ស្រីលង្កាស្រូបទាញចំណូល ១៦៩.៩លានដុល្លារ ពីវិស័យទេសចរណ៍ ក្នុងខែកុម្ភៈឆ្នាំនេះ
កូឡុំកូ៖ រដ្ឋមន្រ្តីទេសចរណ៍ស្រីលង្កា លោក Harin Fernando នៅថ្ងៃទី១៣ ខែមីនានេះ បានថ្លែងថា ប្រទេសស្រីលង្ការកចំណូលបានប្រមាណ ១៦៩.៩លានដុល្លារពីវិស័យទេសចរណ៍ក្នុងខែកុម្ភៈ ឆ្នាំ២០២៣ ខណៈតួលេខនេះ តំណាងឱ្យការកើនឡើងពី ១៦៩.៤លានដុល្លារកាលពីឆ្នាំមុន។
រដ្ឋមន្ត្រីទេសចរណ៍ស្រីលង្កា លោក Harin Fernando បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ភ្ញៀវទេសចរជាង ២១០,០០០នាក់បានមកដល់ប្រទេសស្រីលង្កាក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២៣នេះ ជាមួយនឹងប្រាក់ចំណូល ៣៣១,៧លានដុល្លារ។
ប្រទេសអាស៊ីខាងត្បូងមួយនេះ បានកត់ត្រាការមកដល់របស់ភ្ញៀវទេសចរចំនួន ១០២,៥៤៥នាក់ ក្នុងខែមករា និង ១០៧,៦៣៩នាក់នៅខែកុម្ភៈ ឆ្នាំ២០២៣។បើតាមរដ្ឋមន្ត្រីទេសចរណ៍ស្រីលង្កា ចំនួនភ្ញៀវទេសចរណ៍គិតមកទល់ថ្ងៃទី៨ ខែមីនានេះ មានចំនួន ២៣៤,៥៤៧នាក់ កើនឡើង ៩.៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទិន្នន័យរបស់អាជ្ញាធរអភិវឌ្ឍន៍ទេសចរណ៍ស្រីលង្កា បានឱ្យដឹងថា រុស្ស៊ី ឥណ្ឌា និងអាល្លឺម៉ង់ គឺជាទីផ្សារទេសចរណ៍កំពូលទាំងបីរបស់ប្រទេសស្រីលង្កា គិតមកទល់ខែមីនា ឆ្នាំ ២០២៣នេះ។ ផែនការសម្រាប់ថ្ងៃអនាគត ប្រទេសស្រីលង្កាមានបំណងទាក់ទាញភ្ញៀវទេសចរប្រមាណ ១,៥លាននាក់ក្នុងឆ្នាំនេះ និង ៣លាននាក់ក្នុងឆ្នាំ ២០២៤ខាងមុខ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា