពលិក គ្រប់បណ្ដាប្រទេស និងអ្នកគាំទ្រ ដែលនឹងរួមចំណែកជំរុញស៊ីហ្គេមឱ្យក្លាយជាព្រឹត្តិការណ៍ដ៏ពិសេសអស្ចារ្យ។ លោក Nicholas Pham ថា៖ «យើងរីករាយ ដោយនឹងប្រើប្រាស់បណ្ដាញសង្គមរបស់យើង ដើម្បីផ្សព្វផ្សាយពីការប្រកួត នាំអ្នកគាំទ្រឲ្យកាន់តែកៀកទៅនឹងសកម្មភាព និងចែករំលែករឿងរ៉ាវដ៏អស្ចារ្យរបស់អត្តពលិក ជាមួយពិភពលោក»។
តំណាងក្រុមហ៊ុន ទីក តុក រូបនេះបានលើកឡើងថា កាលពីស៊ីហ្គេម នៅវៀតណាម ក្រុមហ៊ុនទីក តុក ក៏បានសហការផ្សព្វផ្សាយផងដែរ ដោយទាក់ទាញអ្នកទស្សនាបានជិត ១០០លាននាក់។ ដូច្នេះកិច្ចសហការជាមួយកម្ពុជា តំណាងក្រុមហ៊ុនទីក តុក រូបនេះ នឹងប្ដេជ្ញាឲ្យមានជំនឿចិត្តយ៉ាងមុតមាំ ដើម្បីបំផុសការផ្សព្វផ្សាយព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម និងបច្ចុប្បន្នភាពរបស់កម្ពុជា ទៅកាន់ពិភពលោក ដោយរំពឹងនឹងទទួលបានការគាំទ្រច្រើនជាងនេះថែមទៀតជាដើម។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅប្រទេសកម្ពុជា នឹងត្រូវចាប់ផ្ដើមប្រព្រឹត្តឡើងនាថ្ងៃទី០៥ រហូតដល់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ មុនឈានដល់ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលនឹងចាប់ពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣៕
ដោយ៖ជា សុខនី