បណ្ឌិត ហ៊ុន ម៉ាណែត ហួសចិត្តនឹងការព្យាយាមរបស់មជ្ឈដ្ឋានប្រឆាំងចង់បំបែកគណបក្សប្រជាជនកម្ពុជា (Video Inside)
ការព្យាយាមរកវិធីរបស់ក្រុមប្រឆាំងដែលចង់ឱ្យរង្វង់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បែកបាក់គ្នា ត្រូវបានបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងនៅថ្ងៃនេះបង្ហាញក្តីហួសចិត្ត។ កាសែត The Cambodia Daily ជាភាសាខ្មែរ បានសរសេរព្យាយាមចង់ឱ្យគេសង្ស័យអំពីការឈ្លោះប្រកែកគ្នារវាងក្រុមគ្រួសារសម្តេចតេជោ ហ៊ុន សែន និងសម្តេចពិជ័យសេនា ទៀ បាញ់។ កាសែតនោះបានព្យាយាមសរសេរឱ្យគេសង្ស័យថាមានការប្រកួតប្រជែងអំណាចគ្នារវាងថ្នាក់ដឹកនាំកំពូល ក្នុងជួរគណបក្សប្រជាជនកម្ពុជា។
បណ្ឌិត ហ៊ុន ម៉ាណែត បានសរសេរក្នុងបណ្តាញសង្គមនៅថ្ងៃទី១៣ មីនា ឆ្នាំ២០២៣ សម្តែងក្តីហួសចិត្តថា «មើលទៅមជ្ឈដ្ឋានប្រឆាំងអស់អ្វីនឹងលើកយ មកវាយប្រហារហើយ បានជាខំប្រឹងប្រឌិតរឿងប្លែកៗ ព្យាយាមមកបំបែកបំបាក់ផ្ទៃក្នុង របស់គេ រហូតដល់ទៅយកអត្ថបទមួយដែលសរសេរដោយជនបរទេសម្នាក់ដែលតែងសរសេរផ្អែកលើ មូលដ្ឋានចចាមអារ៉ាម។
ការសរសេរព្យាយាមធ្វើឱ្យមនុស្សសង្ស័យនេះ គឺនៅបន្ទាប់ពីទណ្ឌិត សម រង្ស៊ី បានប្រើល្បិចកលដ៏រាក់កំផែលមួយ ធ្វើជានិយាយគាំទ្រលោក ទៀ សីហា ដែលជាកូនប្រុសរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ជាបេក្ខភាពនាយករដ្ឋមន្ត្រី។
សម្តេចពិជ័យសេនា ទៀ បាញ់ បានហៅខ្លឹមសាររបស់គេហទំព័រ សម រង្ស៊ី ជាការញុះញង់បំបែកបំបាក់ជាតិ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានសរសេរថា «ខ្ញុំនិងក្រុមគ្រួសារនៅតែប្រកាន់ជំហរគាំទ្រទាំងស្រុងចំពោះឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត»។