ក្រសួងព្រះបរមរាជវាំងថ្លែងថាការឆេះព្រះរាជដំណាក់តូចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី (Video Inside)
ក្រសួងព្រះបរមរាជវាំងបានថ្លែងថាការឆេះព្រះរាជដំណាក់តូចនៃព្រះរាជដំណាក់ខេត្តសៀមរាប គឺបណ្តាលមកពីការឆ្លងចរន្តអអគ្គិសនី។ ព្រះរាជដំណាក់តូចដែលស្ថិតនៅក្បែរ ទីសក្ការៈ ព្រះអង្គចេក ព្រះអង្គចម ក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានរងនឹងការឆេះនៅម៉ោង១០ និង២០នាទីយប់នៃថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣។
ក្រោយការឆេះអស់រយៈពេលជាងមួយម៉ោង, អគ្គិភ័យត្រូវគ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោងប្រមាណ១២យប់ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួនជិត១០គ្រឿង។ លិខិតរបស់ក្រសួងព្រះបរមរាជវាំងនៅថ្ងៃច័ន្ទទី១៣ មីនា បានចេញសេចក្តីប្រកាសព័ត៌មានសម្តែងក្តី «សោកស្តាយពន់ពេក» និងចាត់ទុកការឆេះនោះជា «ព្រឹត្តិការណ៍អកុសល»។
ព្រះរាជដំណាក់ សម្រាប់អង្គក្សត្រគង់ប្រថាប់បណ្តោះអាសន្នក្នុងខេត្តសៀមរាប ត្រូវបានកសាងលើកដំបូង ក្នុងវត្តដំណាក់នៃសម័យអាណានិគមនិយមបារាំង។ ក្រោយមកព្រះរាជដំណាក់បានប្តូរទីតាំងថ្មីមកនៅជិតអាស្រមព្រះអង្គចេក ព្រះអង្គចម។ ជាមួយនឹងការផ្លាស់ប្តូរនេះ ក៏មានកែលម្អសួនច្បារព្រះរាជដំណាក់ដែលបានកសាងរវាងពីខែកុម្ភៈ ឆ្នាំ២០២០ និងបានបញ្ចប់នាដើមឆ្នាំ២០២១។