ការបណ្តុះផ្នត់គំនិតកុមារឱ្យអានច្រើននឹងជួយឱ្យកាន់តែឆ្លាតវៃ និង មានសមត្ថភាព នៅពេលពេញវ័យ
ភ្នំពេញ ៖ បើទោះបីនាពេលបច្ចុប្បន្នកុមារកម្ពុជា ទទួលបានការរៀនសូត្រ និង ពិសេសទទួលនូវអ្វីថ្មីៗដែលជាបច្ចេកវិទ្យាទំនើបៗក៏ដោយ ប៉ុន្តែឪពុក ម្តាយនិងអ្នកជំនាញយល់ឃើញថា គេក៏ត្រូវការបន្ថែមទៀតនូវការបណ្តុះកុមារឱ្យមានទម្លាប់ការអានដែលនៅពេលពួកគេធំឡើង នឹងក្លាយជាធនធាន សម្រាប់សង្គម។
ជាទូទៅគេដឹងថា កុមារគឺជាផ្នែកយ៉ាងសំខាន់មួយដែលមិនអាចមើលរំលងបាន ពីព្រោះថា ពួកគេនឹងក្លាយជាធនធានមនុស្ស និង ក៏ជាទំពាំងស្នងឬស្សី របស់សង្គមជាតិនៅថ្ងៃអនាគត។
គួរបញ្ជាក់ថា ក្រសួងអប់រំយុវជន និង កីឡា និងសមាគមអ្នកបោះពុម្ពផ្សាយសៀវភៅនៅកម្ពុជា បានរៀបចំទិវាជាតិ អំណាន លើកទី ៨ ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី ១០ដល់ថ្ងៃទី១២ ខែមិនាឆ្នាំ២០២៣នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រោមប្រធានបទ«អំណានជាមាគ៌ាឆ្ពោះទៅបរិវត្តកម្ម វិស័យអប់រំ»។ ការរៀបចំទិវាជាតិអំណាននេះដែរធ្វើឡើងក្នុងគោលដៅពង្រឹងឡើងវិញ នូវវប្បធម៌ អំណាន ដើម្បីលើកកម្ពស់ អក្សរសាស្រ្តខ្មែរ និង ពិសេសជំរុញឲ្យប្រជាជនកម្ពុជា ចាប់យកសេចក្ដីស្រឡាញ់ ការអាន កាន់តែច្រើនឡើង។
លោក មឿន វុត្ថា ជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈកំពុងនាំកូនប្រុសរបស់ខ្លួនចូលរួម ទិវាជាតិ អំណាន លើកទី ៨ ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានឱ្យដឹងថាការនាំកូនតូចៗមកចូលរួមពិធីនេះ ដើម្បីបណ្តុះផ្តត់គំនិតរបស់ពួកគាត់ឱ្យចូលចិត្តសៀវភៅ ដែលជាផ្នែកមួយ ជួយពង្រឹងគ្រឹះមូលដ្ឋានការអានចាប់តាំងតែពីតូចៗទៅដល់ពេញវ័យ។
លោកបានរៀបរាប់ជុំវិញបញ្ហានេះថា”ការអានពិតជាមានសារៈសំខាន់ខ្លាំងណាស់ដែលជាការមួយជួយពង្រឹងមូលដ្ឋានគ្រឹះចំណេះដឹងរបស់កុមារចាប់តាំងតែពីតូចៗ ហើយនៅពេលធំឡើងពួកគាត់នឹងក្លាយជាធនធានមនុស្សដ៏រឹងមាំ សម្រាប់គ្រួសារក៏ដូចជាសង្គមជាតិ”។
ដោយឡែកបុរសមួយរូបទៀតគឺ លោក ឈូ ចំរើន បានបញ្ជាក់ប្រាប់ឱ្យដឹងថា៖ ជារៀងរាល់ថ្ងៃមុនចូលដំណេកពេលយប់លោកតែងតែអានសៀវភៅរឿងឱ្យកូនស្តាប់ ដែលការធ្វើដូច្នេះដើម្បីឱ្យកូនតូចរបស់លោកមានទម្លាប់ចង់អានសៀវភៅ។
បុរសដ៏ដែលរស់នៅ ក្រុងតាខ្មៅ ខេត្តកណ្តាល រូបនេះបានប្រាប់ឱ្យដឹងដែរថា រូបលោកជារៀងរាល់ថ្ងៃពុំមានទម្លាប់ឱ្យកូនតូចកាន់ទូរស័ព្ទដៃឡើយពីព្រោះលោកយល់ថា ជារឿងធ្វើឱ្យក្មេងញៀនពុំសូវផ្តល់សារៈប្រយោជន៍ក្នុងវ័យនេះទេ និងពិសេសអាចបណ្តាឱ្យប៉ះពាល់ដល់ភ្នែកដោយប្រការណាមួយផង។
ទាក់ទិនក្នុងរឿងនេះ លោកស្រី ទ្រី សម្ភស្ស ជាម្ចាស់គ្រឹះស្ថានបោះពុម្ភផ្សាយមួយរូប ហើយក៏ជាអ្នកផលិតសៀវភៅរឿងកុមារ និង អ្នកគូគំនូរកុមារបានឱ្យដឹងថា សៀវភៅសម្រាប់កុមារនេះមានសារៈយ៉ាងសំខាន់ដល់កុមារដោយក្នុងនេះបែងចែកជា៣ចំណុចគឺទី១ជួយបង្កើតភាពរីករាយ, ទី២បង្កើតចំណេះដឹង និងទី៣បង្កើតទំនាក់ទំនងរវាងមនុស្សចាស់និងកុមារ។
លោកស្រីបន្តឱ្យដឹងថា” តាមពិតជាទូទៅកុមារតែងចូលចិត្តអានសៀវភៅ តែបច្ចុប្បន្នដោយសារតែមានធុរៈការងារច្រើនទើបឪពុកម្តាយខ្លះ ចូលចិត្តឱ្យកូនតូចលេងទូរស័ព្ទដៃ។ទាំងអស់នេះវាអាស្រ័យលើឪពុកម្តាយមានន័យថា បើគាត់ឱ្យកុមារអានសៀវភៅអំណានគឺគាត់ឆាប់ចាប់បានណាស់ ផ្ទុយមកវិញកុមារដែលលេងឧបករណ៍ឌីជីថលគាត់នៅមួយកន្លែង ស្ងៀមស្ងាត់មិនសូវមានសកម្មភាពទេ។ ខ្ញុំចង់ឱ្យឪពុកម្តាយចំណាយពេលជាមួយកូនចៀសវាងឱ្យកូនលេងឧបករណ៍ឌីជីថលព្រោះវ័យកុមារចាប់ពីទើបនឹងកើតដល់១២ឆ្នាំ និងផុតពីហ្នឹងទៅគេចូលយុវវ័យហើយ។ ពួកគេលែងត្រូវការនៅក្បែរយើងទៀតហើយ ។ អញ្ចឹងអំឡុងពេលហ្នឹងយើងគប្បីនៅជាមួយកូនឱ្យបានច្រើន”។
ទាក់ទិនក្នុងរឿងនេះដែរ លោក ជា វ៉ាន់ថា នាយកប្រចាំប្រទេសអង្គការរូមធូរីដកម្ពុជា បានបញ្ជាក់ប្រាប់ថា៖ តាមការសិក្សាស្រាវជ្រាវឃើញថា ក្មេងស្រីតែងចូលចិត្តអានជាងក្មេងប្រុស ។ ក្នុងនេះគេឃើញថាក្មេងស្រីដែលទទួលបានមេដាយក្នុងការប្រកួតប្រជែងមានច្រើនជាងសិស្សប្រុស។
អ្នកជំនាញលើវិស័យអប់រំរូបនេះបានផ្តាំផ្ញើរប្រាប់ដល់ឪពុកម្តាយថា ការអានបានផ្តល់នូវមូលដ្ឋានគ្រឹះនៃចំណេះវិជ្ជា និង ពិសេសជួយឱ្យកុមារមានចំណេះដឹងទូលំទូលាយ ។
ជាមួយគ្នាលោកបានលើកឡើងដោយពន្យល់បន្ថែមថា ឪពុកម្តាយត្រូវតែធ្វើជាគំរូដល់កូនៗដោយក្នុងនេះត្រូវព្យាយាមរកសៀវភៅណាល្អៗមកទុកឱ្យកូនអាន ហើយបើកូនមិនចេះអានឪពុកម្តាយ ត្រូវព្យាយាមឱ្យកូនអាន ហើយព្យាយាមកាត់បន្ថយឱ្យកូនមើលទូរស័ព្ទឬមើលទូរទស្សន៍ហើយងាកមកអានសៀវភៅទើបជាការល្អបំផុត។
គួរបញ្ជាក់ថា ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡាបានថ្លែងក្នុងទិវាជាតិ អំណាន លើកទី ៨ ឆ្នាំ២០២៣នេះ យុវជនដែលជាអ្នកបន្តវេនត្រូវពង្រីកចំណេះដឹងរបស់ខ្លួនឱ្យបានទូលំទូលាយ ការអានដើម្បីបណ្ដុះទម្លាប់អានជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន ជំរុញវប្បធម៌អាន និងការតែងនិពន្ធសំដៅរួមចំណែកការពារ និងពង្រឹងវប្បធម៌ អរិយធម៌ខ្មែរ ដល់សិស្ស និស្សិត មន្ត្រីរាជការក៏ដូចជាប្រជាជនគ្រប់រូបក្នុងប្រទេសកម្ពុជា ៕ ដោយ ៖ ម៉ាដេប៉ូ