ខេត្តកណ្តាលជាខេត្តទី១០ ដែលអស់គ្រាប់មីន (Video Inside)
ខេត្តកណ្តាលគឺជាខេត្តទី១០ ដែលត្រូវបានប្រកាសជាខេត្ត អស់គ្រាប់មីនបង្កប់ នៅក្នុងប្រទេសកម្ពុជា ។ ពីធីប្រកាសខេត្តកណ្តាលជាខេត្តអស់មីននេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ក្រោមវត្តមានអធិបតីពីលោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ទេសរដ្ឋមន្ត្រី លី ធុជ ដែលជាអនុប្រធានអាជ្ញាធរជាតិបោសសំអាតគ្រាប់មីន បានអញ្ជើញចូលរួមក្នុងពិធីប្រកាសនោះផងដែរ។
នៅក្នុងខេត្តកណ្តាល ផ្ទៃដីដែលត្រូវបានបោសសំអាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ មានទំហំសរុបចំនួន ៩លាន ៧៨ម៉ឺន២១០ម៉ែត្រការ៉េ។ គេបានរកឃើញ និងបានកំទេចចោលមីនប្រឆាំងមនុស្សចំនួន ២ពាន់៨៧៣គ្រាប់, មីនប្រឆាំង រថក្រោះ ចំនួន ៤៩ គ្រាប់ និងសំណល់ជាតិផ្ទុះផ្សេងទៀត ចំនួន៩ម៉ឺន៤ពាន់២៨៩ គ្រាប់។
ឧបនាយករដ្ឋមន្រ្តីលោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា «នៅសល់តែប្រមាណ១៥ខេត្តទៀតប៉ុណ្ណោះ» ដែលអាជ្ញាធរកំពុងតែមមាញឹកក្នុងការសំអាតគ្រាប់មិនទាន់ផ្ទុះ និងគ្រាប់មីនចេញឱ្យអស់ពីកម្ពុជា ដូចតាមគម្រោង ដែលបានដាក់ចេញក្នុងឆ្នាំ ២០២៥។
មន្ត្រីអាជ្ញាធរមីនបានថ្លែងថា នៅក្នុងឆ្នាំ២០២៣នេះ, កម្ពុជាគ្រោងនឹងប្រកាសខេត្ត ៨បន្ថែមទៀត បន្ទាប់ពីខេត្តកណ្តាល ក្នុងនោះ រួមមានខេត្តតាកែវ, ខេត្តកំពត, ខេត្តកំពង់ស្ពឺ, ខេត្តកំពង់ធំ, ខេត្តសៀមរាប, ខេត្តក្រចេះ, ខេត្តមណ្ឌលគិរី និង ខេត្តរតនគិរី។