ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារីប្រចាំឆ្នាំ របស់អង្គការផ្កាយសមុទ្រជាឱកាស សម្រាប់កីឡាការិនីបញេ្ចញសមត្ថភាព និងពង្រឹងភាពក្លាហាន

ភ្នំពេញ ៖ ប្រធានអង្គការផ្កាយសមុទ្រកម្ពុជា បានអះអាងថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារីប្រចាំឆ្នាំ របស់អង្គការផ្កាយសមុទ្រជាឳកាស សម្រាប់កីឡាការនីបញេ្ចញសមត្ថភាព និងពង្រឹងភាពក្លាហាន។

ដើម្បីចូលរួមអរសាទរទិវាសិទ្ធិនារី ៨មីនា ឆ្នាំ២០២៣ អង្គការផ្កាយសមុទ្រកម្ពុជា បានបង្កើតព្រឹត្តិការណ៍បាល់ទាត់ ដែលអនុញ្ញាតឲ្យក្រុមនារីចូលរួមចំនួន ៣៩ក្រុមសរុបកីឡាការិនី ៤៦៨នាក់មកពី ៩រាជធានី ខេត្ត ។

អ្នកស្រី ជួប វិច្ឆិកា ប្រធានអង្គការផ្កាយសមុទ្រកម្ពុជា បានបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់នេះ មានកីឡាការិនីចូលរួម៣ប្រភេទអាយុ គឺកីឡាការិនីក្រោមអាយុ១៨ឆ្នាំ អាយុក្រោម១៤ឆ្នាំ និងអាយុក្រោម១០ឆ្នាំ ក្នុងគោលបំណងផ្តល់ឱកាសឲ្យកីឡាការិនីដែលបានហ្វឹកហាត់កីឡាបាល់ទាត់បានប្រកួតបញ្ចេញសមត្ថភាពនិងសម្រេចក្តីស្រមៃរបស់ខ្លួនក្នុងវិស័យកីឡា ក៏ដូចជារួមចំណែកជំនះឧបសគ្គយេនឌ័រនានា ដែលផ្តល់ផលប៉ះពាល់ដល់ពួកគេផងដែរ ។

លោក ស្រី ប្រធានអង្គការ បានបញ្ជាក់ទៀតថា នៅកម្ពុជា ស្ត្រី និងកុមារីមិនសូវមានឱកាសបានចូលរួមក្នុងសកម្មភាពកីឡានោះទេ ហើយមនុស្សភាគច្រើនគិតថា កីឡាគឺសម្រាប់តែបុរសប៉ុណ្ណោះ ។ តាមរយៈ ការស្រាវជ្រាវក្នុងសហគមន៍មូលដ្ឋានបានបង្ហាញថា កុមារីជាញឹកញាប់មានទឹកចិត្តស្រលាញ់ចូលចិត្ត និងចង់លេងបាល់ទាត់យ៉ាងខ្លាំង ។

តែវាជារឿងមួយគួរឲ្យសោកស្តាយ ដែលក្តីស្រមៃរបស់ពួកគេត្រូវបានរារាំងដោយសារតែភាពក្រីក្រ ទំនៀមទំលាប់ និងផ្នត់គំនិតមិនសមហេតុផល និងផ្តល់តម្លៃឲ្យ បុរសខ្ពស់ជាង ។ ដោយសារតែហេតុផលខាងលើនេះហើយ ទើបអង្គការផ្កាយសមុទ្របានផ្តួចផ្តើម រៀបចំព្រឹត្តិការណ៍បាល់ទាត់កុមារីនេះឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងលើកកម្ពស់ការចូលរួម របស់ស្ត្រី និងកុមារីក្នុងវិស័យបាល់ទាត់ ។

សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ ដើម្បីចូលរួមលើកកម្ពស់តម្លៃស្រ្តីក្នុងវិស័យកីឡាបាល់ទាត់នេះ អង្គការផ្កាយសមុទ្របានបង្កើតឡើង ចាប់តាំងពីឆ្នាំ២០០៦មក គិតមកត្រឹមឆ្នាំ២០២៣ រៀបចំបាន១៣លើកហើយ បានជួយលើកកម្ពស់សមភាពយេនឌ័រ ដោយលើកទឹកចិត្តឲ្យស្រ្តី និងកុមារីចូលរួមក្នុងវិស័យបាល់ទាត់ឲ្យកាន់តែច្រើន ដោយហេតុថា ឱកាសក្នុងការលេងបាល់ទាត់សម្រាប់ស្រ្តី និងកុមារីក្រីក្រនៅកម្ពុជាស្ទើរតែមិនមាននោះទេ ដោយនេះក៏បណ្តាលមកពីផ្នត់គំនិតមិនសមហេតុផលមួយចំនួនចំពោះស្ត្រីផងដែរ ៕ អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner