សម្ដេចតេជោ ហ៊ុន សែន បង្ហាញសៀវភៅអាថ៍កំបាំងមួយក្បាល តែសៀវភៅនេះ មានចំណុចពាក់ព័ន្ធនឹងរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» តិចតួចប៉ុណ្ណោះ

ភ្នំពេញ៖ ថ្លែងក្នុងពិធីសម្ពោធការចាក់ផ្សាយភាពយន្តប្រវត្តិសាស្រ្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាមបង្ហាញសៀវភៅអាថ៌កំបាំងមួយក្បាល តែសៀវភៅនេះ មានចំណុចពាក់ព័ន្ធនឹងរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» តិចតួចប៉ុណ្ណោះ។

សម្ដេចបន្តថា ខ្លឹមសារក្នុងសៀវភៅ មានរឿងរ៉ាវអាថ៌កំបាំងជាច្រើន ប៉ុន្តែតាមរយៈក្របសៀវភៅដែលសម្ដេចលើកបង្ហាញ មហាជនអាចឃើញបានថា សៀវភៅនោះ មានផ្ទៃក្របពណ៌ស ដោយមានរូបសម្ដេច កាន់ឯកសារមួយ លើកបង្ហាញ។ ក្រៅពីរូបសម្ដេច ដែលទំនងជាអង្គុយធ្វើបទឧទ្ទេសនាមនៅកន្លែងណាមួយ លើក្របសៀវភៅកម្រាស់ប្រហែល ៤ទៅ ៥រយទំព័រនោះមានខ្លឹមសារថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បទឧទ្ទេសនាម ប្រវត្តិសាស្ត្រកម្ពុជា (មិថុនា ១៩៧៧ ដល់ ធ្នូ ១៩៩៨)។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា ខ្លឹមសារក្នុងសៀវភៅនេះ ត្រូវបានរៀបចំឡើងចេញពីវីដេអូដែលសម្ដេច បានថ្លែងប្រមាណជាង ៣០ម៉ោង ។ សម្ដេច ថា ខ្លឹមសារក្នុងសៀវភៅនេះ មានចំណុចពាក់ព័ន្ធនឹងរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» តិចតួចប៉ុណ្ណោះ ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបន្ថែមថា ប៉ុន្តែសៀវភៅនេះ គឺមិនអាចផ្សាយក្នុងពេលនេះបានទេ គឺផ្សាយក្នុងរយៈពេលយ៉ាងតិចណាស់ ១០ឆ្នាំទៀត ទើបអាចផ្សាយបាន ព្រោះមានអាថ៌កំបាំងច្រើនណាស់នៅទីនេះ ហើយវាក៏មិនអាចបញ្ចេញតាមខ្សែភាពយន្ត កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី បានដែរ ។

សម្ដេចតេជោ បានបញ្ជាក់ថា សៀវភៅនេះ មានព័ត៌មានក្នុងចន្លោះពីឆ្នាំ១៩៧៧ ដល់ចន្លោះឆ្នាំ២០០៣-២០០៤ និង២០០៥ ប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ ការបញ្ជាក់នេះ ហាក់ខុសគ្នាបន្តិច នឹងខ្លឹមសារលើក្របសៀវភៅ ដែលដាក់ថាចន្លោះពីឆ្នាំ១៩៧៧ដល់ឆ្នាំ១៩៩៨។

សម្ដេចបានថ្លែងអះអាងអំពីសៀវភៅអាថ៌កំបាំងនេះ និងរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ថា ខ្លឹមសារនៃសាច់រឿងនេះ មានប្រមាណ ៣០ភាគរយ នៃបញ្ហាតែប៉ុណ្ណោះ ជាក់ស្ដែង សម្ដេច ឆ្លងកាត់សមរភូមិចំនួន ១០៥សមរភូមិ ប៉ុន្តែរឿងនេះ បង្ហាញតែ ៥ឈុតប៉ុណ្ណោះ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner