សម្ដេចតេជោ ហ៊ុន សែន ៖ ការសម្រេចចិត្តខុសរបស់អ្នកនយោបាយដែលធ្វើរដ្ឋប្រហារ បានធ្វើឱ្យពលរដ្ឋក្លាយជាចំណាប់ខ្មាំងនៃសង្គ្រាម

ភ្នំពេញ៖ ថ្លែងក្នុងពិធីសម្ពោធការចាក់ផ្សាយភាពយន្តប្រវត្តិសាស្រ្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានមានប្រសាសន៍ថា ការសម្រេចិត្តខុសរបស់អ្នកនយោបាយ ដែលសម្រេចចិត្តធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្ដម សីហនុ បានធ្វើឱ្យពលរដ្ឋក្លាយជាចំណាប់ខ្មាំងនៃសង្គ្រាម។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អាយុជីវិតរបស់សម្តេច ត្រូវយកទៅដូរជាមួយនឹងការរស់រានមានជីវិតរបស់ប្រជាជនកម្ពុជា និងដូរយកសន្តិភាពជូនប្រទេសជាតិផងដែរ។

ដោយសារតែឆ្លងកាត់នូវទុក្ខសោកយ៉ាងលំបាក នៃភ្លើងសង្គ្រាមរ៉ាំរ៉ៃកាលពីអតីតកាលនោះ សម្ដេចតេជោ នាយករដ្ឋមន្ដ្រីកម្ពុជា ដែលយកជីវិតធ្វើដើមទុនដើម្បីរំដោះជាតិចេញពីភ្លើងសង្គ្រាម បានប្ដូរផ្ដាច់ការពារសន្ដិភាព ដែលកម្ពុជាកំពុងមាននៅពេលបច្ចុប្បន្ននេះ។ សម្ដេច បានអះអាងថា នឹងមិនយោគយល់ជាដាច់ខាតចំពោះជនទាំងឡាយណាដែលចង់បំផ្លាញសន្ដិភាពរបស់កម្ពុជា។

សម្ដេចតេជោ បានមានប្រសាសន៍ថា រឿងឈឺចាប់ទាំងអស់នេះហើយ ដែលខ្ញុំត្រូវតែក្បាលរឹងជាមួយអ្នកដែលបំផ្លាញសន្ដិភាព ត្រូវចាំ ទឹកភ្នែករបស់ ហ៊ុន សែន នៅពេលដែលស្រក់ អ្នកកុំសង្ឃឹមថា ហ៊ុន សែន អាចយោគយល់ដល់អ្នកបំផ្លាញសន្ដិភាពរបស់កម្ពុជា។ គេត្រូវយល់ ខ្ញុំមិនភ្លើតភ្លើនជាមួយអំណាច ហើយក៏មិនទុកឲ្យអ្នកដែលចេតនាបំផ្លាញសន្ដិភាពនេះ អាចធ្វើអ្វីស្រេចតែចិត្តនោះទេ គេត្រូវយល់ ត្រូវដឹងពីរឿងនេះ មិនថាដោយតម្លៃណាត្រូវការពារសន្ដិភាពឲ្យបាន។

សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ទុក្ខសោកដែលសម្ដេចធ្លាប់បានឆ្លងកាត់ ហើយស្ដែងឡើងខ្លះៗ តាមរយៈរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» នោះ ប្រៀបដូចជានិមិត្តរូប នៃទុក្ខសោកប្រជាជនកម្ពុជាទាំងមូល។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បញ្ជាក់ថា ផ្តើមចេញពីការយកជីវិតធ្វើដើមទុនរបស់សម្តេចនោះហើយ ទើបប្រទេសជាតិមានសន្តិភាពដូចសព្វថ្ងៃនេះ ហើយសម្តេចបានយកក្បាលរបស់សម្តេច ទៅដូរជាមួយនឹងការរស់រានមានជីវិតរបស់ប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា កាន់តំណែងរដ្ឋរយៈពេលជាង៤០ឆ្នាំហើយ ៨០ភាគរយ នៃយល់សុបិន គឺរឿងពីអតីតកាលនេះ ហើយទឹកភ្នែកសម្តេចតែងតែហូរជានិច្ចនៅពេលស្តាប់ចម្រៀង ទុក្ខស្រីប្តីព្រាត់ អនិច្ចាកូនកំសត់ និងសំបុត្រដែលពិបាកសរសេរបំផុត។ ទោះបីត្រូវហូរទឹកភ្នែក តែសម្តេចនៅតែស្តាប់ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner